ធ្មេញ​ខូច​កម្រិតណា ទើបត្រូវ​ស្រោប​ធ្មេញ​បែប​ឌីជីថល​?
ជាតិ
សុខភាព
ធ្មេញ​ខូច​កម្រិតណា ទើបត្រូវ​ស្រោប​ធ្មេញ​បែប​ឌីជីថល​?
06, Jul 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ការ​ស្រោប​ធ្មេញ​បែប​ឌីជីថល គឺជា​ការធ្វើ​ធ្មេញ​សិប្ប​និ​មិ្ម​ត​បែប​ឌីជីថល ដែល​ជំនួស​ដល់​ការ​ខាំ​ពុម្ព​ធ្មេញ​បាន​ទាំងស្រុង​។ បើតាម​លោក​ទន្ត​បណ្ឌិត ឡោ គីម​ឆាយ ការ​ស្រោប​ធ្មេញ​បែប​ឌីជីថល មាន​ភាពងាយស្រួល​ដោយ​ប្រើ​រយៈពេល​លឿន​ជាង​ការធ្វើ​ធ្មេញ​ធម្មតា ហើយ​ជួយ​ដល់​មុខងារ​ទំពារ​អាហារ និង​ធ្វើឱ្យ​ធ្មេញ​សិប្ប​និ​មិ្ម​ត​នេះ មាន​ពណ៌​ដូច​ធ្មេញ​ធម្មជាតិ​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​ទន្ត​បណ្ឌិត ឡោ គីម​ឆាយ ទន្ត​បណ្ឌិត​ទូទៅ​នៅ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ ដូចតទៅ​៖
 
 
​លោក​ទន្ត​បណ្ឌិត ឡោ គីម​ឆាយ បាន​អះអាងថា ការ​ស្រោប​ធ្មេញ​បែប​ឌីជីថល ធ្វើឡើង​សម្រាប់​ធ្មេញ​ដែលមាន​បញ្ហា​ដូចជា ធ្មេញ​ពុក​ប្រហោង​ធំ​, ធ្មេញ​មាន​ចន្លោះ​ធំ និង​ធ្មេញ​ដែល​ព្យាបាល​រន្ធ​ឫស​រួច ដើម្បី​ការពារ​ធ្មេញ​បែក​ពេល​ទទួលទាន​អាហារ​រឹង​។​
 
​លោក​ទន្ត​បណ្ឌិត​បាន​រៀបរាប់​អំពី​របៀប​ស្រោប​ធ្មេញ​បែប​ឌីជីថល យ៉ាង​ដូច្នេះ​ថា​៖ «​នៅពេល​អ្នកជំងឺ​ទទួលយក​សេវាកម្ម​ស្រោប​ធ្មេញ​បែប​ឌីជីថល ក្រុមគ្រូពេទ្យ​នឹង​ឆាប​ធ្មេញ​អ្នកជំងឺ​ឱ្យ​ស្អាត​។ បន្ទាប់មក​ស្គែ​ន​រូបភាព​នៅក្នុង​មាត់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ឌីជីថល​ស្គែ​ន​ន័​រ (scanner ) ជា​ប្រភេទ​កា​ម៉េ​រ៉ា​តូច​មួយ​ដែលមាន​សមត្ថភាព​ចាប់​រូប​ភាពជា​លក្ខណៈ​HD​។ បន្ទាប់មកទៀត យើង​នឹង​បញ្ជូនទៅ​អ្នកបច្ចេកទេស ដើម្បី​ផលិត​គ្រាប់​ធ្មេញ​បាន​ភ្លាមៗ​»​។​
 
​លោក​ទន្ត​បណ្ឌិត​នៃ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ​រូបនេះ​បាន​បន្ថែមថា ការ​ស្រោប​ធ្មេញ​បែប​ឌីជីថល អាច​ប្រើប្រាស់​យូរ​ជាង​ការធ្វើ​ធ្មេញ​បែប​ធម្មតា ដោយសារ​វា​ផ្អឹប​ជាមួយ​ធ្មេញ​បានល្អ និង​ជួយ​ការពារ​ការ​ជ្រាប​ទឹក​ធ្មេញ​ផងដែរ​៕

Tag:
 ធ្មេញ​
  ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com