ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ ឲ្យឈប់ដើរចែកខិត្តប័ណ្ណតាមស្តុប ឬបិទតាមបង្គោលភ្លើង ដើមឈើ និង របងសាធារណៈ ... លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបពីរដ្ឋបាលរាជធានីភ្នំពេញ)
× ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ទៅគ្រប់ក្រុមហ៊ុនឯកជន រួមទាំង អង្គភាព វិទ្យាស្ថាន អង្គការ និង សមាគម ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមួយចំនួន ដូចជា ការចងផ្ទាំងផ្សព្វផ្សាយដោយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណតាមភ្លើងស្តុប ការបិទផ្សាយខិត្តប័ណ្ណព័ត៌មាន-ប័ណ្ណពាណិជ្ជកម្មតាមបង្គោលភ្លើង តាមដើមឈើ តាមរបងអគារសាធារណៈ តាមរបងការដ្ឋាន និង តាមរមណីយដ្ឋាន ជាដើម។
លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឲ្យក្រុមហ៊ុននិងភាគីខាងលើ បញ្ឈប់ការគូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង (ឧគ្ឃោសនសព្ទ) ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួនផ្សព្វផ្សាយផលិតផល តាមរថយន្ត តាមម៉ូតូ តាមរ៉ឺម៉ក ការដាក់ឆត្រតាមដងផ្លូវសាធារណៈ និង ការចែកស៊ីមកាត។
រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងរដ្ឋបាលខណ្ឌ សាលាសង្កាត់ និង នគរបាលប៉ុស្តិ៍ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជន ដែលបានប្រព្រឹត្តសកម្មភាពទាំងនេះ ហើយត្រូវអបរំ ឬតម្រូវឲ្យចុះកិច្ចសន្យាចំពោះមុខសមត្ថកិច្ចឲ្យបានច្បាស់លាស់ ព្រមទាំង តម្រូវឲ្យចុះប្រមូលសម្ភារវិញ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានដូច្នេះថា៖«ក្នុងករណី មិនរាងចាល ត្រូវផាកពិន័យ ទៅតាមស្ថានទម្ងន់ទោស ដែលសាមីជនបានប្រប្រឹត្ត ឬផ្អាកអាជីវកម្ម [ហើយ] ក្នុងករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅតុលាការ»។
រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ការឲ្យបញ្ឈប់សកម្មភាពទាំងអស់នេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនេះម្តងរួចមកហើយ តែនៅតែបន្តកើតមានដដែល ទើបបានជា រដ្ឋបាលរាជធានីភ្នំពេញ ធ្វើសេចក្តីណែនាំជាថ្មីទៀត នាពេលនេះ៕
Tag:
សកម្មភាពផ្សាយពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com