ក្រសួងយុត្តិធម៌ មានចក្ខុវិស័យថា ការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមតុលាការ គឺជាជំហានដ៏សំខាន់ ដើម្បីស្តារមុខមាត់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ យ៉ាងណា អ្នកតាមដានស្ថានការណ៍សង្គម យល់ថា ក្នុងការធ្វើកំណែទម្រង់នេះ ក្រសួងយុត្តិធម៌ ក៏ត្រូវបោសសម្អាតអំពើពុករលួយនិងបក្សនិយមផងដែរ។
ក្រោយឡើងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានប្រកាសដាក់ចេញភ្លាមពីយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ ជាមួយនឹងអភិក្រមទាំង៤យ៉ាងរបស់លោក គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។ ដើម្បីឲ្យកិច្ចការនេះ បានជោគជ័យ លោក បានបង្កើតក្រុមការងារមួយ ដែលភាគច្រើនជាមន្ត្រីក្រសួងយុត្តិធម៌និងមានជំនាញផ្នែកច្បាប់ ហៅថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត។
រយៈពេលត្រឹមជាង៤០ថ្ងៃ ដោយមានការចូលរួមយ៉ាងសកម្មពីចៅក្រម ព្រះរាជធាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង ស្ថាប័នពាក់ព័ន្ធនានា គណៈកម្មការនេះ បានដោះស្រាយសំណុំរឿង បានជាង៣,៤ពាន់ ស្មើនឹងប្រមាណ២៧ភាគរយ នៃសំណុំរឿងសរុបជិត៤ម៉ឺន ដែលកកស្ទះនៅតាមតុលាការ។
គណៈកម្មការនេះ ដែលមានលោក កើត រិទ្ធ ធ្វើជាប្រធានដោយផ្ទាល់ បង្ហាញក្តីរំពឹងថា នៅដំណាច់ឆ្នាំ២០២០ សំណុំរឿងទាំងអស់ ដែលកំពុងកកស្ទះនៅតាមតុលាការ នឹងត្រូវបានដោះស្រាយទាំងស្រុង។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មើលឃើញថា យុទ្ធនាការនេះ មិនមែនដោះស្រាយតែបញ្ហាកកស្ទះសំណុំរឿងនោះទេ តែថែមទាំងបានផ្លាស់ប្តូរឥរិយាបថមន្ត្រីក្នុងតុលាការផងដែរ។ លោក អះអាងថា យុទ្ធនាការនេះ ធ្វើឲ្យមន្ត្រីតាមតុលាការ មានភាពសកម្មជាងមុន និង បំពេញវិជ្ជាជីវៈបានខ្ជាប់ខ្ជួនជាងមុន។
លោក ជិន ម៉ាលីន ជាមនុស្សម្នាក់ ដែលមានតួនាទីក្នុងយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងដែរនោះ វាយតម្លៃដូច្នេះថា៖«តាមរយៈក្រុមការងារ ក៏ដូចជា គណៈកម្មការ ដែលធ្វើការងារផ្ទាល់ យើង ជឿជាក់ថា យុទ្ធនាការនេះ នឹងមានឥទ្ធិពលផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ទៅរកភាពវិជ្ជមាន ហើយក៏នឹងបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធយុត្តិធម៌ដែរ...»។
មន្ត្រីជាន់ខ្ពស់រូបនេះ បន្តថា យុទ្ធនាការនេះ នឹងធ្វើឲ្យសេវាយុត្តិធម៌ កាន់តែមានប្រសិទ្ធភាពជាងមុន ពោលគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។ លោក មានប្រសាសន៍ថា៖«អាហ្នឹងហើយ ដែលប្រជាពលរដ្ឋ ចង់បាន»។
លោក អត្ថាធិប្បាយទៀតថា វិធានការរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើស គឺកាន់តែលឿន ជាហេតុធ្វើឲ្យសំណុំរឿង នៅតាមតុលាការ កើនឡើងយ៉ាងគំហុក ដូច្នេះ ត្រូវបង្កើនសមត្ថភាពឲ្យកាន់តែខ្ពស់ ដល់មន្ត្រី ក៏ដូចជា ស្ថាប័នតុលាការ ដើម្បីអាចដោះស្រាយសំណុំរឿងទាំងនោះ ឲ្យទាន់។ លោក អះអាងថា បើមិនបង្កើនសមត្ថភាពមន្ត្រីតុលាការ ក្នុងការដោះស្រាយសំណុំរឿងទេ យន្តការផ្សេងទៀតរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើស នឹងត្រូវបរាជ័យ។
