សម្ដេច ស ខេង​៖ «​ខ្ញុំ​ជា​អ្នក​រងកម្ម ដោះស្រាយ​រឿង​ដី​»
ជាតិ
សង្គមជាតិ
សម្ដេច ស ខេង​៖ «​ខ្ញុំ​ជា​អ្នក​រងកម្ម ដោះស្រាយ​រឿង​ដី​»
07, Jul 2020 , 11:55 am        
រូបភាព
​ភ្នំពេញ​៖ បញ្ហាដីធ្លី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​ចេញ​ប្លង់គោល​ពី​ឥឡូវនេះ​ទៅ ដើម្បី​បញ្ចៀស​បញ្ហា​ស្មុគស្មាញ និង​ការតវ៉ា​នាពេលខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​


​សម្ដេច ស ខេង បាន​បញ្ជាក់ថា បើ​មិនមាន​ការកំណត់​ប្លង់​មេ ឬ​ប្លង់គោល ឱ្យបាន​ច្បាស់​ទេ នោះ​បញ្ហាដីធ្លី​នឹង​កើតមានឡើង​។ សម្ដេច ស ខេង ក៏បាន​លើក​ជា​ឧទាហរណ៍​ដោយ​ប្រយោល​ថា មាន​អ្នកធំ កំពុង​សម្រុក​ទៅ​ចាប់ដី​នៅ​ខេត្តមណ្ឌលគិរី ដែលជា​ប៉ូល​សេដ្ឋកិច្ច​របស់​កម្ពុ​ជាប​ណ្ដើ​រៗ​ហើយ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខាង​នគរូបនីយកម្ម ការរៀបចំ​ប្លង់គោល ប្លង់​នៅ​កន្លែង​មួយចំនួន ដែលជា​ប៉ូល​អភិវឌ្ឍន៍​អីហ្នឹង បើ​យើង​មិន​គិតពី​ឥឡូវ​ទៅ ច្របូកច្របល់​អស់ហើយ ហើយ​ទៅមុខ​មិន​ងាយ​កែ​ទេ មិន​ងាយ​កែ​ហ្មង​។ ឥឡូវ​ឧទាហរណ៍​កំពង់សោម វា​ទៅ​អ៊ីចឹង​ហើយ​(​បញ្ហាដីធ្លី​) ឥឡូវ​កែ​បាន​បណ្ដើរៗ​ហើយ​។ ខេត្ត​ម​ណ្ដ​ល​គិរី ឧទាហរណ៍​អ៊ីចឹង ដែលថា​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដែរ ឥឡូវ​នាំគ្នា​ទៅ​ចាប់ដី​កំពុង​មានរឿង​មិនទាន់​ដោះស្រាយ​ផង ហើយ​សុទ្ធតែ​(​អ្នកមានអំណាច​)​ធំៗ ប៉ុន្តែ​ប៉ុនណា​ខ្ញុំ​មិនដឹង​ទេ ដឹង​តែ​ធំៗ​»​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង៖


 

សម្ដេច ស ខេង ក៏បាន​បញ្ជាក់ថា បញ្ហាដីធ្លី​នេះ ជះ​រូបភាព​អាក្រក់​ណាស់​ដល់​សង្គម និង​រដ្ឋាភិបាល ហើយ​សម្ដេច ក៏​រងកម្ម​ដោយសារ​បញ្ហាដីធ្លី​នេះដែរ​។ «​ឥឡូវ​ឮថា ទៅ​ប្រជែង​គ្នា​ចាប់ដី ខ្ញុំ​គឺជា​អ្នក​រងកម្ម​ទេ មែនទែន​ទៅនោះ ដោះ​(​ស្រាយ​)​រឿង​ដី​ហ្នឹង (​ខ្ញុំ​)​រងកម្ម ចាំ​ដោះ​ឱ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​មហាផ្ទៃ​។​
 
​កាលពី​ថ្ងៃទី​៣ កក្កដា សម្ដេច ហ៊ុន សែន បានប្រកាស​អនុវត្ត​អភិក្រម​វះកាត់ ចំពោះ​បញ្ហាដីធ្លី​ផងដែរ​។ ក្នុងន័យនេះ​សម្ដេច ចង់​សំដៅលើ​ការដោះស្រាយ​បញ្ហាដីធ្លី ដោយ​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ​ជូន​ពលរដ្ឋ ជាពិសេស​កម្ចាត់​មន្ត្រី ឬ​អ្នកមានអំណាច ដែល​រំលោភបំពាន​ដីធ្លី​ប្រជាពលរដ្ឋ​។ 
 
​មិនតែប៉ុណ្ណោះ​សម្ដេច ក៏បាន​បញ្ជា​ឱ្យ​ក្រសួង​ចំនួន​៣ កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី​ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ និង​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជាដើម​។ រដ្ឋមន្ត្រីក្រសួង​ទាំង​៣ ដែល​ត្រូវ​ទទួល​ភារកិច្ច​នេះ រួមមាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក ជា សុផារ៉ា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
 
«​ព្រោះ​កន្លងមក រដ្ឋ​មានតែ​ដី​ក្នុង​ផែនទី​ទេ តាមពិត​មាន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅដ្ឋាន​រស់នៅ​បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជាការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​ឱ្យ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត​។ ទន្ទឹមនឹងនេះ សូម​កុំឱ្យ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ​នៅ​ជិតៗ​ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​មន្ត្រី និង​អ្នកមានអំណាច ដែល​ឆ្លៀតឱកាស​ទាញ​ចំណេញ​ពី​ការបែងចែក និង​ទទួល​ដីធ្លី​ដែរ​ថា ពួកគេ​នឹងមាន​ទោស បើ​អនុវត្ត​មិន​ត្រឹមត្រូវ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖ «​មន្ត្រី អ្នកមានអំណាច ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
 
 

Tag:
 ស ខេង​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com