អ្នកភូមិ​បង្ហាញ​ក្តីសង្ឃឹម​រឿង​ជម្លោះដីធ្លី ក្រោយ​ឧកញ៉ា​និង​អភិបាលរង​ខេត្តបាត់ដំបង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​បង្ហាញ​ក្តីសង្ឃឹម​រឿង​ជម្លោះដីធ្លី ក្រោយ​ឧកញ៉ា​និង​អភិបាលរង​ខេត្តបាត់ដំបង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​
07, Jul 2020 , 7:59 pm        
រូបភាព
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមូលផ្តុំគ្នា ដើម្បីផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានVOA។ (ស៊ុន ណារិន/វីអូអេ)
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមូលផ្តុំគ្នា ដើម្បីផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានVOA។ (ស៊ុន ណារិន/វីអូអេ)
ដោយ: VOA
​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ៖ អ្នកភូមិ​នៅ​តំបន់​មានទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​និយាយថា ពួកគេ​បានមក​កាប់​ឆ្ការព្រៃ​នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង តាំងពី​ជិត​១០​ឆ្នាំមុន ដើម្បី​រស់នៅ ហើយ​ពួកគេ​យល់ថា នេះ​ជា​គម្រប​ព្រៃឈើ​របស់​រដ្ឋ មិនមែនជា​កម្មសិទ្ធិឯកជន​ណា​នោះទេ​។  ប៉ុន្តែ​ក្រោយមក ក្នុង​ឆ្នាំ​២០១៥ ជម្លោះដីធ្លី​ក៏​កើតឡើង ហើយ​ពួកគេ​ត្រូវបាន​ឧកញ៉ា​ម្នាក់​ឈ្មោះ សង ថន ដែលមាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង ចោទថា កាន់កាប់​ដី​របស់លោក ដែលមាន​នៅក្នុង​តំបន់​នោះ​ជាង​៥​ពាន់​ហិកតា​។

 
​ឧកញ៉ា​ដែលមាន​បុរី​ផ្ទះល្វែង សង ថន ក្នុង​ក្រុង​បាត់ដំបង ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​ហើយ​កសាង​សំណុំរឿង​ទៅ​តុលាការ​។ តុលាការ​រាជធានី​ភ្នំពេញ​បាន​សាកសួរ​រូបលោក ព្រមទាំង​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់ទៀត​។​
 
​រស់នៅ​ក្បែរ​ភ្នំ​វែង ក្នុងភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ លោក ស៊ឹ​ប គូ អ្នកភូមិ​ម្នាក់ អាយុ​៤៩​ឆ្នាំ​ថ្លែងប្រាប់ VOA ថា លោក​ជា​អ្នកស្រុក​ក្នុង​ខេត្តកំពត ហើយ​បានមក​រកស៊ី​នៅ​ស្រុក​គាស់ក្រឡ រហូតដល់​បាន​កាប់ឆ្ការ​ដីព្រៃ​ប្រមាណ​១០​ហិកតា តាំងពី​ឆ្នាំ​២០០៩​មក​។ លោក​ថា លោក​ពុំមាន​ដី​រស់នៅ ហើយ​មានបំណង​ចាប់ដី​នៅទីនេះ​ដើម្បី​រស់នៅ​។ លោក​បន្តថា លោក​កាប់ឆ្ការ​ព្រៃ​នោះ ហើយ​លោក​មិនបាន​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​សង ថន នោះទេ​។​រហូតមកដល់​ពេលនេះ  លោក​បាន​ដាំដំឡូង ខ្នុរ ស្វាយ​និង​ទៀប​នៅលើ​ដី​នោះ​។​
 
​លោក​ថ្លែងប្រាប់ VOA កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​នៅ​នេះ ខ្ញុំ​មករក​ស៊ី​នៅ​ហ្នឹង​។ មកដល់ ឃើញ​ដី​នៅ​ទំនេរ ក៏​ខ្ញុំ​អត់​មាន​ដី មាន​ធ្លី​នៅ ក៏​ខ្ញុំ​ចាប់​អាស្រ័យ​ផល​ទៅ​»​។​
 
