អន្តរជាតិ
ក្រុងមួយនៅចិនព្រមានពីការផ្ទុះជំងឺអាសន្នរោគដែលធ្លាប់សម្លាប់មនុស្សរាប់លាននាក់ ស្ត្រីម្នាក់ពាក់ម៉ាស់ការពារជំងឺឆ្លង។រូបតំណាង។រូបភាព AFP
× អាជ្ញាធររបស់ទីក្រុងមួយ ដែលស្ថិតនៅតំបន់ម៉ុងហ្គោលីភាគខាងក្នុងរបស់ចិន បានចេញសេចក្តីព្រមានកាលពីថ្ងៃទី៥ ខែកក្កដាស្តីពីការផ្ទុះជំងឺអាសន្នរោគ (bubonic plague) បន្ទាប់ពីមានអ្នកជំងឺម្នាក់ត្រូវបានគេសង្ស័យថា ផ្ទុកជំងឺនេះ និងត្រូវចូលសម្រាកនៅមន្ទីរពេទ្យ។
គណៈកម្មាធិការសុខាភិបាលនៃទីក្រុង Bayan Nur បានចេញកម្រិតព្រមានទី៣ ក្រោយការកើតឡើងករណីសង្ស័យជំងឺអាសន្នរោគ។កម្រិតព្រមានទី៣ ហាមឃាត់មិនឲ្យមានការបរបាញ់សត្វ និងបរិភោគសាច់សត្វដែលអាចផ្ទុកជំងឺអាសន្នរោគ។ បន្ថែមពីនេះ សាធារណជន ចាំបាច់ត្រូវធ្វើការរាយការករណីសង្ស័យនូវជំងឺអាសន្នរោគ ឬផ្តាសាយដោយគ្មានមូលហេតុ។ ក្រៅពីនេះ ប្រជាជន ក៏ត្រូវរាយការក្នុងករណីប្រទះឃើញសត្វកំប្រុកព្រៃឈឺ ឬងាប់។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
ការចេញសេចក្តីប្រកាសរបស់អាជ្ញាធរទីក្រុងនៅតំបន់ស្វយ័តមួយនេះ ធ្វើឡើងបន្ទាប់ពីគេធ្លាប់បានរកឃើញករណីឆ្លងជំងឺអាសន្នរោគ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលក្នុងនោះមានមនុស្ស២នាក់ផ្ទុកជំងឺអាសន្នរោគសួត(pneumonic plague) ដែលជាប្រភេទមួយរបស់ជំងឺអាសន្នរោគផងដែរ។ ករណីចុងក្រោយ កើតឡើងលើបុរសម្នាក់ដែលចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី៤ ខែកក្កដា។
នៅប្រទេសចិន ការមានជំងឺអាសន្នរោគ ជារឿងធម្មតា ប៉ុន្តែការផ្ទុះឡើងជំងឺមួយនេះមានលក្ខណៈកម្រណាស់។ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ចិនមានករណីជំងឺអាសន្នរោគចំនួន២៦ និងស្លាប់ចំនួន១១។ ជំងឺអាសន្នរោគនេះ ក៏ធ្លាប់រាតត្បាតខ្លាំងនៅចិន នៅឆ្នាំ១៨៦៥ ដល់១៨៥៩ និងម្តងទៀតនៅភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ១៨៦៥ ហើយដែលបានសម្លាប់មនុស្សជាង១០លាននាក់៕
អ្នកដែលមានជំងឺអាសន្នរោគបែបនេះ ច្រើនលេចឡើងរោគសញ្ញាដូចជា ក្រពេញទឹករងៃឡើងហើម នៅត្រង់ក្រលៀន ក្លៀក ឬត្រង់ក ហើយអាចមានចេញអាការគ្រុនក្តៅខ្លាំង រងារ ឈឺក្បាល ឬអស់កម្លាំងខ្លាំង។
ជំងឺអាសន្នរោគមួយនេះ ដែលត្រូវបានគេហៅ Black Death ជាជំងឺឆ្លងយ៉ាងសាហាវ នៅយុគសម័យកណ្តាលនៅអឺរ៉ុប និងផ្ទុះឆ្លងដំបូងពីចន្លោះឆ្នាំ១៣៤៦¬ ដល់១៣៥៣។ ជំងឺនេះ ឆ្លងយ៉ាងរហ័ស និងមានភាគរយស្លាប់ខ្ពស់ ដោយមានភ្នាក់ងារចម្លងជាប្រភេទសត្វកណ្តុរ ឬកំប្រុក។
បើយោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះឆក់យកជីវិតមនុស្សយ៉ាងតិចណាស់ ៥០លាននាក់ នៅពេលវាផ្ទុះឆ្លងដំបូង។ ជំងឺនេះផ្ទុះឆ្លងជាច្រើនរយឆ្នាំទៀត និងនៅគ្រប់កន្លែងទូទាំងពិភពលោក ដែលធ្វើឲ្យគេប៉ាន់ស្មានថាចំនួនអ្នកស្លាប់ដោយសារតែជំងឺនេះ មានចន្លោះពី ៧៥លាននាក់ទៅរាប់រយលាននាក់។
ក្រៅតែពីអាជ្ញាធរចិន អាជ្ញាធារប្រទេសម៉ុងហ្គោលី ក៏បានប្រកាសបង្ខំបិទតំបន់ Khvod ភាគខាងលិចមួយផ្នែកដែរបន្ទាប់ពីគេរកឃើញមនុស្សចំនួន២នាក់មានឆ្លងជំងឺនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com