COVID-19
អន្តរជាតិ
អេស្ប៉ាញ បិទតំបន់ Galicia ដើម្បីទប់ស្កាត់ COVID-19 មុនការបោះឆ្នោត រូបភាព៖ EPA-EFE
× រដ្ឋាភិបាលតំបន់ Galicia របស់អេស្ប៉ាញ នៅថ្ងៃទី៥ ខែកក្កដា បានដាក់បម្រាមរឹតត្បិតការធ្វើដំណើររបស់ប្រជាជនប្រមាណ៧ម៉ឺននាក់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ជាថ្មី។ ការរឹតត្បិតនេះ ធ្វើឡើងបន្ទាប់ពីតំបន់ Catalonia របស់អេស្ប៉ាញ បិទបាន មួយថ្ងៃ។
រដ្ឋាភិបាលតំបន់ស្វយ័តGalicia ដែលស្ថិតនៅភាគខាងជើងអេស្ប៉ាញ បានសម្រេចដាក់បម្រាមរឹតត្បិតលើតំបន់ឆ្នេរ La Marina ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី៥ រហូតដល់ថ្ងៃទី១០ ខែកក្កដាខាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុស។ ការបិទតំបន់នេះ មានរយៈពេលមុនពីរថ្ងៃនៃការបោះឆ្នោតនៅក្នុងតំបន់ Galicia។ ប្រជាជនប្រមាណ ៧ម៉ឺននាក់ នឹងរងបម្រាមមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ជាមួយការបិទតំបន់នេះ ប្រជាជនមួយចំនួនរស់នៅតាមបណ្តោយឆ្នេរ La Marina ក្នុងក្រុង Lugo នៃតំបន់ Galicia មិនអនុញ្ញាតឲ្យធ្វើដំណើរអ្វីឡើយ លើកលែងតែអ្នកធ្វើការប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើដំណើរ និងចាកចេញបាន។ ចំណែកសកម្មភាពមួយចំនួន ដូចជា បារ ភោជនីយដ្ឋានជាដើម ត្រូវកាត់បន្ថយភ្ញៀវចំនួន ៥០ភាគរយនៅក្នុងហាង។
បន្ថែមពីលើនេះ ប្រជាជនត្រូវតែពាក់ម៉ាស់ បើទោះបីជា ត្រូវកម្សាន្តនៅឆ្នេរសមុទ្រ ឬអាងហែងទឹកក៏ដោយ។ រដ្ឋមន្ត្រីសុខាភិបាលតំបន់ លោក Jesus Vazquez បានលើកឡើងបែបនេះនៅក្នុងសន្និសីទកាសែតមួយ ដោយបន្ថែមថា ករណីផ្ទុះ COVID-19 ធំបំផុត គឺមានទាក់ទងនឹងបារមួយចំនួននៅតាមឆ្នេរ។ នៅក្នុងថ្ងៃទី៥ ខែមិថុនាតំបន់ស្វយ័ត Galicia បានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ២៥៨ករណី ក្នុងនោះទីក្រុង Lugo គឺមានចំនួន ១១៧ករណី។
យ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ នឹងតាមដានស្ថានការណ៍ COVID-19 នៅក្នុងតំបន់ Galicia និង Catalonia ឲ្យបានម៉ត់ចត់បំផុត ដើម្បីបង្ការការរីកសាយភាយជាថ្មី។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៥ ខែកក្កដា អេស្ប៉ាញមានករណីឆ្លងកូរ៉ូណាវីរុសសរុបចំនួន ២៩៧៦២៦ករណី អ្នកស្លាប់មានចំនួន ២៨៣៨៥នាក់៕
Tag:
អេស្ប៉ាញ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com