ជាតិ
សង្គមជាតិ
តើ​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង ពិតជា​អាច​កែប្រែ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​?
06, Jul 2020 , 9:49 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (ឆ្វេងដៃ) និង លោក មាស នី អ្នកតាមដានស្ថានការណ៍សង្គម (រូបពីទំព័រហ្វេសប៊ុករបស់លោកទាំងពីរ)
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (ឆ្វេងដៃ) និង លោក មាស នី អ្នកតាមដានស្ថានការណ៍សង្គម (រូបពីទំព័រហ្វេសប៊ុករបស់លោកទាំងពីរ)
​ក្រសួងយុត្តិធម៌ មាន​ចក្ខុវិស័យ​ថា ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​តាម​តុលាការ គឺជា​ជំហាន​ដ៏​សំខាន់ ដើម្បី​ស្តារ​មុខមាត់​ប្រព័ន្ធយុត្តិធម៌​នៅ​​កម្ពុជា​។ យ៉ាងណា អ្នកតាមដាន​ស្ថានការណ៍​សង្គម​ យល់ថា ក្នុងការ​ធ្វើកំណែទម្រង់​នេះ ក្រសួងយុត្តិធម៌ ក៏ត្រូវ​បោសសម្អាត​អំពើពុករលួយ​និង​បក្សនិយម​ផងដែរ​។



ក្រោយ​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ ក៏​បានប្រកាស​ដាក់ចេញ​ភ្លាម​ពី​យុទ្ធនាការ​ដោះស្រាយ​បញ្ហាកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ ជាមួយនឹង​អភិក្រម​ទាំង​៤​យ៉ាង​របស់លោក គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុករលួយ​។ ដើម្បី​ឲ្យ​កិច្ចការ​នេះ បាន​ជោគជ័យ លោក បាន​បង្កើត​ក្រុម​ការងារ​មួយ ដែល​ភាគច្រើន​ជា​មន្ត្រី​ក្រសួងយុត្តិធម៌​និង​មាន​ជំនាញ​ផ្នែក​ច្បាប់ ហៅថា គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត​។ 
 
​រយៈពេល​ត្រឹម​ជាង​៤០​ថ្ងៃ ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ចៅក្រម ព្រះរាជ​ធា​ជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង ស្ថាប័ន​ពាក់ព័ន្ធ​នានា គណៈកម្មការ​នេះ បាន​ដោះស្រាយ​សំណុំរឿង​ បាន​ជាង​៣,៤​ពាន់ ស្មើនឹង​ប្រមាណ​២៧​ភាគរយ នៃ​សំណុំរឿង​សរុប​ជិត​៤​ម៉ឺន ដែល​កកស្ទះ​នៅតាម​តុលាការ​។ 
 
​គណៈកម្មការ​នេះ ដែលមាន​លោក កើត រិ​ទ្ធ ធ្វើជា​ប្រធាន​ដោយផ្ទាល់ បង្ហាញ​ក្តី​រំពឹងថា នៅ​ដំណាច់ឆ្នាំ​២០២០ សំណុំរឿង​ទាំងអស់ ដែល​កំពុង​កកស្ទះ​នៅតាម​តុលាការ នឹង​ត្រូវបាន​ដោះស្រាយទាំងស្រុង​។ 
 
​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មើលឃើញថា យុទ្ធនាការ​នេះ មិនមែន​ដោះស្រាយ​តែ​បញ្ហា​កកស្ទះ​សំណុំរឿង​នោះទេ តែ​ថែមទាំង​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​មន្ត្រី​ក្នុង​តុលាការ​ផងដែរ​។ លោក អះអាងថា យុទ្ធនាការ​នេះ ធ្វើ​ឲ្យ​មន្ត្រី​តាម​តុលាការ មាន​ភាព​សកម្ម​ជាង​មុន និង បំពេញវិជ្ជា​ជីវៈ​បាន​ខ្ជាប់ខ្ជួន​ជាង​មុន​។ 
 
