សៀមរាប៖ សហគមន៍ទេសចរណ៍ធម្មជាតិចង្រា្កនរយ ដែលមានព្រៃឈើស្រោងលាតសន្ធឹងលើផ្ទៃដីជាង៩ពាន់ហិកតា ក្លាយជាតំបន់អេកូទេសចរណ៍ដ៏ធំជាងគេ ក្នុងទឹកដីខេត្តសៀមរាប។ សហគមន៍ទេសចរណ៍ធម្មជាតិនេះ មានទីកន្លែងជាច្រើនសម្រាប់ភ្ញៀវទេសចរដើរលេងកម្សាន្ត និងគយគន់ព្រៃព្រឹក្សា រហូតជាង៤0កន្លែង។ ដើម្បីរក្សាព្រៃឈើ និងធនធានធម្មជាតិចម្រុះក្នុងសហគមន៍នេះ ប្រធានសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធបានប្តេជ្ញាប្រែក្លាយសហគមន៍ព្រៃឈើដ៏ធំនេះ ទៅជាតំបន់មាសបៃតងសម្រាប់កូនចៅជំនាន់ក្រោយ និងជាទីកន្លែងអេកូទេសចរណ៍គំរូមួយ ដែលកាន់តែទាក់ទាញភ្ញៀវទេសចរ ។
«ភ្នំចង្ក្រានរយ» ជាទីតាំងអេកូទេសចរណ៍ថ្មីមួយ ក្នុងទឹកដីខេត្តសៀមរាប ។ ទីតាំងនោះ មានកន្លែងកម្សាន្តជាង៤០ ក្នុងនោះរួមមាន ទឹកធ្លាក់កម្ពស់៧ជាន់, ទស្សនាសត្វព្រៃ សត្វស្លាប មេអំបៅ, គយគន់សមុទ្រឈើ ,មើលថ្ងៃលិច ,រូងប្រជៀវ ,ភ្នំចាន់ក្រហម និងភ្នំដែលមានថ្មដុះរាងមុំបីស្រដៀងនឹងចង្ក្រានរាប់រយរាប់ពាន់ជាដើម។ លើសពីនេះទៅទៀត ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់ប្រជាសហគមន៍រស់នៅទីនោះ ជាមួយនឹងការភ្លក្សម្ហូបអាហារអត្តសញ្ញាណរបស់ពួកគាត់ គឺ«សម្លទំពាំងវល្លិយាវ»។
នាពេលរាត្រី ភ្ញៀវទេសចរ ក៏អាចបោះតង់និងដុតដំឡូងហូប ជជែកគ្នាលេងជាមួយនឹងប្រជាសហគមន៍នៅទីនោះយ៉ាងសប្បាយរីករាយ ដែលបង្កើតបានជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ។ ទាំងនេះគឺជាសក្តានុពលទេសចរណ៍ធម្មជាតិ ក្នុងចំណោមតំបន់គៅលដៅទេសចរណ៍ទាំង៤២កន្លែង ដែលស្ថិតនៅក្នុងដែនព្រៃសហគមន៍ចង្ក្រានរយលាតសន្ធឹងលើផ្ទៃដី៩,១០០ហិកតា មានទីតាំងនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
សហគមន៍អេកូទេសចរណ៍ធម្មជាតិ ដែលពោរពេញទៅដោយដើមឈើតូច-ធំដុះស្រោង ស្ទើរតែបាំងបិទពន្លឺថ្ងៃចេញចូល អមជាមួយនឹងសំឡេងបក្សាបក្សីស្រែកច្រៀងឆ្លើយឆ្លងគ្នាយ៉ាងពិរោះរណ្តំ នាកណ្តាលព្រៃព្រឹក្សានេះ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យមកកម្សាន្តជិត១ម៉ឺនាក់ក្នុងឆ្នាំ២០១៩។
លោក កង តេ ជាភ្ញៀវទេសចរជនជាតិបារាំងម្នាក់ ដែលបានមកកម្សាន្តនៅសហគមន៍ព្រៃឈើចង្ក្រានរយនេះពីរដង
