ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហៅផលិតកម្ម មរតក មេឌៀ ទៅទូន្មាននៅម៉ោង៤រសៀល ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២០នេះ។ ជាគម្រោងក្រសួង តម្រូវឱ្យផលិតកម្ម មរតក មេឌៀ លុបឆានែលរបស់ខ្លួន ដើម្បីទុកជាការព្រមានដល់ផលិតកម្មផ្សេងៗទៀត ។ នេះបើតាមលោក ចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ លោក ចំរើន វណ្ណថា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រសួងវប្បធម៌ ជួបជាមួយផលិតកម្ម មរតក មេឌៀ ដើម្បីអប់រំណែនាំពីវិធានមួយចំនួន លើក្រមសីលធម៌តែងនិពន្ធ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តខុស និងសូមទោសជាសាធារណៈ។ បន្ថែមពីនោះលោក ចំរើន វណ្ណា ថា ក្រសួងវប្បធម៌ ក៏តម្រូវឱ្យផលិតកម្ម មរតក មេឌៀ លុបឆានែលរបស់ខ្លួន ដែលមាន Subscriber ជិត៤០ម៉ឺននាក់ចោលពីយូធូបផងដែរ ។
សូមស្ដាប់សំឡេងលោក ចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖
លោក ចំរើន វណ្ណថា ពន្យល់ដូច្នេះ៖«យើងឱ្យគាត់លុបឆានែលរបស់គាត់តែម្ដង។ បើឱ្យគាត់លុបតែបទចម្រៀង លើកក្រោយគាត់នៅតែនិពន្ធបទចម្រៀងមិនល្អដដែលទៀត។ ទោះជាយ៉ាងណាគាត់អាចបង្កើតឆានែលថ្មីបាន ដោយដាក់ឈ្មោះថ្មី។ ចំពោះអត្ថន័យដែលបង្កឱ្យមានការញុះញង់ ឬបទល្មើស យើងត្រូវសិក្សាពីចេតនារបស់គាត់សិន ព្រោះសូម្បីបទល្មើសណាមួយ ក៏គេសិក្សាពីចេតនានៃបទល្មើសដែរ មុននឹងកំណត់ទោស»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ផលិតកម្ម មរតក មេឌៀ (Morodok Media) បានបង្ហោះឃ្លីបវីដេអូបទចម្រៀង “អ្នកព្រៃវែងអាក្រក់ត្រង់ណា” ក្នុងបណ្ដាញផ្សព្វផ្សាយសង្គម Page: Morodok Media និងបណ្ដាញសង្គម (YouTube) ដោយតួសម្ដែង ដែលដើរតួជាម្ដាយខាងស្រី បានជេរប្រមាថទៅភាគីខាងប្រុសថា អ្នកព្រៃវែងសុទ្ធតែអ្នកមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ។
ព្រោះតែពាក្យទាំងឡាយខាងលើនេះ ធ្វើឱ្យមហាជនមានការមិនពេញចិត្ត និងមានមតិរិះគន់ផ្សេងៗគ្នា ទៅលើអ្នកនិពន្ធបទ “អ្នកព្រៃវែងអាក្រក់ត្រង់ណា”។
យ៉ាងណាក៏ដោយ ក្រោយពីបទចម្រៀង “អ្នកព្រៃវែងអាក្រក់ត្រង់ណា” បានចេញឃ្លីបវីដេអូខ្លី រដ្ឋបាលខេត្តព្រៃវែង ក៏បានចេញលិខិត ស្មើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ផងដែរ។
រដ្ឋបាលខេត្តព្រៃវែងយល់ឃើញថា បទចម្រៀងនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ លើកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង។ ជាពិសេសចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ និងបង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង។ បើតាមរដ្ឋបាលខេត្តដដែល ចម្រៀងមួយនេះ ក៏អាចជាសកម្មភាពវិទ្ធង្សនាវប្បធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាជាតិកម្ពុជាផង។
ផ្អែកតាមខ្លឹមសារខាងលើរដ្ឋបាលខេត្តព្រៃវែង ស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្លូវច្បាប់ ចំពោះផលិតកម្ម មរតក មេឌៀ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឱ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស។ លិខិតដដែល ក៏បានបញ្ជាក់ដែរថាផលិតកម្ម មរតក មេឌៀ ត្រូវលុបឃ្លីបវីដេអូ និងត្រូវបកស្រាវសុំទោសជាសាធារណៈ។
ទោះជាយ៉ាងណា ការសម្រេចទាំងឡាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរង់ចាំលទ្ធផលក្រោយជំនួបជាមួយផលិតកម្ម មរតក មេឌៀ នៅក្រោយម៉ោង៤រសៀលនេះ៕