Bottas ជួយ​ក្រុម Mercedes ឈ្នះ​ការប្រណាំង​បើកឆាក F1​នៅ​ទីលាន​អូទ្រីស
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Bottas ជួយ​ក្រុម Mercedes ឈ្នះ​ការប្រណាំង​បើកឆាក F1​នៅ​ទីលាន​អូទ្រីស
06, Jul 2020 , 8:39 pm        
រូបភាព
Valtteri Bottas បានឈ្នះ​ការប្រណាំង​រថយន្ត Formula One នៅ​ទីលាន​ដំបូង​សម្រាប់​ឆ្នាំ ២០២០ ក្នុងប្រទេស​អូទ្រីស Austrian Grand Prix នៅ​ថ្ងៃទី​៥ ខែកក្កដា​។ នេះ​ជាការ​វិលត្រឡប់​ចូល​ការប្រណាំង​រដូវ​កាល​ថ្មី ក្រោយ​ផ្អាក​ជិត​៥​ខែ ដោយសារ​ជំងឺ COVID-19​។


​រយៈពេល ៧ ខែ​បន្ទាប់ពី​ការប្រណាំង F1 ចុងក្រោយ​នៃ​រដូវ​កាល ២០១៩ Bottas កីឡាករ​សញ្ជាតិ​ហ្វាំ​ង​ឡង់​បាន​បើក​ការ​នាំមុខ​តាំងពី​ចាប់ផ្តើម រហូតដល់​បញ្ចប់​ជុំ​ចុងក្រោយ​ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣០​នាទី និង​៥៥​វិនាទី ដើម្បី​ទទួលបាន​២៥​ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​នេះ​។ Lewis Hamilton ម្ចាស់​ការពារ​ជើងឯក​រដូវ​កាល​មុន​និង​ជា​ដៃគូ​របស់ Bottas សម្រាប់​ក្រុម Mercedes បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤​។​
 
Hamilton ម្ចាស់​ជើងឯក F1 ៦​ជំនាន់ បាន​រង​ការពិន័យ​សម្រាប់​ការប្រណាំង​នេះ ដែល​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ធ្លាក់​ពី​លេខ ២ ទៅ​លេខ ៥ ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​ថៃ Alex Albon របស់​ក្រុម Red Bull​។ Charles Leclerc ដែល​បើកបរ​ឲ្យ​ក្រុម Ferrari បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២ ហើយ Lando Norris របស់​ក្រុម​ប្រណាំង Mclaren Renault ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ ខណៈ Sebastian Vettel របស់ Ferrari បញ្ចប់​ត្រឹម​លេង​រៀង​ទី​១០​។​


 
​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ពិភពលោក ឬ​កាំជ្រួច​លើ​ផ្ទៃរាប​មាន​កីឡាករ​ចូលរួម​ប្រណាំង​២០​រូប ដែល​មកពី​ក្រុម​ចំនួន​១០​។ កីឡាករ​ដែល​បញ្ចប់ទៅ​ពី​ចំណាត់ថ្នាក់​ទី​១ ដល់ទី​១០ សុទ្ធតែ​បាន​ពិន្ទុ​រៀងខ្លួន ដោយ​ក្នុងនោះ​លេខ​១ (២៥​ពិន្ទុ​) លេខ​២ (១៨​ពិន្ទុ​) លេខ​៣ (១៦​ពិន្ទុ​) លេខ​៤ (១២​ពិន្ទុ​) លេខ​៥ (១០​ពិន្ទុ​) លេខ​៦ (៩​ពិន្ទុ​) លេខ​៧ (៦​ពិន្ទុ​) លេខ​៨ (៤​ពិន្ទុ​) លេខ​៩ (២​ពិន្ទុ​) និង​លេខ​១០ (១​ពិន្ទុ​)​។​
 
​តាមពិតទៅ Formula One រ​ដូ​កាល ២០២០ ត្រូវ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន​នៅក្នុង​ខែ​មិនា​ម្លេះ ប៉ុន្តែ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ទើប​ធ្វើ​ឲ្យ​ការប្រណាំង​នេះ​ត្រូវ​ពន្យា​ពេល​រហូតដល់​ខែកក្កដា​។ បើទោះជា​បានចាប់ផ្តើម​ការប្រណាំង​ឡើងវិញ​ក្តី ប៉ុន្តែ​រដូវ​កាល​ថ្មី​នេះ​មាន​ទីលាន​ប្រកួតប្រជែង​តែ​ចំនួន​៨​ប៉ុណ្ណោះ ក្នុងប្រទេស​ចំនួន​៦ ដោយ​ក្នុងនោះ អូទ្រីស​ត្រូវ​ដឹកនាំ​ការប្រណាំង​ពីរលើក (Austrian Grand Prix និង Styrian Grand Prix), ចក្រភព​អង់គ្លេស​ពីរលើក (British Grand Prix និង 70th Anniversary Grand Prix), ហុង​គ្រី (Hungarian Grand Prix), អេ​ស្ប៉ា​ញ (Spanish Grand Prix), ប៊ែ​ល​ហ្ស៊ិ​ក (Belgian Grand Prix) និង អ៊ីតាលី (Italian Grand Prix)​។ ដោយឡែក​ប្រទេស​ចំនួន​១៦​ទៀត បាន​លុប​ការដឹកនាំ​ប្រណាំង​ទៅហើយ​ដោយសារ​នៅ​បារម្ភ​ពី​ជំងឺ COVID-19​។​
 
​ការប្រកួត​បន្ទាប់ នឹងធ្វើ​ឡើង​នៅ​ទឹកដី​នៃ​ប្រទេស​អូទ្រីស​ដដែល នៅលើ​ទីលានប្រណាំង Styrian Grand Prix នៅ​ថ្ងៃទី​១០-១២ ខែកក្កដា​៕
 

Tag:
 Mercedes
  Formula One
  Valtteri Bottas
© រក្សាសិទ្ធិដោយ thmeythmey.com