កីឡាជាតិ
ជាតិ
កម្ពុជា​កំណត់​យក​ខែមិថុនា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ ASEAN Para Games 2023
08, Jul 2020 , 7:59 am        
រូបភាព
សម្តេច ទៀ បាញ់ ពេលចូលរួមកិច្ចប្រជុំបូកសរុបឆមាសទី១របស់ CAMSOC កន្លងមក, រូបភាពពី CAMSOC
សម្តេច ទៀ បាញ់ ពេលចូលរួមកិច្ចប្រជុំបូកសរុបឆមាសទី១របស់ CAMSOC កន្លងមក, រូបភាពពី CAMSOC
ដោយ:
​កម្ពុជា​បានកំណត់​យក​ខែមិថុនា ឆ្នាំ​២០២៣ ជា​ថ្ងៃ​រៀបចំ​ការប្រកួត​កីឡា​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ASEA Para Games 2023​។ ការកំណត់​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​កម្ពុជា​(CAMSOC)​កាលពីពេល​ថ្មីៗ​។

 
​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC បាន​ឯកភាព​យក​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២៣ ដើម្បី​រៀបចំ​ការប្រកួត​កីឡា ASEAN Para Games 2023 លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ពោលគឺ​១៥​ថ្ងៃ​បន្ទាប់ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games លើក​ទី​៣២ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥-១៧ ខែឧសភា ឆ្នាំ​២០២៣​។  
 
​ការកំណត់​យក​កាលបរិច្ឆេទ​ខាងលើ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ និង​ដាក់​ផែនការ​យុទ្ធ​អនុវត្ត​សម្រាប់​ឆមាស​ទី​២​របស់​គណៈកម្មការ CAMSOC តាម​សំណើរ​របស់លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ 
 
CAMSOC ដែល​ទទួលបន្ទុក​រៀប​ចំការ​ប្រកួត​កីឡា ASEAN Para Games ផង​នោះ មិនទាន់​កំណត់​ពី​ចំនួន​ប្រភេទ​កីឡា​ដែល​ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​លោក យី វាសនា កម្ពុជា​គ្រោង​ដាក់​កីឡា​ចន្លោះ​ពី​១៦​ទៅ​១៧​ប្រភេទ​កីឡា​ឲ្យ​ប្រកួតប្រជែង​។ 
 
​ជា​បទពិសោធ​កន្លងមក​ក្នុង​ព្រឹត្តិការណ៍ ASEAN Para Games 2017 ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បានដាក់​កីឡា​ចំនួន​១៥​ប្រភេទ ខណៈ ASEAN Para Games 2019 នៅ​ប្រទេស​ហ្វីលីពីន ដែល​បាន​លុបចោល​កាលពីពេល​ថ្មីៗ ពួកគេ​គ្រោង​ដាក់​១៦​ប្រភេទ​កីឡា​។​
 
​ជាក់ស្តែង​បច្ចុប្បន្ន​សម្រាប់​កីឡា​ជន​មាន​ពិការភាព​មាន​កីឡា​តែ​៩​ប្រភេទ​ប៉ុណ្ណោះ ដែល​កំពុង​ហ្វឹកហាត់​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ​សម្រាប់​ត្រៀម​ឆ្ពោះទៅ​ឆ្នាំ​២០២៣​។ ប៉ុន្តែ​បើតាម​លោក យី វាសនា កម្ពុជា​នឹង​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៨​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕   
 
 

Tag:
 ASEAN Para Games 2023
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com