យុវជន កង តេ ជាភ្ញៀវទេសចរជនជាតិបារាំងម្នាក់ ដែលបានមកកម្សាន្តនៅសហគមន៍ព្រៃឈើចង្ក្រានរយនេះពីរដងមកហើយ។ បដិសណ្ឋាកិច្ចរបស់ប្រជាសហគមន៍ និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ជាអ្វីដែលទាក់ទាញឲ្យ កង តេ មកកម្សាន្តនៅទីនេះ។ «អ្វីដែលទាក់ទាញឱ្យលោកនៅតែបន្តមកកម្សាន្តនៅទីនេះ គឺដោយសារសហគមន៍នេះ ការមានការរៀបចំល្អទាំងបដិសណ្ឋាកិច្ចនានារបស់សហគមន៍ និងទាំងការរៀចំសេវាកម្មផ្សេងៗជាដើម។ ជាពិសេសទៅទៀតក្នុងសហគមន៍នេះ គឺមានលក្ខណៈស្ងប់ស្ងាត់ល្អសម្រាប់ភ្ញៀវដែលសម្រាកលំហែកាយ ទាំងទីកន្លែងទឹកធា្លក់ កន្លែងស្នាក់នៅ(បោះតង់) និងទេសភាពតំបន់ព្រៃឈើ...ទាំងនេះគឺជាភាពទាក់ទាញមួយដែលជំរុញឱ្យខ្ញុំមកលេងកម្សាន្តនៅទីនេះ»។ នេះជាការលើកឡើងរបស់ភ្ញៀវទេសចរជនជាតិបារាំង។
កង តេ ជានិស្សិតដែលបានមកធ្វើការងារស្ម័គ្រចិត្តនៅអង្គការមួយ ក្នុងខេត្តសៀមរាប និងមកកម្សាន្តនៅភ្នំចង្ក្រានរយនៃសហគមន៍អេកូទេសចរណ៍មួយនេះ បានឲ្យដឹងទៀតថា៖ «ទីកន្លែងកម្សាន្តធម្មជាតិនានាក្នុងសហគមន៍នេះ គឺជាកន្លែងល្អបំផុតសម្រាប់អ្នកដែលរស់នៅទីក្រុង ឬអ្នកដែលចង់គេចពីការបំពុលបរិស្ថាន អាចមកសម្រាកលំហែកាយ ដោយរីករាយជាមួយសម្រស់ធម្មជាតិពិតប្រាកដ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ»។
«សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ» ដែលកំពុងទទួលបានការចាប់អាម្មណ៍ទីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនក្នុងឆ្នាំៗ និងអាចរកចំណូលបានជិត៨ពាន់ដុល្លារក្នុងឆ្នាំ២០១៩ ធ្លាប់មានបទល្មើសកាប់ព្រៃខ្លាំងតាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយក៏ជាឆ្នាំដែលបង្កើតឲ្យមានគណៈកម្មការចំនួន១១នាក់គ្រប់គ្រង។ សកម្មភាពកាប់ព្រៃឈើយ៉ាងគឃ្លើននេះ បានថយចុះគួរឲ្យកត់សម្គាល់ក្រោយពេលរៀបចំទៅជាអេកូទេសចរណ៍ក្នុងសហគមន៍ នៅឆ្នាំ២០១៧ ដែលបច្ចុប្បន្ន មានអ្នកស្រី ឈឿន សុឌី ដែលអ្នករស់នៅក្នុងព្រៃសហគមន៍នេះ ជាប្រធានគណៈកម្មការសហគមន៍ព្រៃចង្ក្រានរយ។
«កាលពីឆ្នាំ២០១០ ក្នុងសហគមន៍ចង្ក្រានរយ គឺមានបទល្មើសកាប់ព្រៃឈើខ្លាំង តែដល់ពេលយើងព្យាយាមទាញផលប្រយោជន៍ពីអេកូទេសចរណ៍បានមក គឺមានការថមថយនៃបទល្មើសកាប់ព្រៃឈើច្រើន។ ពួកគាត់ដែលជាអ្នកកាប់ព្រៃបានប្តូរសកម្មភាពរបស់ខ្លួន មកចូលរួមជាមួយយើងក្នុងការការពារព្រៃឈើវិញ។ ពលរដ្ឋមួយចំនួនទាំងនោះបានងាកប្រកប
មុខរបរចិញ្ចឹមមាន់ ដាំបន្លែ ហើយយើងបានប្រមូលសាច់ និងបន្លែរបស់គាត់យកមកលក់ក្នុងសហគមន៍យើង»។ នេះបើតាមប្រធានសហគមន៍ស្រីវ័យ៤១ឆ្នាំ ឈឿន សុឌី ។
