ជាតិ
សង្គមជាតិ
សម្ដេច ស ខេង​៖ បទពិសោធន៍​ដ៏​ល្អ​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ គឺ​ធ្វើការ «​មិន​យកមុខ យក​មាត់​»
07, Jul 2020 , 10:14 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការគ្នា​យ៉ាង​ល្អ ក្នុងការ​រៀបចំ និង​អនុវត្ត​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​មិន​ប្រជែង​យក​ស្នាដៃ​រៀងៗ​ខ្លួន​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​៧ កក្កដា​។​


​សម្ដេច ស ខេង បាន​កត់សម្គាល់ថា ក្រសួង​ទាំងពីរ​នេះ បាន​បំពេញការងារ​ច្រើន​កន្លងមកនេះ ដោយមាន​ការយោគយល់ និង​ដោះស្រាយ​រួមគ្នា ហើយ​មិនដែល​ប្រកាន់​ផ្នត់គំនិត​យកឈ្នះ យក​ចាញ់​គ្នា និង​បំពេញការងារ​យកតែ​មុខមាត់​ឡើយ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់ទុក​ការសហការ​រួមគ្នា ដោយ​គ្មាន​ភាព​ប្រទាំង​ប្រទើស​នេះ ជា​បទពិសោធន៍​ល្អ​មួយ​នៅក្នុង​សង្គម​។​
 
​ថ្លែង​ចំពោះមុខ​មន្ត្រីរាជការ និង​កងកម្លាំង​សមត្ថកិច្ច សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទាំងពីរ ជាពិសេស​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ គឺជា​បទពិសោធន៍​មួយ​យ៉ាង​ល្អ ដែល​បញ្ជាក់​ឱ្យឃើញថា កិច្ចការ​ទាំងឡាយ មាន​កិច្ចការ​ខ្លះ​យើង​ចាំបាច់​ត្រូវតែ​ធ្វើការ​រួមគ្នា មិនអាច​ថា​ក្រសួង ស្ថាប័ន​នីមួយៗ គឺ​ជម្នះ​រៀងខ្លួន យកមុខយកមាត់​រៀងៗ​ខ្លួន​នោះទេ ។ តាមពិត​ទៅនេះ ជា​បេសកកម្ម​រួម​របស់​យើង ដើម្បី​ជាតិ និង​ដើម្បី​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ហើយ​យើង​(​ក្រសួង​ទាំងពីរ​) បានធ្វើការ​ច្រើនណាស់ ដើម្បី​ធ្វើ​កិច្ចការ​នេះ តាំងពី​ការរៀបចំ​ច្បាប់ទម្លាប់​ហូរហែរ​មក​»​។ 
 
​សម្ដេច ស ខេង ក៏​ជំរុញ​មន្ត្រី​ក្រសួង​ទាំងពីរ បន្ត​អនុវត្ត​ការងារ​ដោយ​ភាព​ហ្មត់ចត់ និង​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។​
 
 

Tag:
 ស ខេង​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com