​លោក ស៊ឹ​ប គូ ក៏ដូចជា​ប្រជាពលរដ្ឋ​ជាង​២០០ គ្រួសារ​ទៀត ដែល​អះអាងថា​ពួកគេ​បាន​កាន់កាប់​ដី​នោះ​យូរ​មកហើយ​អះអាងថា វា​មិនមែនជា​ដី​របស់​ឧកញ៉ា សង ថន នោះទេ​។ ប៉ុន្តែ​ពួកគេ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ឧកញ៉ា​រូបនេះ​ថា​ជា​ដី​របស់លោក ដែលមាន​ទៅដល់​ជាង​៥​ពាន់​ហិកតា​។ ជម្លោះ​មាន​តាំងពី​ឆ្នាំ​២០១៥ រហូតដល់​មានការ​ប្តឹងផ្តល់ ហើយ​អ្នកភូមិ​៧​នាក់​ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​ក្នុង​មួយ​នាក់​។​
 
​ក្រោយ​ការឃាត់ខ្លួន​លោក សង ថន ក្នុង​ជម្លោះដីធ្លី​នេះ  លោក ស៊ឹ​ប គូ ស្នើ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​លោក​ថា បាន​ចូល​ដៃ​ជាមួយ​លោក​សង ថន​ក្នុងការ​គ្រប់គ្រង​ដី​នៅទីនេះ  ហើយ​មិនបាន​ដោះស្រាយ​ជម្លោះ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​។​


លោក ស៊ឹប គូ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)
 
​លោក​មានប្រសាសន៍ថា​៖ «​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ចាត់វិធានការ​អំពើពុករលួយ​របស់លោក សង ថន​។ មួយទៀត​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ផ្សេងៗ​ដើម្បី​វែកមុខ​រក​ជន​ដែល​លោភលន់​នេះ​រក​ឲ្យ​ឃើញ​»​។​
 
​ស្រុក​គាស់ក្រឡ ជា​អតីត​តំបន់​ផ្តាច់ខ្លួន​ខ្មែរក្រហម ដែល​នៅជាប់​នឹង​ស្រុក​សំឡូត​។  ក្រោយ​ការ​ផ្តាច់ខ្លួន  ដី​តំបន់​នេះ​ត្រូវបាន​ចែក​ដល់​យោធា ដើម្បី​ពួកគេ​អាច​រស់​នៅបាន​។​
 
​មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ លោក ហេង សាយ​ហុង ដែល​ធ្លាប់​ចេញចូល​តំបន់​នេះ​ជាច្រើន​ឆ្នាំ​មកហើយ មានប្រសាសន៍ថា គាស់ក្រឡ​ជា​តំបន់​យោធា ក្រោយ​សមាហរណកម្ម​ឆ្នាំ​១៩៩៨  ហើយ​រដ្ឋ​មាន​គោលការណ៍​ក្នុង​ការចែក​ដី​ទៅ​យោធិន​ប៉ុន្តែ​ការចែក​នោះ​មិនមាន​ការវាស់វែង​និង​ឯកសារ​ត្រឹមត្រូវ​ទើប​នាំ​ឲ្យ​មាន​ជម្លោះ​រហូតមកដល់​បច្ចុប្បន្ន​។​


លោក សង ថន ដែលជាឧកញ៉ាមួយរូប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ក្រោមហេតុផលថាលោកបានប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
 
