អន្តរជាតិ
មូលហេតុ​ដែល Silicon Valley របស់​វៀតណាម​នឹងមិន​ដូច​នៅ​កាលីហ្វ័រ​ញ៉ា​
06, Jul 2020 , 7:59 pm        
រូបភាព
តំបន់​មួយ​ក្នុង​ទីក្រុង​ហូជីមិញ​ត្រូវ​បាន​គេ​រៀបចំ​ជា​សង្កាត់​ហិរញ្ញវត្ថុ​។
តំបន់​មួយ​ក្នុង​ទីក្រុង​ហូជីមិញ​ត្រូវ​បាន​គេ​រៀបចំ​ជា​សង្កាត់​ហិរញ្ញវត្ថុ​។
ដោយ: VOA
​តៃប៉ិ កោះ​តៃវ៉ាន់ ៖ ក្រុង​ហូជីមិញ​ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​វៀតណាម​បាន​បម្រុង​ដី​មួយកន្លែង​ទុក​សម្រាប់​អភិវឌ្ឍ​អ្វីដែល​ប្រជាជន​ក្នុងស្រុក​ហៅថា​តំបន់ «Silicon Valley» ថ្មី ដែល​សំដៅទៅ​តំបន់​មួយ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ដែល​បច្ចេកវិទ្យា​ថ្មីៗ​ត្រូវបាន​អភិវឌ្ឍ​នៅ​ទីនោះ ប៉ុន្តែ​មិនមាន​ច​រឹត​លក្ខណៈ​ដូច​កាលីហ្វ័រ​ញ៉ា​ទេ​ដោយសារ​មានដូចជា​ផែនការ​រដ្ឋ​និង​កង្វះ​ក្រុមហ៊ុន​បណ្តាក់ទុន​ជាដើម​។​

 
​មន្ទីរ​កិច្ចការ​ផ្ទៃក្នុង​ក្នុង​ទីក្រុង​ហូជីមិញ​បានដាក់​ស្នើ​ផែនការ​មួយ​កាលពី​ខែឧសភា​ទៅកាន់​គណៈកម្មាធិការ​គ​ណ​បក្ស​កុម្មុយនីស្ត​របស់​ទីក្រុង​នោះ​ដើម្បី​សុំ​ឲ្យ​រួមបញ្ចូល​ស្រុក​ចំនួន​បី​ជា​តំបន់​តែមួយ​ដើម្បី​ការអភិវឌ្ឍ ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក VnExpress International​។​
 
​ផែនការ​នោះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​០៨ ខែឧសភា​រវាង​មន្ត្រី​ក្នុង​ទីក្រុង​ហូជីមិញ​និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc នេះ​បើ​យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​។​
 
​ថ្នាក់ដឹកនាំ​នៃ​ទីក្រុង​ហូជីមិញ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៧​ដើម្បី​រៀបចំ​ដី​ទំហំ​២២.០០០​ហិកតា​សម្រាប់​ទាញយក​កម្រៃ​ពី​ការស្រាវជ្រាវ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ យោងតាម​ភ្នាក់ងារ​សារព័ត៌មាន​ដដែល​។ ប្រជាជន​ជាង​១​លាន​នាក់​កំពុង​រស់នៅ​លើដី​តាម​បណ្តោយ​ដង​ទន្លេ​សៃ​ហ្គ​ន​រួចជាស្រេច​។​
 
​បើ​យោងតាម​អ្នកវិភាគ​នៅ​ទីតាំង​ផ្ទាល់ ទីតាំង​នោះ​នឹង​ទាក់ទាញ​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ និង​អ៊ីនធឺណិត​ខ្លាំង​រួមមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជាង​៤០​ក្រុមហ៊ុន និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងនោះ​ដែល​ពួកគេ​សង្ឃឹមថានឹង​បានរស់នៅ​ក្បែរ​កន្លែងធ្វើកា​រ​។ តំបន់​នោះ​នឹង​ចេញ​ជា​រូបរាង​ខណៈដែល​ជនជាតិ​វៀតណាម​ដែលមាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ក្នុង​វ័យ​២០​ឆ្នាំ​ឡើង​ចាប់ផ្តើម​ក្រុមហ៊ុន​របស់ខ្លួន​។​
 
​លោក Jack Nguyen ដៃគូ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Mazars ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា​៖
 
