COVID-19
អន្តរជាតិ
អូស្ត្រាលី បិទព្រំដែនរវាងរដ្ឋពីរ ក្រោយករណីឆ្លង COVID-19 កើនឡើង ប៉ូលិសអូស្ត្រាលីឈរយាមខាងមុខអាគាររស់នៅដែលត្រូវបិទដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ក្នុងទីក្រុង Melbourne ។ រូបភាព AFP
× ព្រំដែនរវាងរដ្ឋពីររបស់អូស្ត្រាលី គឺ Victoria និង New South Wales នឹងត្រូវបិទដោយគ្មានរយៈពេលកំណត់ បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 បានហក់ឡើងក្នុងរដ្ឋ Victoria ។ រដ្ឋទាំងពីរនេះ ជាតំបន់ដែលមានប្រជាជនច្រើននៅអូស្ត្រាលី។
ចាប់ពីម៉ោង១១ និង៥៩នាទីយប់ថ្ងៃទី៧ ខែកក្កដាតទៅ ព្រំដែនរវាងរដ្ឋ Victoria និង New South Wales នឹងត្រូវបិទ។ នេះជាការប្រកាសនៅថ្ងៃទី៦ ខែកក្កដារបស់លោក Daniel Andrews នាយករដ្ឋមន្ត្រីនៃរដ្ឋ Victoria ដែលធ្វើឡើងក្រោយករណីឆ្លង COVID-19 ក្នុងរដ្ឋរបស់លោកបានកើនឡើងខ្លាំងគួរឲ្យបារម្ភ។
ក្នុងទីក្រុង Melbourne ដែលជាទីក្រុងធំជាងគេរបស់រដ្ឋ Victioria ករណីឆ្លងថ្មី បានកើនឡើងចំនួន១២៧នាក់ដែលជាការកើនឡើងច្រើនបំផុតក្នុងរដ្ឋនេះតាំងពីផ្ទុះករណីឆ្លងមក។ ករណីស្លាប់ម្នាក់ ក៏ត្រូវបានរាយការណ៍នៅរយៈពេល២៤ម៉ោងចុងក្រោយដែរ។
ករណីឆ្លងនៅទីក្រុងដ៏មានប្រជាប្រិយមួយនេះ បានកើនឡើងប៉ុន្មានថ្ងៃមកហើយ។ អាជ្ញាធរទីក្រុងនេះ បានចេញបញ្ជាឲ្យប្រជាជនរក្សាគម្លាតសុវត្ថិភាពឲ្យម៉ត់ចត់។ នៅថ្ងៃទី៥ ខែកក្កដា ប្រជាជនរាប់ពាន់នាក់ផ្សេងទៀតដែលរស់នៅអាគារខ្ពស់ចំនួន៧ ក៏ត្រូវបានបញ្ជាមិនឲ្យចាកចេញពីផ្ទះយ៉ាងហោចណាស់៥ថ្ងៃដែរ។ ជាមួយគ្នានេះ ប៉ូលិស ក៏ត្រូវបានពង្រាយដើម្បីឃ្លាំមើលការអនុវត្តបញ្ជាបិទការធ្វើដំណើរនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Andrews អះអាងថា បញ្ជាមិនឲ្យចេញពីផ្ទះនេះ ជាបញ្ហាប្រឈមមួយ ព្រោះអាជ្ញាធរត្រូវផ្គត់ផ្អង់អាហារ និងគ្រឿងប្រើប្រាស់សម្រាប់ប្រជាជនប្រមាណបីពាន់នាក់ ក៏ដូចជាកម្លាំងប៉ូលិសផងដែរ។
សូមបញ្ជាក់ថា កន្លងទៅ អូស្ត្រាលី និងអ្នកជិតខាង នូវែលសេឡង់ បានចៀសផុតពីការឆ្លងទ្រង់ទ្រាយធំក្នុងប្រទេស នៅពេលដែលប្រទេសជាច្រើន រងគ្រោះខ្លាំង។ គិតត្រឹមថ្ងៃទី៦ ខែកក្កដា អូស្ត្រាលីដែលមានប្រជាជន២៥លាននាក់ មានករណីឆ្លងប្រមាណ៨៣០០ ហើយស្លាប់ជាងមួយរយនាក់ ដែលជាតួលេខទាបមួយ៕
Tag:
អូស្ត្រាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com