កីឡាជាតិ
ជាតិ
វិសាខា​បោះ​ពុ​ម្ភ​អាវ​ដាក់​រូប​កីឡាករ ទៀត គឹម​ហេង ដើម្បី​ឲ្យ​រូបគេ​រឹងមាំ​
06, Jul 2020 , 5:09 pm        
រូបភាព
កីឡាករវិសាខាពាក់អាវមានរូបកីឡាករ ទៀត គឹមហេង ក្នុងអំឡុងពេលហ្វឹកហាត់មុនប៉ះជាមួយភ្នំពេញក្រោន, រូបភាពពីក្លិបវិសាខា
កីឡាករវិសាខាពាក់អាវមានរូបកីឡាករ ទៀត គឹមហេង ក្នុងអំឡុងពេលហ្វឹកហាត់មុនប៉ះជាមួយភ្នំពេញក្រោន, រូបភាពពីក្លិបវិសាខា
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា​បាន​បោះ​ពុ​ម្ភ​អាវ​មាន​រូប​កីឡាករ ទៀត គឹម​ហេង នៅ​ចំ​ពីមុខ​យ៉ាង​ធំ សម្រាប់​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​ពាក់ ដើម្បី​ផ្តល់​កម្លាំង និង​លើកទឹកចិត្ត​ដល់​រូបគេ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។ ការធ្វើ​បែបនេះ ស្របពេល​ក្លិប​វិសាខា​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន នា​ជំនួប​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។​

 
​កីឡាករ ទៀត គឹម​ហេង បាន​អវត្តមាន​ជាមួយ​ក្លិប​វិសាខា នា​ជំនួប​បើកឆាក​ដ៏​សំខាន់​ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ដោយសារ​របួស ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មីៗ ។ ទោះបី​ខ្សែបម្រើ​រូបនេះ មិនបាន​បង្ហាញខ្លួន​លើ​ទីលាន​ផ្ទាល់ ប៉ុន្តែ​ឈ្មោះ និង​រូបថត​របស់គេ ត្រូវបាន​ក្លិប​វិសាខា​បោះ​ពុ​ម្ភ​រំលេច​នៅលើ​អាវ​របស់​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​។​
 
​ការបោះ​ពុ​ម្ភ​អាវយឺត​មាន​រំលេច​ឈ្មោះ និង​រូបថត​របស់​កីឡាករ ទៀត គឹម​ហេង នៅ​ចំ​ពីមុខ​ដ៏​ធំ​នេះ គឺ​ដើម្បី​ផ្តល់ និង​លើក​កម្លាំងចិត្ត​ឲ្យ​កីឡាករ​រូបនេះ មាន​ភាពរឹងមាំ និង​ចង់​បង្ហាញថា អ្នក​គ្រប់គ្នា​ក្នុង​វិសាខា​នៅ​ជាមួយ​រូបគេ​ជានិច្ច​។ ក្លិប​វិសាខា​បាន​បង្ហោះ​រូបថត​កីឡាករ​ពាក់អាវ​មាន​រូប​កីឡាករ ទៀត គឹម​ហេង ចំនួន​២០​សន្លឹក ជាមួយ​ការរៀបរាប់​ដូច្នេះ​ថា​៖«​រឹងមាំ​ឡើង​! ពួកយើង​នៅក្បែរ​អ្នកជា​និច្ច​»​។​
 
​បច្ចុប្បន្ន​កីឡាករ ទៀត គឹម​ហេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ រូបគេ​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​ឡាន​បុក ខណៈ​រូបគេ​កំពុង​ជិះ​ម៉ូតូ​នៅលើ​ផ្លូវ​លេខ​១៤៣​កែង​ផ្លូវ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២៦ ឈានចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នោះដែរ បាន​បណ្តាល​ឲ្យ​នារី​ម្នាក់ ដែល​ជិះ​ម៉ូតូ​ជាមួយ គឹម​ហេង បាន​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ​។​
 
​ក្រោយមក​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ លោកស្រី កែ សួន​សុ​ភី ប្រធាន​ក្លិប​វិសាខា​បានចេញ​មក​អះអាងថា លោកស្រី​នឹង​ស្វែងរក​រថយន្ត​បង្ក ដែល​បាន​បើក​បុក​កីឡាករ ទៀត គឹម​ហេង រួមជាមួយ​យុវតី​ម្នាក់​ហើយ​រត់​។ ប៉ុន្តែ​មកទល់ពេលនេះ សមត្ថកិច្ច​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​រថយន្ត និង​ជនបង្ក​នោះបាន​នៅឡើយ​ទេ​។  


 
​សម្រាប់​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ល្ងាច​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ក្រុម​វិសាខា​បាន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ក្រោយ​ចប់​ការប្រកួត​៩០​នាទី​ពួកគេ​រក្សា​លទ្ធផល​ស្មើ ២-២​។ កីឡាករ ស៊ិន សុ​ផា​ណាត់ និង រ៉ឹង ប៊ុន​ហៀ​ង ជា​អ្នករក​គ្រាប់​ឲ្យ​វិសាខា ខណៈ​គ្រាប់​បាល់​ភ្នំពេញ​ក្រោ​នស​ម្រេច​ម្នាក់​មួយគ្រា​ន់​ដោយ​កីឡាករ Paulo Victor និង Rafael Adres​។ 
 
​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​លទ្ធផល ៤-១​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ណាហ្គា​សម្រេច​បាន​ពីរ​គ្រាប់​ដោយ Shane Booysen និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ គួច ដា​នី និង Naruse Yuta ខណៈ ណា​រ៉ុង កក្កដា ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​។   
 
​ដោយឡែក ក្រុម​អគ្គិសនី​កម្ពុជា​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ គ្រាប់​បាល់​របស់​ម្ចាស់ផ្ទះ​អគ្គិសនី​រកបាន​ដោយ​កីឡាករ សៀន សុភ​ក្ត្រា និង ឈួ​ត ស៊ុន​ទៀង ខណៈ​កីឡាករ តាំង សុភ័ក្ត្រ និង Cristiano Marcolino Santos ជា​អ្នកសម្រេច​គ្រាប់​បាល់​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​៕   


 

Tag:
 ​បាល់ទាត់​
  វិសាខា​
  ទៀត គឹម​ហេង
© រក្សាសិទ្ធិដោយ thmeythmey.com