អន្តរជាតិ
សារមន្ទីរល្បីល្បាញនៅបារាំង Louvre បើកទ្វារឡើងវិញហើយ ក្រោយបិទ៤ខែ អ្នកកាសែត នៅសារមន្ទីរ louvre កាលពីថ្ងៃទី២៣ ខែមិថុនា ខណៈខាងសារមន្ទីរត្រៀមរៀបចំបើកទ្វារឡើងវិញ (AFP)
× សារមន្ទីរ Louvre ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងពិភពលោក បើកទ្វារទទួលសាធារណជនជាថ្មី នៅថ្ងៃទី៦ ខែកក្កដា ក្រោយផ្អាកដំណើរការរាប់ខែដោយសារ COVID-19 ។ ទោះបើកទទួលភ្ញៀវចូលកម្សាន្តឡើងវិញមែន ប្រមាណ១ភាគ៣នៃសាលពិព័រណ៍សិល្បៈខ្លួននៅតែបន្តបិទទ្វារដដែល។
សារមន្ទីរ Louvre ដែលជាអតីតបរមរាជវាំងដ៏ធំសម្បើមរបស់ស្តេចបារាំង បានបាត់បង់ចំណូលក្នុងការលក់សំបុត្រចូលទស្សនារហូតដល់៤៥លានដុល្លារ អំឡុងពេលបម្រាមបិទប្រទេសរយៈពេលជិត៤ខែមកនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ទាក់ទិនហេតុផលនៃការបើកឡើងវិញនេះ នាយកសារមន្ទីរបារាំងនេះ លោក Jean-Luc Martine បានសារភាពថា វាអាចត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត មុនពេលពិភពលោកអាចសម្រួលខ្លួនជាមួយវីរុសនេះ។
បើទោះជាបន្ទប់ដាក់តាំងផ្ទាំងគំនូរល្បីល្បាញបំផុតរបស់សារមន្ទីរបារាំងនេះ ដូចជា Mona Lisa និងវត្ថុបុរាណដ៏ច្រើនមុខផ្សេងទៀត នឹងត្រូវបើកឲ្យគេចូលទស្សនាបានមែន បន្ទប់ដាក់តាំងបង្ហាញសិល្បៈផ្សេងទៀត ដែលពិបាកអនុវត្តគម្លាតសុវត្ថិភាព នឹងត្រូវបន្តបិទទ្វារដដែល។ សារមន្ទីរបារាំងនេះ បានដាក់ចេញវិធានការខ្លះដើម្បីបញ្ចៀសការប្រមូលផ្ដុំមនុស្សច្រើនពេក ដោយការគូសសញ្ញាព្រួញនាំផ្លូវអ្នកចូលទស្សនា។
ខណៈប្រមាណ៧០ភាគរយនៃអ្នកចូលទស្សនា៩,៦លាននាក់របស់សារមន្ទីរ Louvre កាលពីឆ្នាំមុន គឺមកពីបរទេស ហើយវិស័យទេសចរណ៍ជាប់គាំងនោះ លោកនាយក Martinez បានបញ្ជាក់ថា តួលេខនេះអាចធ្លាក់ចុះយ៉ាងគំហុក។ ត្រង់ចំណុចនេះលោកប្រាប់ AFP ដូច្នេះថា៖«យើងកំពុងបាត់បង់៨០%នៃតួលេខអ្នកចូលទស្សនា»។
យ៉ាងណាមិញ សារមន្ទីរបារាំងចំណាស់ជាង២០០ឆ្នាំនេះ សង្ឃឹមថា អាចទាក់ទាញអ្នកចូលទស្សនាជនជាតិបារាំងដើម្បីបំពេញចន្លោះប្រហោង។ រដ្ឋាភិបាលបារាំងបានដាក់ចេញបម្រាមបិទប្រទេសតឹងរ៉ឹងលើកដំបូងកាលពីពាក់កណ្ដាលខែមីនា ហើយបន្តពន្យាររហូតមក។ តែក្រោយស្ថានការណ៍ COVID-19 ធូស្រាល រដ្ឋាភិបាលផ្ដើមបន្ធូរបន្ថយវិធានការនេះជាបណ្ដើរៗវិញ តាមដំណាក់កាល៕
Tag:
បារាំង
សារមន្ទីរ Louvre
© រក្សាសិទ្ធិដោយ thmeythmey.com