ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ចុះខេត្តលើកដំបូង ក្រោយ​ខកខាន​ជាង​៣​ឆ្នាំ​
06, Jul 2020 , 10:13 am        
រូបភាព
​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចេញពី​គេហដ្ឋាន​ជា​លើកដំបូង ទៅ​ទស្សនា​ចម្ការ​ផ្លែ​ស្រកានាគ នា​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។ រូបភាព​លោក កឹម សុខា ត្រូវបាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កដោយ​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក កាលពី​ថ្ងៃទី​៥ កក្កដា​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ចាន់ ចេ​ន បាន​បញ្ជាក់ថា គោលបំណងដែលលោក កឹម សុខា ចុះខេត្តនេះ គឺដើម្បី​ពិនិត្យ​ស្វែងយល់​ពី​ផលដំណាំ និង​ជីវភាព​កសិករ ក្នុងអំឡុងពេលជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក​​។ បើតាម​មេធាវី​ការពារ​ក្តី​រូបនេះ ​ដំណើរ​ចុះតាម​មូលដ្ឋាន​លើកដំបូង របស់លោក កឹម សុខានេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ច្បាប់​នោះទេ​។ មេធាវី​រូបនេះ បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​ធ្វើការ​ពន្យល់​អំពី​ច្បាប់​ដល់​អស់លោកអ្នក​ដែល​មិនដឹង ឬ​ដឹង​ហើយ​ធ្វើជា​មិនដឹង​។ ឯកឧត្តម កឹម សុខា មិនមែនជា​ទណ្ឌិត ឬ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ក្បត់ជាតិ​នោះទេ ហើយ​ពេលនេះ​មិនមាន​ច្បាប់​ណា​ដែល​ហាម ឯកឧត្តម កឹម សុខា មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នោះទេ គឺ​គេ​ហាម​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស​តែប៉ុណ្ណោះ ។ ដូច្នេះ​ការដើរ​ហើរ ឬ​ចេញទៅ​ខាងក្រៅ​ផ្ទះ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស វា​ជា​សេរីភាព​របស់​ឯកឧត្តម កឹម សុខា​»​។​


 
​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លុប​បម្រាម​២​ចំណុច​ចេញពី​លោក កឹម សុខា គឺ​បម្រាម​មិន​ឲ្យ​លោក​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ និង បម្រាម​មិន​ឲ្យ​លោក​ជួប​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។​
 
​ក្នុងន័យនេះ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក កឹម សុខា អាច​ចេញ​ក្រៅ​ជួប​គ្រប់​អ្នកនយោបាយ និង​សហការី​របស់លោក​ពីមុនៗ ក៏ដូចជា​ចុះទៅ​​ជួប​ប្រជាពលរដ្ឋ​ផងដែរ លើកលែងតែ​ចេញ​ក្រៅប្រទេស​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​លោក ជិន ម៉ា​លីន សង្កត់ធ្ងន់ថា រាល់​ជំនួប​ទាំងនោះ លោក កឹម សុខា មិនត្រូវ​និយាយ​ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​ជួប​ក្នុងន័យ​សួរសុខទុក្ខ ជួប​សំណេះសំណាល និង ជាការ​នឹករលឹក​ធម្មតា មិនមាន​ចេតនា​នយោបាយ ឬក៏​រៀបចំ​ផែនការ​សកម្មភាព​នយោបាយ គឺ​មិន​អី​ទេ​»​។​
 
​ជាង​៣​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា មិនបាន​ចុះទៅ​មូលដ្ឋាន បើ​គិត​ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ គ្រា​ដែល​រូបលោក ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​១​ឆ្នាំ មុននឹង​ផ្ទេរ​មក​ឃុំ​នៅក្នុង​ផ្ទះ​វិញ  នៅ​ឆ្នាំ​២០១៨​។ លោក កឹម សុខា បាន​ត្រឹម​ជួប​មន្ត្រី​ទូត និង​បរទេស​នានា នៅក្នុង​គេហដ្ឋាន​ប៉ុណ្ណោះ ក្រោយ​មាន​ការដក​បម្រាម​ចេញ​ក្រៅ​ផ្ទះ ហើយ​អនុញ្ញាតឱ្យ​លោក អាច​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ និង​មន្ត្រី​អតីត​បក្ស​ក្តី​។​
 
​សំណុំរឿង​លោក កឹម សុខា ក៏​ត្រូវបាន​តុលាការ បើក​សវ​នា​ជំនុំជម្រះ​ផងដែរ​។ ប៉ុន្តែ​សវ​នា​ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​៕



Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com