លោក ចាត់ទុក ការមិនទុកឲ្យសំណុំរឿង នៅកកស្ទះ ថាជាការបង្កើនសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោក និយាយថា៖«សំណុំរឿង ដែលកកស្ទះទាំងប៉ុន្មាន ឥឡូវ ត្រូវបានគេយកមកដោះស្រាយ ជូនគាត់។ អាហ្នឹងហើយ ជាការផ្តល់យុត្តិធម៌ តាមផ្លូវច្បាប់ជូនគាត់»។
បណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម គាំទ្រនិងអបសាទរ ចំពោះការបង្កើនល្បឿន ក្នុងការដោះស្រាយសំណុំរឿងនៅតាមតុលាការ។ ប៉ុន្តែ លោក ក៏នៅមានក្តីបារម្ភដែរថា បើគ្រាន់តែដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ដោយមិនបានដោះស្រាយបញ្ហាផ្សេងទៀត ដូចជា អំពើពុករលួយ និង បក្សពួកនិយម ជាដើម ការធ្វើកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌នេះ នឹងមិនសូវមានប្រសិទ្ធភាពឡើយ។
លោក ផ្តល់ជាយោបល់ដូច្នេះថា៖«បើមានអំពើពុករលួយផ្សេងៗ ក្រសួងយុត្តិធម៌ ត្រូវកាត់សាច់ហ្នឹងចេញខ្លះទៅ អាហ្នឹង បានជាការធ្វើកំណែទម្រង់»។ លោក បន្ថែមថា៖«រឿង ដែលគេរិះគន់ លើប្រព័ន្ធយុត្តិធម៌ គឺអំពើពុករលួយ និងបក្សពួកនិយម...»។
លោក ជិន ម៉ាលីន បកស្រាយថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ក៏ទប់ស្កាត់និងបង្ក្រាប អំពើពុករលួយនិងភាពមិនប្រក្រតីក្នុងតុលាការដែរ តាមរយៈអភិក្រមទាំង៤ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។
លោក បញ្ជាក់ថា៖«បើយុទ្ធនាការ រកឃើញថា មន្ត្រីតុលាការមួយចំនួន អសកម្ម ប្រព្រឹត្តអំពើមិនប្រក្រតី ដូចជា អំពើពុករលួយ អាហ្នឹង ពួកគេ នឹងបានទណ្ឌកម្មផ្នែកវិន័យ ឬមួយក៏ទណ្ឌកម្មផ្នែកច្បាប់។ ចំណែក អ្នកសកម្ម មានសមត្ថភាព មានការលះបង់ មានឆន្ទៈ ហើយធ្វើការបានល្អ នឹងទទួលបានការលើកទឹកចិត្ត»។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី ចង់ឲ្យក្រសួងយុត្តិធម៌រុករកពីមូលហេតុពិតប្រាកដ ថា ហេតុអ្វីបានជា សំណុំរឿង កកស្ទះដល់ទៅរាប់ម៉ឺនករណីបែបនេះ។ លោក សង្កេតឃើញថា សំណុំរឿង ដែលកកស្ទះនោះ ភាគច្រើន គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោក ថ្លែងថា៖«តើគ្រឿងញឿន មានប្រភពមកពីណា ហើយនរណាខ្លះ ដែលនៅពីក្រោយ? បើយើងគ្រាន់តែកាត់ទោសអ្នក ដែលត្រូវបានចាប់ខ្លួន តែមិនរកអ្នកមានអំណាចផ្សេងទៀត ដែលនៅពីក្រោយហ្នឹងទេ អាហ្នឹងយើងអត់បានបញ្ចប់ទេ»។
ការកកស្ទះសណុំរឿង នៅតាមតុលាការ និងភាពចង្អៀតណែនក្នុងពន្ធនាគារ ជាបញ្ហាស្មុគស្មាញមួយក្នុងប្រព័ន្ធយុត្តិធម៌ ដែលរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងដោះស្រាយជាច្រើនឆ្នាំមកហើយ។
រដ្ឋាភិបាល ដាក់ផែនការកសាងបន្ទប់សវនាការបន្ថែម នៅតាមតុលាការ ដើម្បីកុំឲ្យសំណុំរឿងនៅកកស្ទះ ព្រោះតែគ្មានបន្ទាប់ សម្រាប់បើកសវនាការជំនុំជម្រះ ហើយដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ រដ្ឋាភិបាល បានព្យាយាមកសាងពន្ធនាគារបន្ថែមដូចគ្នា។ តែមកដល់បច្ចុប្បន្ន រដ្ឋាភិបាល មិនទាន់ប្រកាសពីភាពជោគជ័យក្នុងការដោះស្រាយបញ្ហាទាំងពីរនេះទេ៕