លោក ស សុខា​៖ «​ខ្ញុំ​ពុំដែល​យក​តួនាទី​បុណ្យស័ក្តិ​របស់ខ្លួន ទៅ​កាង​នឹង​រឿង​អ្វីមួយ​ឡើយ​»
កីឡាជាតិ
ជាតិ
លោក ស សុខា​៖ «​ខ្ញុំ​ពុំដែល​យក​តួនាទី​បុណ្យស័ក្តិ​របស់ខ្លួន ទៅ​កាង​នឹង​រឿង​អ្វីមួយ​ឡើយ​»
07, Jul 2020 , 9:59 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាស្ថាបនិកក្លិបវិសាខា, រូបភាពពីហ្វេសប៊ុក Sar Sohka
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាស្ថាបនិកក្លិបវិសាខា, រូបភាពពីហ្វេសប៊ុក Sar Sohka
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា អះអាងថា លោក​មិនដែល​ប្រើ​អំណាច ឬ​យកបុណ្យ​ស័ក្តិ​ធ្វើជា​ខ្នងបង្អែក​(​កាង​)​ឲ្យ​អ្នកណាម្នាក់ ឬ​ស្ថាប័ន​ណាមួយ​ប្រព្រឹត្ត​អំពើ​ត្រឹមត្រូវ​នោះទេ ពិសេស​ពាក់ព័ន្ធ​នឹង​ក្លិប​វិសាខា​។ លោក​ដាស់តឿន​ដល់​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន ឲ្យ​ឈប់​បញ្ចេញយោបល់​ដោយ​ភ្ជាប់​រូបលោក​ទៅនឹង​រឿង ដែល​មិន​បានដឹង ឬ​ពាក់ព័ន្ធ​។

 
​ស្ថាបនិក​ក្លិប​បាល់ទាត់​វិសាខា​លោក ស សុខា បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​បុគ្គល​មួយចំនួន​តូច ដែល​បញ្ចេញមតិ​រិះគន់​ដោយ​ភ្ជាប់​រូបលោក​ទៅនឹង​រឿង ដែល​លោក​មិនបាន​ដឹង ឬ​ពាក់ព័ន្ធ​។ ការបង្ហាញ​អារម្មណ៍​បែបនេះ ធ្វើឡើង​ក្រោយ​លោក​សង្កេតឃើញថា ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច​បាន​យក​រូបលោក​ទៅ​ពាក់ព័ន្ធ​រឿង​មិនល្អ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់លោក​។ 
 
«​ថ្មីៗ​នេះ​ដោយ​ពិនិត្យឃើញថា មាន​បងប្អូន​មួយចំនួន​តូច ដែល​ចូលចិត្ត​បញ្ចេញ​អារម្មណ៍​របស់ខ្លួន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) ជុំវិញ​ក្លិប​វិសាខា ដោយ​ធ្វើការ​ទាញ​ភ្ជាប់​រូបខ្ញុំ​ទៅនឹង​ការបញ្ចេញ​អារម្មណ៍​នោះ បែប​វាយប្រហារ​ខុសពី​ការពិត​មកលើ​រូបខ្ញុំ ទាំង​ខ្ញុំ​មិនបាន​ដឹង ឬ​ពាក់ព័ន្ធ​ទាល់តែសោះ បណ្តាលឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ខ្ញុំ​ជាខ្លាំង​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​របស់លោក ស សុខា ចំពោះ​អ្នក​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ពាក់ព័ន្ធ​រឿង ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​នោះទេ​។ 
 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ​អះអាងថា លោក​មិនដែល​ប្រើ​អំណាច ឬ​បុណ្យស័ក្តិ​ក្នុងការ​ដោះស្រាយ​បញ្ហា ឬ​ឈរឈ្មោះ​នៅក្រោយ​រឿង​មិនល្អ​នោះទេ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ពុំដែល​យក​តួនាទី​បុណ្យស័ក្តិ​របស់ខ្លួន ទៅ​កាង​នឹង​រឿង​អ្វីមួយ​ឡើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ក្លិប​វិសាខា បើទោះបីជា​រូបខ្ញុំ​ជា​ស្ថាបនិក​ក្លិប​នេះ ហើយ​បច្ចុប្បន្ន​ភរិយា​របស់ខ្ញុំ ជា​ប្រធាន​ក្លិប​ក៏ដោយចុះ​។ បង្កើត​ក្លិប​នេះ ពុំបាន​គិតពី​ផលប្រយោជន៍​នោះទេ ដោយសារ​ស្រឡាញ់ និង​ចង់​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​តែប៉ុណ្ណោះ​»​។​
 
​កូនប្រុស​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ដាស់តឿន​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​បញ្ចេញមតិ ឬ​រិះគន់​អ្នកណាម្នាក់ ព្រោះ​ការបញ្ចេញមតិ ឬ​រិះគន់​របស់​ពួកគេ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​។ ជាពិសេស​អាច​នាំ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ ឬ​ជាប់​ទោសទណ្ឌ​ក៏​អាច​ថា​បាន​។ «​សូមកុំ​គិតថា​ធ្វើ​ខុស​ហើយ​សុំទោស​រួចខ្លួន ក៏​ចេះតែធ្វើ​ទៅនោះ​អី​!»​។ លោក ស សុខា បាន​បន្ថែម​បែបនេះ​៕  

Tag:
 បាល់ទាត់​
  ស សុខា​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com