COVID-19
អន្តរជាតិ
ហ្វ៊ី​ជី រកឃើញ COVID-19 មួយ​ករណី​ថ្មី ក្រោយ​គ្មាន​៧៨​ថ្ងៃ​
06, Jul 2020 , 4:36 pm        
រូបភាព
នាយករដ្ឋមន្ត្រីហ្វ៊ីជី លោក Frank Bainimarama (AFP)
នាយករដ្ឋមន្ត្រីហ្វ៊ីជី លោក Frank Bainimarama (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​ប្រទេស ហ្វ៊ី​ជី លោក Frank Bainimarama បានបញ្ជាក់​នៅ​ថ្ងៃទី​៦​ខែមិថុនា​ថា បុរស​អាយុ​៦៦​ឆ្នាំ​ម្នាក់​មាន​លទ្ធផល​តេស្ត COVID-19 វិជ្ជមាន ក្រោយ​ត្រលប់​មកពី​ប្រទេស​ឥណ្ឌា​វិញ​។ នេះ​គឺ​ករណី​ឆ្លង​ថ្មី​ដំបូង​ក្នុងពេល​៧៨​ថ្ងៃ​ចុងក្រោយ​របស់​ប្រទេស​នេះ​។​

 
​ករណី​ឆ្លង​ថ្មី​នេះ គឺជា​ករណី​ឆ្លង​ទី​១៩​របស់​ប្រជាជាតិ​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​នេះ ហើយ​ករណី​ឆ្លង​ថែមទៀត ត្រូវគេ​រំពឹងថា នឹង​រកឃើញ​។ 
 
«​យើង​បាន​រកឃើញ​ករណី COVID-19 នាំចូល​ក្នុងចំណោម​ប្រជាជន​ទើប​ត្រលប់​មកពី​បរទេស​»​។ លោកនាយក​រដ្ឋមន្ត្រី Bainimarama គូសបញ្ជាក់​ដូច្នេះ ដោយ​ដកស្រង់​ចុះផ្សាយ​ទីភ្នាកងារ​ព័ត៌មាន​AFP ។ លោក​បន្តថា អ្នកជំងឺ​ថ្មី​នេះ​កំពុង​ស្ថិតក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​។​
 
​មែនទែនទៅ អ្នក​ដែល​ទើប​មកដល់​ទឹកដី ហ្វ៊ី​ជី ត្រូវតែ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ក្រោម​ការតាមដាន​រប​ស់​អាជ្ញាធរ​សុខាភិបាល​។ យ៉ាងណាមិញ រដ្ឋាភិបាល​ហ្វ៊ី​ជី​ពុំបាន​បង្ហាញ​តួលេខ​អ្នក​ទើប​ត្រលប់​មកពី​បរទេស​ជាក់លាក់​ឡើយ​។ 
 
​បន្ថែម​ពីលើ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​ហ្វ៊ី​ជី លោក James Fong បាន​អះអាងថា ប្រទេស​ហ្វ៊ី​ជី មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការហៅ​ខ្លួនឯង​ថា ជា​តំបន់​គ្មាន COVID-19 ហើយ​លោក​មិន​ភ្ញាក់ផ្អើល​ឡើយ​នៅពេល​រកឃើញ​អ្នកជំងឺ​ថ្មី កាលពី​ថ្ងៃទី​៥ ខែកក្កដា​។ 
 
«​ខណៈ​ហ្វ៊ី​ជី អាចជា​តំបន់​គ្មាន​ការចម្លង COVID-19 ជា​លក្ខណៈ​សហគមន៍ ជំងឺ​រាតត្បាត​សកល​នេះ នៅតែ​បន្ត​កើតមាន​ក្នុងប្រទេស​យើង​»​។ លោក Fong មានប្រសាសន៍​បែបនេះ​ដោយ​ដកស្រង់​ដោយ AFP​។ យ៉ាងណា លោក​ជឿថា អ្នកជំងឺ​ឆ្លង​ថ្មី​នេះ​ពុំមែន​ជា​ករណី​នាំចូល​ចុងក្រោយ​របស់​ប្រទេស​លោក​ឡើយ​៕ 

Tag:
 ហ្វ៊ី​ជី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com