​លោក​បន្តថា​ជម្លោះដីធ្លី​ជាមួយ​លោក សង ថន ទើប​ផ្ទុះឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​កាលពី​ដើមឡើយ​ប្រជាពលរដ្ឋ​ដឹងថា លោក​សង ថន គ្រប់គ្រង​ដី​រាប់ពាន់​ហិកតា ហើយ​អាជ្ញាធរ​ក៏​មិនមាន​វិធានការ​អ្វី​ដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ្នកណា​ក៏​គេ​ឆ្ងល់​ដែរ ម៉ា​គាស់ក្រឡ​ម៉ា​ខេត្តបាត់ដំបង​ហ្នឹង​។ ខ្ញុំ​ចុះ​អស់ហើយ ម៉ា​ស្រុក​គាស់ក្រឡ​ហ្នឹង គឺ​ខ្ញុំ​ឃើញ​ម៉ា​ប៉ែក​ដី​សង ថន  ម៉ា​វាល​ដ៏​ធំ​ល្វឹងល្វើយ​រហូតដល់​ជើងភ្នំ រាប់សិប​ពាន់​ហិកតា​។ ខ្ញុំ​ចេះតែ​ឆ្ងល់​ដែរ​គេ​ចេះតែមាន​សេចក្តីសុខ​។​គេ​មាន​របង​ហ៊ុម​ទៅ អត់​មាន​អ្នកណា​ទៅរក​រឿង​។ ខ្ញុំ​ចេះតែ​ឆ្ងល់​ដែរ​។ គេ​មាន​សេចក្តីសុខ​ជាមួយ​អាជ្ញាធរ​អី​»​។​
 
​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ករណី​ដីធ្លី​នៅទីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​ប្តឹងទៅ​មេធាវី​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​រហូតដល់​មាន​ការចុះ​ត្រួតពិនិត្យ​ផងដែរ​។​
 
​ពលរដ្ឋ​ម្នាក់ទៀត​ដែលមាន​ជម្លោះដីធ្លី​ដែរ គឺ​លោក យួ​ម យឿ​ប អាយុ​៤៩​ឆ្នាំ មានប្រសាសន៍ថា កន្លងទៅ​លោក សង ថន ធ្លាប់​ប្រាប់​ប្រជាជន​ថា​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណាយ​កដី​រប​ស់លោក​នោះទេ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា ពួកគេ​កាប់ឆ្ការ​ដី​នោះ ហើយ​ពួកគេ​យល់ថា មិនមាន​ម្ចាស់​នោះទេ​។​


លោក យួម យឿប (អង្គុយលើអង្រឹង) អាយុ៤៩ឆ្នាំ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)
 
​លោក យឿ​ប ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ  តែ​មិន​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​នោះទេ ។ លោក​មានប្រសាសន៍ថា​៖ «​គាត់​អត់​គោរព​តាម​គោលការណ៍​ច្បាប់​ទេ​។​គាត់​នៅតែ​បំពាន​។​បើ​និយាយ​ទៅ  គោល​គំនិត​របស់គាត់​គាត់​ចង់យក​ពួក​ខ្ញុំ​ដាក់គុក​បណ្តោយ​។ គាត់​និយាយថា មួយ​ច​ង្អា​ម គាត់​អត់​ឲ្យ​ផង​»​។​
 
​ពលរដ្ឋ​ម្នាក់ទៀត​គឺ​លោក ម៉ម កាក់ អាយុ​៥០​ឆ្នាំ មានប្រសាសន៍ថា ពលរដ្ឋ​នៅទីនេះ​ជាច្រើន​គ្រួសារ​រងគ្រោះ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​លោក​សង ថន​។​
 
​លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​នៅទីនេះ អ្នកណា​ក៏​គ្រោះថ្នាក់​ពី​សង ថន ដែរ​។​មិនមែន​តែ​គ្រួសារ​ពួក​ខ្ញុំ​នេះ​ទេ​»​។ លោក​បន្តថា​កន្លងទៅ មានការ​ជជែក​ពី​សំណង  តែ​លោ​កថា ប្រជាពលរដ្ឋ​ក៏ដូចជា​រូបលោក​មិនអាច​ទទួល​សំណង​តិចតួច​ដែល​ផ្តល់​ឲ្យ​នោះទេ​។​


