កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man City រង​បរាជ័យ ឯ Leicester, Chelsea និង Man Utd បន្ត​ប្រជែង​កៅអី UCL
06, Jul 2020 , 12:41 pm        
រូបភាព
Manchester City បាន​រង​បរាជ័យ​ជា​លើក​ទី​៩​ក្នុង​រដូវ​កាល​នេះ ក្រោយ​ចាញ់ Southampton ដោយ​លទ្ធផល ១-០ នា​ការប្រកួត Premier League នៅ​យប់​ថ្ងៃទី​៥ ខែកក្កដា​។ Leicester City, Chelsea និង Manchester United ដែល​ទទួលបាន​ជ័យជម្នះ​រៀងខ្លួន កំពុង​បន្ត​ប្រដេញ​គ្នា​ប្រកិត​ដើម្បី​ដណ្តើមយក​កៅអី​ប្រក​ខណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

 
​ការ​ចាញ់ ១-០ នៅលើ​ទឹកដី​របស់​ក្រុម Southampton ជា​បរាជ័យ​ក្រៅ​ដី​លើក​ទី​៣​ជាប់ៗ​គ្នា​របស់ Man City និង​ជា​លើក​ទី ១ ក្នុង​អាជីព​របស់​អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola ដែល​ដឹកនាំ​ក្រុម​ចាញ់​ដល់​ទៅ​ចំនួន​៩​ប្រកួត​ក្នុង​មួយ​រដូវ​កាល​។ ២០១៩-២០ ជា​រដូវ​កាល​ដ៏​អាក្រក់​បំផុត​សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ចាប់តាំងពី​លោក​ដឹកនាំ​ក្រុម Barcelona និង Bayern Munich មក​។​
 
​បើ​ទោះ​ក្រុម​មេឃ​ខៀវ​មិនអាច​ការពារ​ជើងឯក​ក្របខណ្ឌ​កំពូល​អង់គ្លេស​បាន​ក្រោយ Liverpool ដណ្តើមយក​ទៅហើយនោះ ប៉ុន្តែ​ក្រុម​លោក Guardiola មិនសូវ​បារម្ភ​ពី​ពិន្ទុ​សម្រាប់​កៅអី​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​ក្រោយ​ឡើយ​។ ឆ្លងកាត់​ការប្រកួត​៣៣​លើក Man City រកបាន​៦៦​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​២ ដោយ​នាំមុខ Leicester City ដែល​ឈរ​លេខ​៣ ចំនួន​៨​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៥​លើក​ទៀត​ទើប​បញ្ចប់​លី​គ​រដូវ​កាល​នេះ​។​
 
​ដោយឡែក សម្រាប់​ក្រុម​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​ខ្លាំង​ក្នុងការ​ដណ្តើមយក​កៅអី Champions League ដូចជា Leicester City, Chelsea និង Man Utd សុទ្ធសឹង​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​ក្នុង​សប្តាហ៍​ទី​៣៣​រៀងខ្លួន​។ Leicester បាន​យកឈ្នះ Crystal Palace ៣-០ រីឯ Chelsea ឈ្នះ Watford ៣-០ ខណៈ Man Utd លត់ Bournemouth ៥-២​។​


 
​ក្រោយ​រកបាន​៣​ពិន្ទុ​បន្ថែម ក្រុម​លេខ​ដែល​ឈរ​ចំណាត់ថ្នាក់​ទី ៣ Leicester City រកបាន​៥៨​ពិន្ទុ នាំមុខ​ក្រុម​លេខ​៤ តោ​ខៀវ​ចំនួន​១​ពិន្ទុ និង​ក្រុម​បិសាច​ក្រហម​ដែល​នៅ​លេខ​រៀង​ទី​៥ ចំនួន​៣​ពិន្ទុ​។​
 
​ក្រុម​ទាំងបី​ខាងលើ ត្រូវធ្វើ​ការងារ​ធ្ងន់​សម្រាប់​ការប្រកួត​ដែល​នៅ​សេ​សល់​ចំនួន​៥​លើក​ទៀត ដើម្បី​កាត់សេចក្តី​ថា ក្រុម​ណា​អាច​ឈរ​នៅ​តំបន់ Top 4 ដើម្បី​ទទួលបាន​កៅអី​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​
 
​សម្រាប់​ក្រុម​ដែល​កំពុង​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល រួមមាន Aston Villa, AFC Bournemouth និង Norwich City ខណៈ Watford មានតែ​១​ពិន្ទុ​លើស​ក្រុម​ត្រូវ​កាត់ចោល​នៅ​រដូវ​កាល​ក្រោយ​។ Liverpool ដែល​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ទៅហើយ បាន​យកឈ្នះ Aston Villa ២-០ បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​ដល់​ទៅ ៤-០ ដោយ​ស្នាដៃ​គូប្រជែង Man City កាលពី​ជំនួប​សប្តាហ៍​ទី​៣២៕

Tag:
 Premier League
  Manchester City
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com