កីឡាអន្តរជាតិ
អន្តរជាតិ
៥​ប្រកួត​ចុងក្រោយ តើ Brighton, West Ham, Watford, Aston Villa, Bournemouth ឬ Norwich ដែល​ធ្លាក់​ពី EPL?
07, Jul 2020 , 7:29 pm        
រូបភាព
​ក្របខណ្ឌ Premier League បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទី​៣៣​របស់ខ្លួន​ហើយ និង​ថែមទាំង​រកឃើញ​ក្រុម​ជើងឯក​រួចហើយ​ដែរ​។ Liverpool បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០ តាំងពី​សប្តាហ៍​ទី​៣១​ម្លេះ ដ្បិត​ពួកគេ​មាន​ពិន្ទុ​នាំមុខ​ដាច់​។ ស្របពេល​គ្នា​នេះ ក្រុម​ចំនួន ៦ កំពុង​ស្រ​វេ​ស្រវា​ដើម្បី​ចៀស​ផុតពី​តំបន់​ត្រូវ​កាត់ចោល ខណៈ​នៅសល់ ៥ ប្រកួត​ទៀត​។​


៦​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​ដើម្បី​បន្ត​ដង្ហើម​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ​មាន​ចាប់ពី​ចំណាត់ថ្នាក​ទី​១៥ ដល់ទី​២០ ដែល​រួមមាន Brighton & Hove Albion, West Ham United, Watford, Aston Villa, AFC Bournemouth និង Norwich City​។​
 
​ក្រុម​បាត​តារាង Norwich City ដែល​ទើប​រកបាន​២១​ពិន្ទុ ហាក់ដូចជា​មានការ​លំបាក​ជាងគេ​ក្នុងចំណោម​ក្រុម​ទាំង​៦ ខណៈ Brighton ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៥ ដែលមាន ៩​ពិន្ទុ​ពីលើ​តំបន់​ត្រូវ​កាត់ចោល​ដូច​ជាមាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការបន្ត​នៅ​រដូវ​កាល​ក្រោយ​។ យ៉ាងណាក៏ដោយ ទាំង Norwich និង Brighton សុទ្ធតែ​មានឱកាស​ធ្លាក់ និង​បន្ត​នៅ​លី​គ​កំពូល​ដូចគ្នា​។​
 
​ជាមួយនឹង​ការប្រកួត​សេសសល់​៥​លើក​ទៀត ដែល​ស្មើនឹង​១៥​ពិន្ទុ គឺជា​ជំនួប​ដ៏​សំខាន់បំផុត​សម្រាប់​ការ​ប្រជែង​គ្នា​រវាង​ក្រុម AFC Bournemouth, Aston Villa, Watford និង West Ham ដែលមាន​ពិន្ទុ​ប្រដេញ​គ្នា ដើម្បី​បន្ត​ស្នាក់​នៅក្នុង​ក្របខណ្ឌ Premier League នេះ​ទៀត​។ 
 
Bournemouth ដែល​ឈរ​លេខ​១៩ ក្នុង​តារាង និង Aston Villa នៅ​លេខ​រៀង​ទី​១៨ មាន​២៧​ពិន្ទុ​ដូចគ្នា និង​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ដូចគ្នា​។ ដោយឡែក Watford ដែល​នៅជាប់​តំបន់​ត្រូវ​កាត់ចោល មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម Aston Villa ហើយ West Ham រកបាន​៣១​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៦​។​
 
៥​ប្រកួត​ចុងក្រោយ​របស់ Norwich City នឹងត្រូវ​ប៉ះ Watford, West Ham, Chelsea, Burnley និង Manchester City​។ 
 
AFC Bournemouth ត្រូវ​ជួប Tottenham Hotspur, Leicester City, Man City, Southampton និង Everton​។​
 
៥​ប្រកួត​ចុងក្រោយ​របស់ Aston Villa ភាគច្រើន​សុទ្ធតែ​ប៉ះ​ក្រុម​ខ្លាំង​ជាង​ដូចជា Manchester United, Crystal Palace, Everton, Arsenal និង West Ham​។​
៥​ប្រកួត​ចុងក្រោយ​របស់ Watford ត្រូវ​ជួប Norwich City, Newcastle United, West Ham, Man City និង Arsenal​។​
 
West Ham ត្រូវ​ជួប Burnley, Norwich City, Watford, Man Utd និង Aston Villa ខណៈ Brighton នឹងត្រូវ​តតាំង​ជាមួយ Liverpool, Man City, Southampton, Newcastle United និង Burnley​។​
 
​ចំណោម​ក្រុម​ទាំង​៦​ខាងលើនេះ ប្រសិនបើ​ក្រុម​ណា​ត្រូវ​ប៉ះ Leicester City, Chelsea, Man Utd, Wolves, Arsenal និង Spurs នោះ ប្រាកដជា​លំបាក​ខ្លាំង​មិន​ខាន ដ្បិត​ក្រុម​ទាំងនេះ ក៏​កំពុង​ប្រជែង​យក​តំណែង Top 4 ដើម្បី​បាន​កៅអី​លេង Champions League និង​កៅអី Europa league នៅ​រដូវ​កាល​ក្រោយ​រៀងៗ​ខ្លួន​ផងដែរ​៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com