ជាតិ
សង្គមជាតិ
រដ្ឋបាល​ភ្នំពេញ ឲ្យ​ឈប់​ដើរ​ចែក​ខិ​ត្ត​ប័​ណ្ណ​តាម​ស្តុ​ប ឬ​បិទ​តាម​បង្គោល​ភ្លើង ដើមឈើ និង របង​សាធារណៈ ...
07, Jul 2020 , 8:29 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបពីរដ្ឋបាលរាជធានីភ្នំពេញ)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបពីរដ្ឋបាលរាជធានីភ្នំពេញ)
ជាថ្មី​ម្តងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ទៅគ្រប់​ក្រុមហ៊ុន​ឯកជន រួមទាំង អង្គភាព វិទ្យាស្ថាន អង្គការ និង សមាគម ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​មួយចំនួន ដូចជា ការចង​ផ្ទាំង​ផ្សព្វផ្សាយ​ដោយ​អនាធិបតេយ្យ ការចែក​ខិត្តប័ណ្ណ​តាម​ភ្លើងស្តុប ការបិទ​ផ្សាយ​ខិត្តប័ណ្ណ​ព័ត៌មាន​-​ប័ណ្ណ​ពាណិជ្ជកម្ម​តាម​បង្គោល​ភ្លើង តាម​ដើមឈើ តាម​របង​អគារ​សាធារណៈ តាម​របង​ការដ្ឋាន និង តាម​រមណីយដ្ឋាន ជាដើម​។ 


​លើសពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​ក្រុមហ៊ុន​និង​ភាគី​ខាងលើ បញ្ឈប់​ការ​គូរគំនូរ​អា​ហ្វី​ស ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧ​គ្ឃោ​សន​សព្ទ​) ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ផលិតផល តាម​រថយន្ត តាម​ម៉ូតូ តាម​រ៉ឺម៉ក ការដាក់​ឆត្រ​តាម​ដងផ្លូវ​សាធារណៈ និង ការចែក​ស៊ីម​កាត​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ រួមទាំង​រដ្ឋបាល​ខណ្ឌ សាលាសង្កាត់ និង នគរបាល​ប៉ុស្តិ៍ ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ជន ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ ហើយ​ត្រូវ​អបរំ ឬ​តម្រូវ​ឲ្យ​ចុះកិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច​ឲ្យ​បានច្បាស់លាស់ ព្រមទាំង តម្រូវ​ឲ្យ​ចុះ​ប្រមូល​សម្ភារ​វិញ​។ 
 
​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ដូច្នេះ​ថា​៖«​ក្នុងករណី មិន​រាងចាល ត្រូវ​ផាកពិន័យ ទៅតាម​ស្ថាន​ទម្ងន់ទោស ដែល​សាមីជន​បាន​ប្រ​ប្រឹ​ត្ត ឬ​ផ្អាក​អាជីវកម្ម [​ហើយ​] ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​តុលាការ​»​។​
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ អះអាងថា ការ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងអស់នេះ គឺ​ដើម្បី​លើកកម្ពស់​សោភ័ណភាព ក្នុង​រាជធានី​ភ្នំពេញ​។ កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ម្តង​រួចមកហើយ តែ​នៅតែ​បន្ត​កើតមាន​ដដែល ទើបបានជា រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើ​សេចក្តីណែនាំ​ជាថ្មីទៀត នាពេលនេះ​៕ 
 

Tag:
 សកម្មភាព​ផ្សាយពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com