«​ជនជាតិ​វៀតណាម​មាន​ភាពជា​សហ​គ្រិន​ខ្លាំងណាស់​។ ពួកគេ​បានឃើញ​ពី​ភាពជោគជ័យ​នៅ​ប្រទេស​ផ្សេងទៀត ឬ​នៅ​សហរដ្ឋអាមេរិក ពួកគេ​នឹង​ព្យាយាម​ធ្វើ​វា​ដែរ​នៅទីនេះ​ក្នុងប្រទេស​វៀតណាម​»​។​
 
​លោក Nguyen បន្ថែមថា សហគ្រិន​វៀតណាម​ដែល​ខ្លះ​ទទួល​ការអប់រំ​នៅក្រៅ​ប្រទេស កំពុង​ទាញយក​ប្រយោជន៍​ពី​វប្បធម៌ «​ចល័ត​» ដ៏​ធំ​មួយ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ក៏ដូចជា​ពី​វិស្វករ​ក្នុងស្រុក​ដែលមាន​ប្រាក់ខែ​ទាប​ឲ្យ​កសាង​មូលដ្ឋាន​របស់​ពួកគេ​ក្នុង​ទីក្រុង​ហូជីមិញ​។​
 
​តំបន់​បច្ចេកវិទ្យា​ហូជីមិញ​រួមមាន​មួយ​ភាគ​តូច​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្ទះល្វែង​ទំនើបៗ និង​សាកលវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​មួយ​នៅក្បែរនោះ​។ អ្នកស្រី Phuong Hong ប្រជាជន​ម្នាក់​ដែល​រស់នៅក្នុង​តំបន់​នោះ បាន​និយាយថា​ផលប្រយោជន៍​ទាំងនោះ​គួរតែ​ធ្វើ​ឲ្យ​តំបន់​នោះ​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​។​
 
​អ្នកស្រី​និយាយ​សំដៅទៅ​ទីតាំង​រដ្ឋបាល​ចំនួន​បី​ដែល​នឹងត្រូវ​រួមបញ្ចូល​គ្នា​ថា​៖ «​ស្រុក​ទាំងបី​នេះ​មាន​របៀប​រស់នៅ​និង​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ងាយស្រួល​»​។​
 
​អ្នកធ្វើការ​ផ្នែក​បច្ចេកវិទ្យា​នឹង​អាច​ទាញយក​ផលប្រយោជន៍​ពី​ភាពងាយស្រួល​នោះ នេះ​បើ​យោងតាម​លោក Frederick Burke ដៃគូ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ប្រចាំ​នៅ​ទីក្រុង​ហូជីមិញ​។​
 
​លោក Burke បាន​និយាយថា​៖ «​ការណ៍​ដែល​ពួកគេ​ផ្តល់នូវ​ការលើកទឹកចិត្ត​បន្ថែម​ដើម្បី​ដាក់​ទីតាំងនៅ​ទីនោះ​បង្កើតជា​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ដែលមាន​បុគ្គលិក​ខ្លះ​រស់នៅក្នុង​តំបន់​នោះ​។ ដូច្នេះ​វិស្វករ​ម្នាក់​អាច​ប្តូរ​ពី​ការងារ​មួយ​ទៅ​ការងារ​មួយទៀត​ដោយ​ងាយស្រួល​»​។​
 
​មេដឹកនាំ​រដ្ឋាភិបាល​វៀ​ត​ណា​ម​បាន​ព្យាយាម​អស់​មួយ​ទសវត្សរ៍​ដើម្បី​ប្តូរ​សេដ្ឋកិច្ច​ផ្អែកលើ​ការនាំចេញ​របស់​វៀតណាម​ឲ្យ​ងាក​ចេញពី​ទំនិញ​ថោកៗ​ដូចជា​ស្បែកជើង​និង​សម្លៀកបំពាក់​ទៅរក​ទំនិញ​ដែលមាន​ចំណូល​ខ្ពស់ជាង​ដូចជា​គ្រឿង​អេឡិចត្រូនិក​។​
 
​អ្នកវិភាគ​និយាយថា គម្រោង​របស់​រដ្ឋាភិបាល​ថ្នាក់ក្រុង​និង​ថ្នាក់ជាតិ​អាច​នឹង​ដឹកនាំ​ការបង្កើត​តំបន់​បច្ចេកវិទ្យា ដែលជា​ចំណុច​ខុសគ្នា​ចម្បង​មួយ​ធៀប​នឹង​ការអភិវឌ្ឍ​ដោយ​គ្មាន​ការរៀបចំ​ដូច Silicon Valley នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​
 