​លោក ជិន ម៉ា​លីន ជា​មនុស្ស​ម្នាក់ ដែលមាន​តួនាទី​ក្នុង​យុទ្ធនា​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ដែរនោះ វាយតម្លៃ​ដូច្នេះ​ថា​៖«​តាមរយៈ​ក្រុមការងារ ក៏ដូចជា គណៈកម្មការ ដែល​ធ្វើ​ការងារ​ផ្ទាល់ យើង ជឿជាក់ថា យុទ្ធនាការ​នេះ នឹងមាន​ឥទ្ធិពល​ផ្លាស់ប្តូរ​ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា ទៅរក​ភាព​វិជ្ជមាន ហើយក៏​នឹង​បង្កើត​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ មកលើ​ប្រព័ន្ធយុត្តិធម៌​ដែរ​...»​។​
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ បន្តថា យុទ្ធនាការ​នេះ នឹងធ្វើ​ឲ្យ​សេវា​យុត្តិធម៌ កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន ពោលគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុករលួយ​។ លោក មានប្រសាសន៍ថា​៖«​អាហ្នឹង​ហើយ ដែល​ប្រជាពលរដ្ឋ ចង់បាន​»​។ 
 
​លោក អត្ថាធិប្បាយ​ទៀតថា វិធានការ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​បង្ក្រាប​បទល្មើស គឺ​កាន់តែ​លឿន ជាហេតុ​ធ្វើ​ឲ្យ​សំណុំរឿង នៅតាម​តុលាការ កើនឡើង​យ៉ាងគំហុក ដូច្នេះ ត្រូវ​បង្កើន​សមត្ថភាព​ឲ្យ​កាន់តែ​ខ្ពស់ ដល់​មន្ត្រី ក៏ដូចជា ស្ថាប័ន​តុលាការ ដើម្បី​អាច​ដោះស្រាយ​សំណុំរឿង​ទាំងនោះ ឲ្យ​ទាន់​។ លោក អះអាងថា បើ​មិន​បង្កើន​សមត្ថភាព​មន្ត្រី​តុលាការ ក្នុងការ​ដោះស្រាយ​សំណុំរឿង​ទេ យន្តការ​ផ្សេងទៀត​របស់​រដ្ឋាភិបាល ក្នុងការ​បង្ក្រាប​បទល្មើស នឹងត្រូវ​បរាជ័យ​។  
 
​លោក ចាត់ទុក ការមិន​ទុក​ឲ្យ​សំណុំរឿង នៅ​កកស្ទះ ថា​ជាការ​បង្កើន​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ លោក និយាយថា​៖«​សំណុំរឿង ដែល​កកស្ទះ​ទាំង​ប៉ុន្មាន ឥឡូវ ត្រូវបាន​គេ​យកមក​ដោះស្រាយ ជូន​គាត់​។ អាហ្នឹង​ហើយ ជាការ​ផ្តល់​យុត្តិធម៌ តាមផ្លូវ​ច្បាប់​ជូន​គាត់​»​។​
 
​បណ្ឌិត មាស នី អ្នកតាមដាន​បញ្ហា​សង្គម គាំទ្រ​និង​អប​សាទរ ចំពោះ​ការបង្កើន​ល្បឿន ក្នុងការ​ដោះស្រាយ​សំណុំរឿង​នៅតាម​តុលាការ​។ ប៉ុន្តែ លោក ក៏​នៅមាន​ក្តីបារម្ភ​ដែរ​ថា បើ​គ្រាន់តែ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង ដោយ​មិនបាន​ដោះស្រាយ​បញ្ហា​ផ្សេងទៀត ដូចជា អំពើពុករលួយ និង បក្សពួកនិយម ជាដើម ការធ្វើកំណែទម្រង់​លើ​ប្រព័ន្ធយុត្តិធម៌​នេះ នឹង​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ។​
 
​លោក ផ្តល់​ជា​យោបល់​ដូច្នេះ​ថា​៖«​បើ​មាន​អំពើ​ពុក​រលួយ​ផ្សេងៗ ក្រសួងយុត្តិធម៌ ត្រូវ​កាត់​សាច់​ហ្នឹង​ចេញ​ខ្លះទៅ អាហ្នឹង បានជា​ការធ្វើកំណែទម្រង់​»​។ លោក បន្ថែមថា​៖«​រឿង ដែល​គេ​រិះគន់ លើ​ប្រព័ន្ធយុត្តិធម៌​ គឺ​អំពើពុករលួយ និង​បក្សពួកនិយម​...»​។​
 
