៣៤នាក់ស្លាប់និងច្រើននាក់ទៀតបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀងនិងបាក់ដីនៅជប៉ុន
សង្គមអន្តរជាតិ​
អន្តរជាតិ
៣៤នាក់ស្លាប់និងច្រើននាក់ទៀតបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀងនិងបាក់ដីនៅជប៉ុន
06, Jul 2020 , 1:40 pm        
រូបភាព
មនុស្ស៣៤នាក់ ត្រូវបានប្រកាសថាស្លាប់ និង១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួនក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនិងបាក់ដីក្នុងប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជប៉ុន នៅថ្ងៃទី៥ ខែកក្កដា។



ក្រុមអ្នកជួយសង្គ្រោះជប៉ុន កំពុងស្វែងរកមនុស្ស១៤នាក់ ដែលកំពុងបាត់ខ្លួនក្រោយជំនន់ទឹកភ្លៀងក្នុងតំបន់ Kumamoto លើកោះ Kyushu ។ គ្រោះមហន្តរាយនេះ បានបំផ្លាញផ្ទះប្រជាជន បក់យានយន្តពួកគេទៅបាត់ និងកម្ទេចស្ពាន ជាដើម។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP  ដោយដកស្រង់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អាជ្ញាធរជប៉ុន បានអះអាងថា មនុស្ស៣៤នាក់បាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់នេះ ក្នុងនោះ១៤នាក់ជាមនុស្សរស់នៅមណ្ឌលចាស់ជរា។ យ៉ាងណា អាជ្ញាធរ បានជួយសង្គ្រោះមនុស្ស៥០នាក់ពីមណ្ឌលចាស់ជរាជប៉ុនដែលរងការវាយប្រហារដោយជំនន់ទឹកភ្លៀងនេះ។

អំឡុងជំនួបគណៈរដ្ឋមន្ត្រីស្តីពីគ្រោះមហន្តរាយនេះ ក្នុងទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានប្តេជ្ញាគាំទ្រហិរញ្ញវត្ថុ ខណៈចេញសេចក្តីព្រមានប្រជាជនក្នុងតំបន់ Kumamoto ថាត្រូវត្រៀមលក្ខណៈសម្រាប់ព្យុះភ្លៀងថែមទៀត។

តាមទីភ្នាក់ងារព័ត៌មាន AFP លោក អាបេ និយាយថា កងកម្លាំងជាង៤ម៉ឺននាក់ រួមមាន ប៉ូលិស ក្រុមពន្លត់អគ្គិភ័យ ឆ្មាំឆ្នេរ និងយោធាកំពុងប្រតិបត្តិរុករកនិងសង្រ្គោះ។ លោកសង្កត់ធ្ងន់ថា៖«ការជួយជីវិតមនុស្សគឺជាអាទិភាពយើង»។

សូមបញ្ជាក់ថា ជប៉ុន រងគ្រោះស្ទើរតែរាល់ឆ្នាំដោយសារគ្រោះទឹកជំនន់អំឡុងរដូវភ្លៀងធ្លាក់ ក៏ប៉ុន្តែកិច្ចប្រឹងប្រែងជម្លៀសសម្រាប់ឆ្នាំនេះ ត្រូវអនុវត្តដោយលំបាកដោយសារការផ្ទុះរាលដាល COVID-19 ។ អាជ្ញាធរនៅទីតាំងស្នាក់នៅបណ្ដោះអាសន្ន បានប្រាប់ឲ្យប្រជាជនលាងសម្អាតដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបញ្ចៀសការរាលដាល COVID-19 ៕

Tag:
 ជប៉ុន
  គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com