អន្តរជាតិ
កម្លាំង​សន្តិសុខ​ជាតិ​ហុងកុង​មាន​សិទ្ធិ​ឃាត់ខ្លួន​ជនសង្ស័យ​មិន​ឲ្យ​ចាក​ចេញពី​ហុងកុង​
07, Jul 2020 , 9:49 am        
រូបភាព
លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ។ រូបភាព៖ Reuters
លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ។ រូបភាព៖ Reuters
​ទីក្រុង​ហុងកុង បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត ជុំវិញ​អំណាច​របស់​កងកម្លាំង​សន្តិសុខ ដែល​ស្ថិតនៅក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ថ្មី​។ ការបញ្ចេញ​ព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែកក្កដា បាន​បន្ថែមថា កងកម្លាំង​សន្តិសុខ​ជាតិ មាន​សិទ្ធិ​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ចាក​ចេញពី​ហុងកុង មានអំណាច​ក្នុងការ​ចូលទៅក្នុង​ទីកន្លែង​ណា ដើម្បី​ស្វែងរក​ភស្តុតាង និង​អាច​ស្នើ​ឲ្យ​អង្គការ ឬ​ទីភ្នាក់ងារ​បរទេស​ផ្តល់ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​ហុងកុង​។



​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីក្រុង​ហុងកុង បាន​បញ្ចេញ​សេចក្តីលម្អិត​បន្ថែមទៀត ដែល​ទាក់ទង​អំណាច​របស់​កងកម្លាំង​សន្តិសុខ​ហុងកុង ដែល​មានចែង​នៅក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​។ នៅក្នុង​ការ​លម្អិត​បន្ថែ​ម​នៃ​ច្បាប់​សន្តិសុខ​ជាតិ​នេះ កម្លាំង​សន្តិសុខ​ហុងកុង មាន​យុត្តាធិការ ក្នុងការ​ចូលទៅ​កន្លែង​ណាមួយ ឬ​ស្វែងរក​កន្លែង​ណាមួយ ដើម្បី​ប្រមូល​ភស្តុតាង​។ បន្ថែម​ពីលើ​នេះ កងកម្លាំង​មួយ​នេះ ក៏មាន​សិទ្ធិ​រឹតត្បិត​ជនសង្ស័យ ឬ​ប្រជាជន មិន​ឲ្យ​ចាក​ចេញពី​ហុងកុង​ផងដែរ​។ 
 
​ទន្ទឹមនេះ ប្រសិនបើ​ចាំបាច់ កងកម្លាំង​សន្តិសុខ អាចមាន​សិទ្ធិ​រឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួន ដែលមាន​ទាក់ទង​នឹង​បទល្មើស​ប្រឆាំង​សន្តិសុខ​ជាតិ និង​មាន​សិទ្ធិ​ស្នើ​ឲ្យ​អង្គការ និង​ទីភ្នាក់ងារ​នយោបាយ​តៃវ៉ាន់ និង​បរទេស ផ្តល់ព័ត៌មាន​មួយចំនួន​ជុំវិញ​បញ្ហា​ហុងកុង​។ 
 
​ច្បាប់​សន្តិសុខ​ជាតិ ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា បាន​ហាមឃាត់​ពីបទ​ឧក្រិដ្ឋ​ចំនួន ៤​ធំៗ គឺ ការធ្វើ​អបគមន៍ វិទ្ធង្សនា ភេរវកម្ម និង​ការ​ផ្សំគំនិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​សន្តិសុខ​ជាតិ​ហុងកុង​។ បើ​ជន​ណា​ហ៊ាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំង​៤​នេះ ជន​ទាំងនោះ អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ​រហូតដល់​មួយជីវិត ឬ​ជាង ១០ ឬ​តិចជាង ៣​ឆ្នាំ អាស្រ័យ​លើ​ស្ថាន​ទម្ងន់ទោស​។​
 
​នាពេល​កន្លងមក ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សកម្មជន​ហុងកុង និង​បរទេស បើទោះបីជា​មន្ត្រីជាន់ខ្ពស់​ចិន និង​ហុងកុង បាន​អះអាងថា ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​ការពារ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ស្ថិរភាព និង​សិទ្ធិ​របស់​ប្រជាជន​ហុងកុង​។ អង់គ្លេស ដែលជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង​ក៏បាន​ចេញមុខ​រិះគន់​ដែរ ហើយ​ថែមទាំង​ព្រមាន​ពី​ការផ្តល់​លិខិតឆ្លងដែន​សម្រាប់​ជនជាតិ​ចក្រភព​អង់គ្លេស​នៅ​បរទេស​(British National Overseas) ឲ្យ​ប្រជាជន​ហុងកុង​ផងដែរ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ជំទាស់​យ៉ាងខ្លាំង​។​
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជាធរ​មានមក មនុស្ស​យ៉ាងហោចណាស់ ១០​នាក់​ត្រូវបាន​ចាប់ខ្លួន នៅក្រោម​ច្បាប់​ថ្មី​នេះ​។​

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com