​លោក ជិន ម៉ា​លីន បកស្រាយ​ថា យុទ្ធនាការ​របស់​ក្រសួងយុត្តិធម៌ ក៏​ទប់ស្កាត់​និង​បង្ក្រាប អំពើពុករលួយ​និង​ភាពមិនប្រក្រតី​ក្នុង​តុលាការ​ដែរ តាមរយៈ​អភិក្រម​ទាំង​៤ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុករលួយ​។ 
 
​លោក បញ្ជាក់ថា​៖«​បើ​យុទ្ធនាការ រកឃើញថា មន្ត្រី​តុលាការ​មួយចំនួន អសកម្ម ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ដូច​ជា អំពើពុករលួយ អាហ្នឹង ពួកគេ នឹង​បាន​ទណ្ឌកម្ម​ផ្នែក​វិន័យ ឬមួយ​ក៏​ទណ្ឌកម្ម​ផ្នែក​ច្បាប់​។ ចំណែក អ្នក​សកម្ម មាន​សមត្ថភាព មានការ​លះបង់ មាន​ឆន្ទៈ ហើយ​ធ្វើការ​បានល្អ នឹង​ទទួលបាន​ការលើកទឹកចិត្ត​»​។ 
 
​ជាមួយគ្នានេះ លោក​បណ្ឌិត មាស នី ចង់​ឲ្យ​ក្រសួងយុត្តិធម៌​រុករក​ពី​មូលហេតុ​ពិតប្រាកដ ថា ហេតុអ្វី​បានជា សំណុំរឿង កកស្ទះ​ដល់​ទៅ​រាប់ម៉ឺន​ករណីបែបនេះ​។ លោក សង្កេតឃើញថា សំណុំរឿង ដែល​កកស្ទះ​នោះ ភាគច្រើន គឺពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ 
 
​លោក ថ្លែងថា​៖«​តើ​គ្រឿង​ញឿ​ន មាន​ប្រភព​មកពីណា ហើយ​នរណា​ខ្លះ ដែល​នៅ​ពីក្រោយ​? បើ​យើង​គ្រាន់តែ​កាត់ទោស​អ្នក ដែល​ត្រូវបាន​ចាប់ខ្លួន តែ​មិន​រក​អ្នកមានអំណាច​ផ្សេងទៀត ដែល​នៅ​ពីក្រោយ​ហ្នឹង​ទេ អាហ្នឹង​យើង​អត់​បានបញ្ចប់​ទេ​»​។  
 
​ការកកស្ទះ​សណុំ​រឿង នៅតាម​តុលាការ និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ជា​បញ្ហា​ស្មុគស្មាញ​មួយ​ក្នុង​ប្រព័ន្ធយុត្តិធម៌ ដែល​រដ្ឋាភិបាល​កម្ពុជា ប្រឹងប្រែង​ដោះស្រាយ​ជាច្រើន​ឆ្នាំ​មកហើយ​។ 
 
​រដ្ឋាភិបាល ដាក់​ផែនការ​កសាង​បន្ទប់​សវនាការ​បន្ថែម នៅតាម​តុលាការ ដើម្បី​កុំ​ឲ្យ​សំណុំរឿង​នៅ​កកស្ទះ ព្រោះតែ​គ្មាន​បន្ទាប់ សម្រាប់​បើក​សវនា​ការជំនុំជម្រះ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ រដ្ឋាភិបាល បាន​ព្យាយាម​កសាង​ពន្ធនាគារ​បន្ថែម​ដូចគ្នា​។ តែ​មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល មិនទាន់​ប្រកាស​ពី​ភាពជោគជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងពីរ​នេះ​ទេ​៕ 
 
 

Tag:
 កំណែទម្រង់​វិស័យ​យុត្តិធម៌​
  បញ្ហា​កកស្ទះ​សំណុំរឿង​
  ជិន ម៉ា​លីន​
  មាស នី
© រក្សាសិទ្ធិដោយ thmeythmey.com