ការស្ទង់មតិ​៖ ប្រជាជន​ថៃ​ភាគច្រើន​លែង​សូវ​ខ្វល់​ពី​ហានិភ័យ COVID-19
COVID-19
អន្តរជាតិ
ការស្ទង់មតិ​៖ ប្រជាជន​ថៃ​ភាគច្រើន​លែង​សូវ​ខ្វល់​ពី​ហានិភ័យ COVID-19
08, Jul 2020 , 8:29 am        
រូបភាព
ប្រជាជនថៃលេងកម្សាន្តនៅឧទ្យានមួយកន្លែងក្នុងខេត្ត Pathum Thani (ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍)
ប្រជាជនថៃលេងកម្សាន្តនៅឧទ្យានមួយកន្លែងក្នុងខេត្ត Pathum Thani (ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍)
​ការស្ទង់មតិ​ថ្មី​មួយ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៧ ខែកក្កដា បាន​រកឃើញថា ប្រជាជន​ថៃ​មួយចំនួនធំ  លែង​សូវ​ចាប់អារម្មណ៍​អំពី​ស្ថានភាព COVID-19 ក្នុងប្រទេស​។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​ថៃ​ទទួលបន្ទុក​កិច្ចការ COVID-19 បាន​ប្រតិកម្ម​ចំពោះ​រឿងនេះ ដោយ​ទទូច​ឲ្យ​ពលរដ្ឋ​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​វិធាន​សុខភាព​។

 
«២​ភាគ​៣​នៃ​ប្រជាជន​ថៃ លែង​សូវ​ខ្វល់ខ្វាយ​ចំពោះ​ហានិភ័យ ជំងឺ​រាតត្បាត​សកល COVID-19»​។ ការស្ទង់មតិ​ថ្មី​មួយ​ដែល​រៀបចំឡើង​ដោយសារ​សកលវិទ្យា​ល័យ Suan Dusit ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក រកឃើញ​បែបនេះ ។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin បាន​ឆ្លើយតប​នឹង​ការរកឃើញ​នេះ ដោយ​អះអាងថា នេះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​។ លោក​បន្តថា រដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​គ្រប់គ្នា​បន្ត​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​រហូតដល់​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ត្រូវបាន​រកឃើញ​។​
 
​ទន្ទឹមនឹង​ការបង្ហាញ​ក្តីកង្វល់​ពាក់ព័ន្ធ​នឹង​ភាព​ព្រងើយកន្ដើយ​របស់​ប្រជាជន​ចំពោះ​ស្ថានការណ៍ COVID-19 ដោយ​ផ្អែកលើ​ការស្ទង់មតិ​នេះ អ្នកនាំពាក្យ​ថៃ​រូបនេះ ក៏បាន​ព្រមាន​ពី​ហានិភ័យ​ការឆ្លង COVID-19 ថ្មី​ផងដែរ​។ លោក​សង្កត់ធ្ងន់​ពី​ហេតុការណ៍​ដែល​កម្មករ​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​៣០០០​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ព្យាយាម​លួច​ចូលមក​ទឹកដី​ប្រទេស​ថៃ ក្នុងពេល​ត្រឹម​១​ខែ​។ 
 
​សូមបញ្ជាក់ថា ការព្រមាន​នេះ ធ្វើឡើង​បើទោះបីជា​ប្រទេស​ថៃ គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា គ្មាន​រាយការណ៍​ករណី​ឆ្លង​ក្នុង​សហគមន៍​៤២​ថ្ងៃ​ជាប់​គ្នា​។ ករណី COVID-19 ដែល​រាយការណ៍​ក្នុងប្រទេស​ថៃ​កន្លងទៅ គឺ​សុទ្ធតែជា​ករណី​នាំចូល​ពី​បរទេស​៕ 
 

Tag:
 ថៃ​
  COVID-19
  ការស្ទង់មតិ
© រក្សាសិទ្ធិដោយ thmeythmey.com