ពីនេះ ពីនោះ
សុខភាព
ងាយ​ណាស់​! ចង់បាន​ស្បែ​កស​ជាង​មុន​បែប​ធម្មជាតិ​? កុំ​រំលង​អត្ថបទ​នេះ​
06, Jul 2020 , 8:59 pm        
រូបភាព
​មាន​មូលហេតុ​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​ស្រអាប់​ខ្មៅ​មិន​ស្អាត ដូច​ជាការ​ត្រូវ​ពន្លឺព្រះអាទិត្យ​យូរៗ​ជាប្រចាំ​, ធូលី​ដី និង​ខ្យល់ពុល​។ ញើស​, ជាតិ​ប្រេង និង​ផលិតផល​តុបតែង​មុខ​មួយចំនួន​ដែល​ជ្រាបចូល​ក្នុង​រន្ធ​ញើស​នៃ​ស្បែក​ផ្ទៃមុខ​អាច​បង្ក​ការ​រលាក​, ភាព​ស្រអាប់ និង​ស្ងួត​គួរឱ្យ​ព្រួយបារម្ភ​។ នៅពេល​បច្ចុប្បន្ន ផលិតផល​ធ្វើឱ្យ​ស្បែក​ស​ឆាប់រហ័ស​មាន​ច្រើន​មិន​ខ្វះ​ឡើយ គ្រាន់តែ​មួយចំនួនធំ​មាន​ផ្ទុក​សារធាតុ​គីមី ហើយ​ខ្លះទៀត​មានតម្លៃ​ថ្លៃ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ប្រែ​ជាស​ស្អាត​គ្មាន​ផលប៉ះពាល់ ៖

 
១. ផ្លែ​ល្ហុង​
 
​ផ្លែ​ល្ហុង មាន​ផ្ទុក​អង់ស៊ីម papain ដែល​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ស្បែ​កស​ស្រស់ថ្លា​, ទន់​ភ្លឺរលោង និង​មាន​សំណើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​នៃ​រោគ​មុន​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដំបូង​ត្រូវ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​ជាមុនសិន​។ បន្ទាប់មក​សឹម​យកសា​ច់នៃ​ផ្លែ​ល្ហុង​មក​កិន​ឱ្យ​ម៉ដ្ឋ​ខាប់ៗ រួម​លាប​វា​លើ​ស្បែក ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​គួរ​អនុវត្តន៍​រូបមន្ត​នេះ​រៀងរាល់ថ្ងៃ រហូតដល់​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
២. ទឹកក្រូច​ឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​មួយចំនួន​ជាមួយ​ទឹក​ធម្មតា​។ កូរ​ឱ្យ​សព្វ សឹម​យក​ដុំ​សំឡី​ជ្រលក់​ចូល​ទឹក​ល្បាយ​នេះ ហើយ​លាប​ថ្នមៗ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៣. រមៀត​
 
​រមៀត សឹងតែ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​នៅក្នុង​ផលិតផល​ថែរក្សា​សម្រស់ និង​ធ្វើឱ្យ​ស្បែក​ប្រែ​ជាស​ស្រស់ស្អាត នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​វីតាមីន C ដែល​វា​មាន​ផ្ទុក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា​កាហ្វេ ចូរ​គ្នា​ឱ្យ​សព្វ​។ បន្ទាប់មក​លាប​ល្បាយ​លើ​ផ្ទៃមុខ និង​ក​របស់​អ្នក រួច​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​អាច​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​នៃ​ស្បែ​កមុខ និង​សូម្បីតែ​ស្បែក​ខ្លាញ់​ក៏ដោយ​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​ផ្ទៃមុខ​ក៏បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។​
 
៥. សំបក​ផ្លែ​ប៉ោម និង​ទឹកដោះគោ​ជូរ​
 
​សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ​ចាំបាច់ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ស្បែក​ត្រូវការ​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​។ ការប្រើប្រាស់​សំបក​ផ្លែ​ប៉ោម​នឹង​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​។ នោះ​ក៏​ព្រោះតែ​សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ polyphenols សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​កម្ចាត់​រ៉ាឌីកាល់​សេរី និង​ការពារ​ប្រឆាំង​កាំរស្មី​យូ​វី​ទប់ស្កាត់​បញ្ហា​ស្បែក​ចាស់​ជាង​វ័យ​។ សំបក​ផ្លែ​ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​នៃ​ស្បែ​កដោយ​បង្កើន​ភាព​ទន់​រលោង​តឹង​ណែន​មាន​ពន្លឺ​នៃ​ស្បែក​។ អ្វីដែល​អ្នកត្រូវការ គឺ​ទឹកដោះគោ​ជូរ ៣ ស្លាបព្រា​បាយ និង​ម្ស៉ៅ​សំបក​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​គ្រឿងផ្សំ​ទាំង ២ ចូលគ្នា​ឱ្យ​សព្វ រួច​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​សឹម​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៦. ចេក​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ចេកទុំ ទឹកឃ្មុំ និង​ទឹកដោះគោ​ស្រស់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​លាយ​គ្រឿងផ្សំ​ទាង​អស់​ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​លើ​ស្បែ​កមុខ​ដែល​បាន​លាង​សម្អាត​ស្អាត​ហើយ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com