អ្នកស្រី ឈឿន សុឌី ប្រធានគណៈកម្មការសហគមន៍ព្រៃចង្ក្រានរយ
បើតាមអ្នកស្រី សុឌី សមិទ្ធិផលដែលសហគមន៍កំពុងមាននេះ បានមកពីការខិតខំប្រឹងប្រែងផ្ទាល់របស់សហគមន៍ក្នុងការទប់ស្កាត់ និងពន្យល់ណែនាំអ្នកកាប់ព្រៃឈើទាំងនោះ ឱ្យយល់ពីសារៈសំខាន់ក្នុងការថែរក្សាព្រៃឈើ ដែលអាចទាញប្រយោជន៍បានយ៉ាងសម្បូរបែប លើសពីការកាប់ព្រៃឈើយកទៅលក់។
បើទោះជា សមាជិកសហគមន៍ព្រៃឈើចង្ក្រានរយ ឈប់កាប់ព្រៃឈើទៀតក៏ពិតមែន តែសហគមន៍នៅបន្តចុះល្បាតការពារព្រៃឈើពីជនខិលខូចមួយចំនួន ដែលតែងតែលួចកាប់ឈើប្រណិតៗក្នុងដែនគ្រប់គ្រងរបស់សហគមន៍។ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិននៃខេត្តសៀមរាប បទល្មើសព្រៃឈើនេះ ត្រូវបានកាត់បន្ថយច្រើនហើយ។ លោកបញ្ជាក់ដូច្នេះ៖«បញ្ហាប្រឈមទាំងនេះយើងឃើញមានច្រើនដែរ។ យើងកំពុងធ្វើការទប់ស្កាត់បទល្មើសដែលមានអ្នកលួចចូលទៅកាត់ឈើនៅក្នុងព្រៃចង្ក្រានរយនេះ ហើយយើងបង្ក្រាមបានបទល្មើសជាបន្តបន្ទាប់»។
លោកអភិបាលស្រុក ធិននី វិធូរ ប្ដេជ្ញាថា សហការជាមួយសហគមន៍ទាំងស្មារតី ថវិកា និងកម្លាំង ដើម្បីលើកកម្ពស់តំបន់នេះឱ្យកាន់តែមានភាពទាក់ទាញ ព្រមទាំងមានគម្រោងរៀបចំផ្លូវធ្វើដំណើរក្នុងព្រៃសហគមន៍ឱ្យកាន់តែប្រសើរ ។«ចក្ខុវិស័យរបស់រដ្ឋបាលស្រុក ក៏ដូចជាសហគមន៍ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ដែលចង់បានភ្ញៀវចូលលេងកម្សាន្តឱ្យបានច្រើនដែលអាចជួយជីវភាពរស់នៅរបស់ពួកគាត់ផង»។ នេះបើតាមអភិបាលស្រុកវ៉ារិន។
លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិននៃខេត្តសៀមរាប
ដោយមើលឃើញពីសារៈសំខាន់របស់ដើមឈើ និងវិសាលភាពនៃព្រៃស្រោងដុះលើផ្ទៃដី ៩,១០០ហិកតាក្នុងសហគមន៍ចង្ក្រានរយ និងបញ្ហាប្រឈមមួយចំនួនរបស់សហគន៍ក្នុងការថែរក្សាព្រៃឈើ ដែលធំជាងគេនៅក្នុងខេត្តសៀមរាបនេះ អង្គការកម្មវិធីផ្លាសប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានចុះមកជួយសម្របសម្រួលជាមួយប្រជាសហគមន៍ ដើម្បីរួមគ្នាការពារព្រៃឈើ និងជីវៈចម្រុះនៅតំបន់ព្រៃសហគមន៍ចង្ក្រានរយតាំងពីឆ្នាំ២០១៤មកម្ល៉េះ ពោលគឺក្រោយសហគមន៍បង្កើតបាន៤ឆ្នាំ។