លោក ម៉ម កាក់ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)
 
​លោក​មានប្រសាសន៍ថា​៖ «​យកទៅ​!​ចង់​ឲ្យ​សំណង ។​ចង់​ឲ្យ​កាត់​ឆ្វៀល​គេ​យក​ខ្លះ​វិញ​។ ខ្ញុំ​អត់​ព្រម​ទេ​។ សំណង​ថា​៥០០(​ដុល្លារ​) ៨០០(​ដុល្លារ​)​។ ខ្ញុំ​ថា​ខ្ញុំ​សួរ​ទៅវិញ​ថា​ខ្ញុំ​យកលុយ​ហ្នឹង​ទៅធ្វើ​អី​។ លុយ​៥០០(​ដុល្លារ​) ៨០០ ខ្ញុំ​យកចេញ​ពីនេះ​ទៅ ចេញទៅ ទាល់តែ​ជួល​ផ្ទះសំណាក់​គេ​»​។​
 
​បើតាម​ប្រជាពលរដ្ឋ​លោក​សង ថន​មាន​គ្រឿងចក្រ​នៅទីនេះ ហើយ​កំពុង​កាយ​ថ្មភ្នំ​តា​រ៉ែ​ន​នៅក្នុង​ស្រុក​គាស់ក្រឡ​ផងដែរ​។​
 
​ពលរដ្ឋ​ម្នាក់ទៀត​លោក គៀត តុង​ខេង អាយុ​៥៣​ឆ្នាំ មានប្រសាសន៍ថា លោក​ធ្លាប់​ជាប់ពន្ធនាគារ​១​ខែ​ក្នុង​រឿង​ដី ធ្លី​នេះ  ហើយ​ត្រូវបាន​ដោះលែង​វិញ​។ លោក​បន្តថា លោក​ត្រូវបាន​ចោទប្រកាន់ថា កាន់កាប់​ដីឯកជន​របស់លោក​ស​ង ថន​។​


លោក គៀត តុងខេង អាយុ៥៣ឆ្នាំ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។(ស៊ុន ណារិន/វីអូអេ)
 
​លោក​មានប្រសាសន៍ថា​៖ «​ដល់ពេល​សួរ​ហេតុផល​វា​អត់​មាន​ការងារ​ជាក់ស្តែង​ផង​។​ខ្ញុំ​មក​កាត់​ព្រៃ អត់​មានមក​រំលោភ​លើដី​រប​ស់​គេ​ផង​!​។​មុនដំបូង​ចោទ​ខ្ញុំ​ថា ខ្ញុំ​មិន​គោរព​ដីកា​ពី​អធិការ​ទៅ​។​ដល់ពេល​ដល់​តុលាការ​ថា​ខ្ញុំ​មិន​គោរព​កម្មសិទ្ធិឯកជន​»​។​
 
​យោងតាម​សេចក្តីសម្រេច​របស់​តុលាការខេត្ត​បាត់ដំបង​ចុះ​ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០១៩ ចៅ​ក្រុម​ជំនុំជម្រះ​របស់​តុលាការខេត្ត​បាត់ដំបង លោក​ឡូយ ចាន់​ត្រា និង​តំណាង​អយ្យកា​រលោក​ផាន រតនា ជា​ព្រះរាជអាជ្ញារង​ខេត្តបាត់ដំបង​បានសម្រេច​ផ្តន្ទាទោស​ពលរដ្ឋ​៧​នាក់ ដែលមាន​លោក គៀត តុង​ខេង លោក ម៉ម កាត់ លោក​យួ​ម យឿ​ប លោក ម៉ែត អន លោក ឆាយ ឈឿត លោក ឆុន ឈើ​ន និង​លោក ហ៊ុល ខឿន ដាក់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​ម្នាក់ ពីបទ​ប៉ះពាល់​កម្មសិទ្ធិឯកជន​តាម​បញ្ញត្តិ​មាត្រា​២៤៨ និង​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល ដែល​ប្រព្រឹត្តទៅ​នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥​។​
 