​លោក Lam Nguyen នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​បច្ចេកវិទ្យា​IDC Indochina ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា​៖
 
«​អ្វីដែល​យើង​នឹង​ឃើញថា​ជា​ភាពខុសគ្នា​សំខាន់ៗ​រវាង​តំបន់​ទាំងពីរ​នោះ​គឺ គម្រោង​របស់​ទីក្រុង​ហូជីមិញ​នឹង​ជា​ចង្កោម​មួយ​ដែល​ជ្រើសរើស​ក្រុមហ៊ុន​សាកល​និង​ក្នុង​តំបន់​ជាច្រើន​ហើយ​ជាទី​ដែល​ឥរិយាបទ​សហគ្រិន​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​ខណៈដែល​តំបន់ Silicon Valley​នៅ​អាមេរិក​បាន​រីកដុះដាល​ពី​អ្នកជំនាញ​ក្នុងស្រុក​ហើយ​ត្រូវបាន​ជំរុញ​ដោយ​និន្នាការ​ឧស្សាហកម្ម​និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​»​។​
 
​ផែនការ​របស់​រដ្ឋរ​ហូត​មកដល់​បច្ចុប្បន្ន​នេះ​បានផ្តល់​សេវា​អ៊ីនធឺណិត​។ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​IDC Indochina បាន​និយាយថា​ការរីកដុះដាល​នៃ​តំបន់​នេះ​នឹង​តម្រូវ​ឲ្យ​មន្ត្រី​ក្នុងស្រុក​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​លោក​បន្តថា តំបន់​នោះ​នឹង​ត្រូវការ​ការលើកទឹកចិត្ត​ខាង​ពន្ធ​ដំណើរ​ការផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាន់តែ​ប្រសើរ និង​ទីតាំង​ល្អ​ដើម្បី​ទាក់ទាញ​អ្នក​ចំណូល​ថ្មី​។​
 
​លោក Lam Nguyen និយាយថា​អ្នកវិនិយោគ​ផ្នែក​បច្ចេកវិទ្យា​នឹង​ពេញចិត្ត​ចំពោះ​ការចំណាយ​ទាប​នៅ​វៀតណាម​។​
 
​អ្នក​អង្កេត​ការ​ក្នុងប្រទេស​និយាយថា តំបន់​បច្ចេកវិទ្យា​វៀតណាម​នឹង​ប្រឈម​នឹង​កង្វះ​ក្រុមហ៊ុន​វិនិយោគ ការទិញ​ភាគហ៊ុន​ទាំងស្រុង និង​ការបរាជ័យ បន្ទាប់មក​មានការ​ចាប់​ផ្តើម​ក្រុមហ៊ុន​ឡើងវិញ​។ ស្ថាបនិក​ក្រុមហ៊ុន​ចាប់ផ្តើម​ថ្មី​ជាច្រើន​មានគំនិត​ប៉ុន្តែ​ខ្វះ​ទុន នេះ​បើ​យោងតាម​លោក Jack Nguyen​។ លោក​បន្ថែមថា ពួកគេ​ស្វែងរក​មូលនិធិ​ពី​ក្រៅប្រទេស​។​
 
​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង San Francisco ដែល​ត្រូវបាន​គេ​ស្គាល់​ថា​«Silicon Valley» បាន​ក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​បច្ចេកវិទ្យា​តាំងពី​អំឡុង​ឆ្នាំ​១៩៥០ នៅពេលដែល​ព្រឹទ្ធបុរស​ម្នាក់​នៃ​សាលា​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ Stanford បាន​លើកទឹកចិត្ត​ឲ្យ​សមាជិក​នៃ​មហាវិទ្យាល័យ​ចាប់ផ្តើម​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​។​
 
​ទំហំ​សេដ្ឋកិច្ច​នៃ​តំបន់ Silicon Valley តាម​ការប៉ាន់ស្មាន​គឺ​ខ្ពស់ជាង​ការរំពឹងទុក ដែលមាន​ចំនួន​ប្រមាណ ២៧៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ហើយ​វា​គឺជា​តំបន់​មួយ​ដែល​ថ្លៃ​ខ្លាំង​បំផុត​ក្នុងចំណោម​តំបន់​ថ្លៃៗ​ផ្សេងទៀត​ក្នុង​សហរដ្ឋអាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com