លោក ឆឹង ស៊ុវិរិយ៉ា មន្ត្រីសម្របសម្រួលគោលនយោបាយ និងបណ្តាញនៃអង្គការ NTFP-EP ដែលកំពុងបន្តជ្រោមជ្រែងប្រជាសហគមន៍ចង្ក្រានរយ បានឲ្យដឹងយ៉ាងដូច្នេះ៖ «គោលដៅរបស់យើង គឺយើងចង់ឱ្យតំបន់នេះមានស្ថេរភាព និងមានលំនឹង ដោយមិនមានរងការកាប់បំផ្លាញធនធានព្រៃឈើ ក៏ដូចជាទន្ទ្រានព្រៃឈើពីអ្នកខាងក្រៅសហគមន៍។ ហើយសហគមន៍ដែលមានលទ្ធភាពការពារព្រៃឈើ ពួកគាត់នឹងទទួលបានផលប្រយោជន៍ជាច្រើនទាំងផ្នែកបរិស្ថានក្នុងការកាត់បន្ថយ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងផ្នែកសង្គមដែលធានានូវតុល្យភាពនៃការរស់នៅរបស់ពួកគាត់»។
រយៈពេល៥ឆ្នាំមកហើយ ដែលគម្រោងរបស់អង្គការ NTFP-EP បានគម្រោងជាមួយប្រជាសហគមន៍ចង្ត្រានរយ គឺមានអ្នកទទួលបានប្រយោជន៍ផ្ទាល់ពីគម្រោងមានជាង៣០០គ្រួសារ និងជាង២ពាន់គ្រួសារទៀតក្នុងស្រុកវ៉ារិននេះទទួលបានប្រយោជន៍មិនផ្ទាល់ពីគម្រោងរបស់អង្គការយើង។
លោក ឆឹង ស៊ុវិរិយ៉ា បានបន្ថែមថា សមិទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងនេះ គឺមានការចូលរួមគាំទ្រ និងការខិតខំប្រឹងប្រែពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញសកម្មភាពការងាររបស់គម្រោងនៅក្នុងសហគមន៍ព្រៃឈើចង្រា្កនរយឱ្យដំណើរការបានកាន់តែប្រសើរ។ យ៉ាងណាមន្ត្រីសម្របសម្រួលគោលនយោបាយ និងបណ្តាញនៃអង្គការ NTFP-EP រូបនេះ មើលឃើញថាទន្ទឹមនឹងនេះ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន អះអាងថា រដ្ឋបាលស្រុកនឹងចូលរួមគាំទ្រ និងមានវិគាគទានមួយចំនួនសម្រាប់ចូលរួមក្នុងការការពារព្រៃឈើចង្ក្រានរយនេះជាប្រជាសហគមន៍បន្តទៀត ដោយលោកសង្ឃឹមយ៉ាងដូច្នេះ៖ «យើងសង្ឃឹមថាការអនុវត្តនេះនឹងល្អប្រសើរជាងមុន ហើយយើងអាចថែរក្សាតំបន់នេះមានសក្តានុពលប្រចាំប្រទេសកម្ពុជាផង និងបង្ហាញទៅអន្តរជាតិថាយើងមានតំបន់សក្តានុពលផ្សេងៗទៀតក្រៅពីប្រាសាទ ជាពិសេសតំបន់ទឹកធ្លាក់ចង្ក្រានរយនេះ»។
លោក ឆឹង ស៊ុវិរិយ៉ា មន្ត្រីសម្របសម្រួលគោលនយោបាយ និងបណ្តាញនៃអង្គការ NTFP-EP
សម្រាប់អ្នកស្រី ឈឿន សុឌី ដែលកំពុងដឹកនាំសហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាសហគមន៍ អាជ្ញាធរស្រុកវ៉ាវិន និងអង្គការ NTFP-EP ក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ និងអនុវត្តសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបន្តនិរន្តរភាពរបស់សហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ដោយអ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖«សង្ឃឹមថាសហគមន៍នឹងក្លាយជាតំបន់មាសបៃតងដែលពោរពេញព្រៃឈើ និងសត្វចម្រុះរស់នៅ ទុកសម្រាប់ក្មេងៗជំនាន់ក្រោយ»។