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តបាត់ដំបង​ដកហូត​ដី​ពី​លោក សង ថន ត្រឡប់មកវិញ ដោយបាន​ចោទ​ឧកញ៉ា​រូបនោះ​ថា «​បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់​»​។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង​គ្រប់គ្រង និង​រក្សាទុក​សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច​។​
 
​លោក ហ៊ុន សែន បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវធ្វើ​ការងារ​នេះ​បន្តទៅទៀត​។ លោក​បញ្ជាក់ថា ដំណាក់កាល​នេះ ជា​ពេលដែល​ត្រូវ​ចាត់វិធានការ​លើ​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​កលល្បិច​ផ្សេងៗ​។ លោក​ថា បុគ្គល​បែបនេះ​ត្រូវ​ផ្តន្ទាទោស ហើយ​ឈានទៅដល់​ការដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។​
 
​នៅក្នុង​ឯកសារ​មួយច្បាប់​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​ពលរដ្ឋ​មាន​ជម្លោះ​បាន​ដឹងឮ  លោក សង ថន បាន​សរសេរ​ទៅកាន់​លោក ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា លោក​បាន​ទិញ​ដី​ចំនួន​៥១៤៤​ហិកតា ដែល​ស្ថិតក្នុង​ឃុំ​ព្រះ​ផុស ឃុំ​ឆ្នាល់មាន់ និង​ឃុំ​ដូន​បា តាំងពី​ឆ្នាំ​២០០០ ដែលជា​ដី​គោលនយោបាយ​របប​យោធា​អភិវឌ្ឍន៍​យោធា​ភូមិភាគ​ទី​៥​។  លោក​សរសេរ​បន្តថា លោក​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០០ តែ​មិនទាន់មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​នោះទេ ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​មក​កាប់​ទន្ទ្រាន​លើដី​របស់លោក​។​
 
​លោក សង ថន បន្តថា ត្រង់ចំណុច​ភ្នំ​ស្នរ ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស មាន​ប្រជាពលរដ្ឋ​១៣៣ នាក់ ទៅ​ទន្ទ្រាន​យក​ដី​អស់​ចំនួន​៣០០ ហិកតា​។  ហើយ​ត្រង់ចំណុច​ភ្នំ​សំរោង ភូមិ​សំរោង ឃុំ​ឆ្នាល់មាន់ មាន​ប្រជាពលរដ្ឋ និង​យោធិន​ចំនួន​៦៦ គ្រួសារ​ទៅ​ទន្ទ្រាន​និង​បាន​ដាំំ​ដុះ​អស់​ចំនួន​១៦៣​ហិកតា​។​

 
 
​ទោះជា​យ៉ាងណា  លោក​ថា លោក​សម្រេច​ប្រគល់​ដី​របស់លោក​ចំនួន​៧០០ ហិកតា​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ដែល​ក្នុងនោះ​២០០ ហិកតា សម្រាប់ធ្វើ​សួន​ធម្មជាតិ​សម្តេច​ក្រឡាហោម ស ខេង នៅ​ស្រុក​គាស់ក្រឡ​នេះ ៥០០​ហិកតា សម្រាប់​ដោះស្រាយ​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ តែ​លោក​សុំ​ដូរ​ទីតាំង​មក​យក​នៅ​ចំណុច​ភ្នំ​សំរោង ភូមិ​សំរោង ឃុំ​ឆ្នាល់មាន់​វិញ​។  ឧកញ៉ា​រូបនេះ​បន្តថា ចំណែក​ដី​៣៧ ហិកតា​ទៀត ទុក​ឲ្យ​លោក ស ខេង ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​។​
 
