COVID-19
អន្តរជាតិ
ឥណ្ឌា ដកផែនការបើកប្រាសាទ Taj Mahal ឡើងវិញ ដោយបារម្ភពី COVID-19 ប៉ូលិសឥណ្ឌាម្នាក់ពាក់ម៉ាស ឈរយាមនៅក្បែរប្រាសាទប្រវត្តិសាស្រ្ត Taj Mahal អំឡុងបម្រាមបិទប្រទេស (Reuters)
× រដ្ឋាភិបាលឥណ្ឌា បានសម្រេចលុបចោលគម្រោងបើកប្រាសាទ Taj Mahal ជាថ្មី ដោយលើកឡើងពីហានិភ័យករណីឆ្លង COVID-19 ថ្មី ដែលរាលដាលក្នុងទីក្រុង Agra ពីសំណាក់ភ្ញៀវទេសចរសម្រុកទៅទស្សនាតំបន់ប្រវត្តិសាស្ត្រសម័យសតវត្សរ៍ទី១៧របស់ឥណ្ឌាមួយនេះ ។
អាជ្ញាធរតំបន់របស់ឥណ្ឌា បានចេញសេចក្តីណែនាំថ្មីមួយនៅថ្ងៃទី៥ ខែកក្កដា ដោយបញ្ជាឲ្យពន្យារពេលបម្រាមបិទប្រទេសលើតំបន់ប្រាសាទ Taj Mahal នេះ និងនៅជុំវិញទីក្រុង Agra ដែលជាទីតាំងរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលក្រុងញូវដេលី ពុំបានបញ្ជាក់ច្បាស់ពីរយៈពេលនៃបម្រាមលើប្រាសាទឥណ្ឌានេះ ដែលត្រូវបានបិទចាប់តាំងពីខែមីនា។
ជាតំបន់មានករណីឆ្លង COVID-19 ជាចង្កោមធំដំបូងមួយ Agra នៅតែជាទីក្រុងរងគ្រោះខ្លាំងក្នុងរដ្ឋ Uttar Pradesh ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសឥណ្ឌា។ ក្នុងសេចក្តីណែនាំសរសេរជាភាសា Hindi អាជ្ញាធរឥណ្ឌាបញ្ជាក់ដូច្នេះថា ដើម្បីប្រយោជន៍សាធារណៈ ការបើកប្រាសាទ Taj Mahal ក្នុងទីក្រុង Agra នឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ការសម្រេចដកហូតផែនការបើកតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្ររបស់ឥណ្ឌាមួយនេះ ធ្វើឡើងខណៈករណីឆ្លង COVID-19 ក្នុងប្រទេសនេះ កំពុងកើនឡើងក្នុងល្បឿនលឿនបំផុតមួយក្នុងរយៈពេល៣ខែចុងក្រោយ។
តួយ៉ាង កាលពីទី៦ ខែកក្កដា ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ករណីឆ្លងថ្មីជាង២៣០០០ ខណៈថ្ងៃទី៥ បានរាយការណ៍ករណីឆ្លងចំនួន ២៤ ៨៥០ ។ ករណីថ្មីនេះធ្វើឲ្យករណីឆ្លងCOVID-19សរុបក្នុងប្រទេសឥណ្ឌាឡើងដល់ជាង ៦៩ម៉ឺនករណី នាំមុខរុស្ស៊ីជាមានករណីឆ្លងច្រើនបំផុតលំដាប់ទី៣ក្នុងពិភពលោកវិញ។
ទោះជាបែបនេះក្តី រដ្ឋាភិបាលឥណ្ឌា បានសម្រេចដកហូតបម្រាមបិទប្រទេសមួយផ្នែកធំ ខណៈវិធានការទាំងនេះបង្ខំឲ្យពលរដ្ឋឥណ្ឌារាប់ពាន់នាក់អត់ការងារធ្វើ ហើយអាជីវកម្មជាច្រើនបិទទ្វារ។ ខណៈជើងហោះហើរអន្តរជាតិបន្តផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរក្នុងស្រុក បានបើកដំណើរឡើងវិញ ហើយរដ្ឋាភិបាលសង្ឃឹមថាអ្នកដំណើរនឹងចាប់ផ្ដើមដើរកម្សាន្តនៅទិសដៅទេសចរណ៍ពេញនិយមក្នុងប្រទេសឡើងវិញ៕
Tag:
ឥណ្ឌា
Taj Maha
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com