រដ្ឋមន្ត្រី​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ប្រឡង​បញ្ចប់​ឆ្នាំ តាម​បន្ទប់​
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ប្រឡង​បញ្ចប់​ឆ្នាំ តាម​បន្ទប់​
07, Jul 2020 , 2:14 pm        
រូបភាព
សកម្មភាពសិស្សប្រឡង​ (រូបភាពពីសាកលវិទ្យាល័យកម្ពុជា)
សកម្មភាពសិស្សប្រឡង​ (រូបភាពពីសាកលវិទ្យាល័យកម្ពុជា)
​ភ្នំពេញ​៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា សម្រេច​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​សិក្សា​តាម​បន្ទប់ ដោយ​កំណត់​ត្រឹម​មនុស្ស​តែ​១៥ ទៅ​២០​នាក់ ក្នុង​មួយ​បន្ទប់ ហើយ​ត្រូវគោរព​តាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​រដ្ឋមន្ត្រី​អប់រំ ផ្ញើ​ទៅ​បណ្តា​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​។

 
​ការណ៍​ដែល​លោក ហង់​ជួន ណា​រ៉ុ​ន អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ ប្រឡង​បញ្ចប់​ឆ្នាំ​តាម​បន្ទប់រៀន ដោយសារតែ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ មិនអាច​រៀបចំ​ការប្រឡង​តាម​អន​ឡាញ ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​បានឡើយ​។ ចំណែក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន លោក​រដ្ឋមន្ត្រី ឲ្យ​រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​តាម​អន​ឡាញ​ដដែល​។ 
 
​លោក​រដ្ឋមន្ត្រី តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​នីមួយៗ រៀបចំ​ដំណើរ​ការប្រឡង​បញ្ចប់​ឆ្នាំ​ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​។ មុន​ហ្នឹង​រៀបចំ​ដំណើរ​ការប្រឡង​នេះ​បាន គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ទៅ​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ និង​ទុកជា​ព័ត៌មាន​ជាមុនសិន​។   
 
​ក្រសួង​អប់រំ នឹង​ពិចារណា​បើក​សាលារៀន​ឡើងវិញ ដោយ​ក្រសួង​បែង​ចែកជា​៣​ដំណាក់កាល គឺ ដំណាក់កាល​ទី​១ សាលារៀន មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ដំណាក់កាល​ទី​២ សាលារៀន មាន​ស្តង់ដា​មធ្យម និង ដំណាក់កាល​ទី​៣ សាលារៀន​មាន​ស្តង់ដា​អប្បបរមា​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រសួង​កំពុងតែ​សហការ​ជាមួយនឹង​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច ដើម្បី​ពិចារណា​កំណត់​ថ្ងៃ​បរិច្ឆេទ និង​វិធានការ​ចាំបាច់ សម្រាប់​បើក​សាលា​ឡើងវិញ ក្នុងដំណាក់កាល​ទី​១ ប៉ុណ្ណោះ​។ 
 
​ចំណែក ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ ក្រសួង​នឹង​កំណត់​បើក​ជា​បន្តបន្ទាប់​ទៀត​។ នេះ​បើតាម​អ្នកនាំពាក្យ​ដដែល ដោយ​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ នឹង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណាក់កាល​ទី​១ រួច​នឹង​បន្ត​ពិនិត្យ​ករណី​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ យោង​លើ​ផែន​ការដែល​ក្រសួង​បានរៀបចំ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​»៕ 
 
 

Tag:
 គ្រឹះស្ថានសិក្សា​
 ​ប្រឡង​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com