​ឧកញ៉ា​រូបនោះ​បញ្ជាក់ថា ចំណែក​ដី​ដែល​នៅសល់​៤៤៤៤ ហិកតា លោក​ស្នើសុំ​រដ្ឋមន្ត្រី​មហាផ្ទៃ ចេញ​ជាគោលការណ៍​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​បណ្ណ​សម្គាល់​កាន់កាប់​។​
 
​ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រាប់ VOA ថា មិនមាន​ដំណោះស្រាយ​ដូច​ការស្នើសុំ​នេះ​ទេ​។​
 
​ប៉ុន្តែ​ក្រោយមកទៀត មាន​លិខិត​មួយច្បាប់​ទៀត​ដែល​ចេញ​ដោយ​អតីត​អភិបាលខេត្ត​បាត់ដំបង គឺ​លោក ច័ន្ទ សុផល ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ ដែល​ក្នុងនោះ អតីត​អភិបាលខេត្ត​រូបនោះ លើក​ឡើងទៅ​លោក ស ខេង​ថា ស្នើសុំ​គោលការណ៍​កាត់​ដី​ពី​លោក សង ថន ចំនួន​២៥០០ ហិកតា ចែកជូន​ប្រជាពលរដ្ឋ​៤៦៣ ហិកតា និង​២០០ ហិកតា​ធ្វើ​ឧទ្យាន​ធម្មជាតិ  ២៥ ហិកតា​សម្រាប់​បុណ្យ​រុក្ខ​ដាំ​កូនឈើ និង​នៅសល់​១៨១២ ហិកតា ស្នើ​លោក ស ខេង រក្សា​ទុកជា​ដី ត្រៀម​បម្រុង​របស់​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​របស់​ខេត្ត​។​
 
​បន្ទាប់មក លោក ស ខេង បានចេញ​លិខិត​មួយ​ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ឆ្លើយតប​ថា លោក​យល់ព្រម​តាម​សំណើ​នេះ​។  ប៉ុន្តែ​ប្រជាពលរដ្ឋ​លើកឡើងថា  មិនទាន់មាន​ការដោះស្រាយ​ណាមួយ​នោះទេ រហូតដល់​ថ្ងៃ​លោក សង ថន ត្រូវបាន​ចាប់ខ្លួន​។​
 
​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះផ្សាយ​ថា លោក សង ថន បាន​ប្តឹង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ដែល​ទទួលបន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​ចោទ​អភិបាលរង​ខេត្ត​រូបនោះ​ថា បាន​ក្លែង​ឯកសារ​ដាក់​ទៅ​លោក ស ខេង ក្នុង​ការសុំ​កាត់​ដី​រហូតដល់​២៥០០ ហិកតា មិនមែន​៧០០​ហិកតា ដូច​ការស្នើសុំ​នោះទេ​។ សារព័ត៌មាន​នេះ បាន​ដកស្រង់​សម្តី​របស់លោក សង ថន​ថា អភិបាលរង​ខេត្តបាត់ដំបង​នោះ បាន​យកប្រាក់​របស់លោក​ចំនួន​២៥០០០​ដុល្លារ​ទៀត ដោយ​សន្យាថា យកទៅ​រត់​ការធ្វើ​ប្លង់ដី​ឲ្យ​លោក​។​
 
VOA មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​នៅឡើយ​ទេ​។​
 
​លោក ស៊ឹ​ប គូ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០០ គ្រួសារ ដែលមាន​ជម្លោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដូចនេះ​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅបាន​ដោយ​ស្របច្បាប់ និង​បញ្ចប់​ជម្លោះ​ត្រឹម​ប៉ុណ្ណេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ប្រជាពលរដ្ឋ​ដូចជា​រូបខ្ញុំ​សូម​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ធ្វើជា​ប្លង់រឹង ក៏ដូចជា​បណ្ណ​កាន់កាប់​ហ្នឹង ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ការបារម្ភ​របស់​ប្រជាពលរដ្ឋ​គឺ​បារម្ភ​ខ្លាច​មានរឿង​រ៉ាវ​ថ្ងៃក្រោយ​ទៅ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com