ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ប្រជាជន​ថា សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក មិនអាច​កាត់ផ្តាច់​ពី​ការជួយ​របស់​វៀតណាម​ឡើយ​
07, Jul 2020 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Nguyen Phu Trong ប្រធានាធិបតីនិងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ចាប់ដៃគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបពី  AFP)
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Nguyen Phu Trong ប្រធានាធិបតីនិងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ចាប់ដៃគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបពី AFP)
​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ត្រឡប់​ទៅវិញ ដើម្បី​ថ្លែងអំណរគុណ ចំពោះ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​។ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​សរសេរ​លិខិត មក​អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងឱកាស​រម្លឹក​ខួប​៦៩​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​។


​ក្នុង​លិខិត​ឆ្លើយតប ក្រៅពី​ថ្លែងអំណរគុណ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ពី​ទំនាក់ទំនង​និង​ការជួយ​របស់​ភាគី​វៀតណាម​ផងដែរ​។ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ដូច្នេះ​ថា​៖«​សមិទ្ធផល​ទាំងឡាយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​នាពេល​កន្លងមកនេះ មិនអាច​កាត់ផ្តាច់​ពី​ការជួយឧបត្ថម្ភ​គាំទ្រ​របស់​គណបក្ស រដ្ឋាភិបាល និង ប្រជាជន​វៀតណាម​បានឡើយ​»​។ 
 
​តាមរយៈ​លិខិត​ដដែល ចុះ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង សាមគ្គី មិត្តភាព​យូរអង្វែង​និង​រឹងមាំ​រវាង​គណបក្ស រដ្ឋាភិបាល និង ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ 
 
​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ក្នុងឱកាស​រម្លឹក​ខួប​៦៩​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លិខិត​អបអរសាទរ​ពី​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​។ គណៈកម្មាធិការ​មជ្ឈិម​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម បង្ហាញ «​ជំហរ​ដោយ​ឥត​ងាករេ​» ក្នុងការ​គោរព​និង​ការ​ពូន​ជ្រំ​នូវ​សាមគ្គីភាព​-​មិត្តភាព​រវាង​គណបក្ស​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ 
 
​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ចាត់ទុក​ចំណងមិត្តភាព​នេះ ថា​ជា «​ទ្រព្យសម្បត្តិ​រួម​ដ៏​មានតម្លៃ​របស់​ប្រទេស​ទាំងពីរ​»​។ លើសពីនេះ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម អះអាងថា បក្ស រដ្ឋ និង ប្រជាជន​វៀតណាម នឹង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត រួមជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋ និង ប្រជាជន​កម្ពុជា ដើម្បី​ថែរក្សា​និង​ពូន​ជ្រំ​បន្ថែមទៀត​នូវ​ចំណងទាក់ទង និង​កិច្ចសហប្រតិបត្តិការ «​ឲ្យ​កាន់តែ​ស្រស់បំព្រង​និង​រឹងមាំ​ជា​និរន្ត​តរៀង​ទៅ​»៕

អត្ថបទទាក់ទង
 
 

Tag:
 គណបក្សប្រជាជន​កម្ពុជា​
  បក្ស​កុម្មុយនីស្ត​វៀតណាម​
  មិត្តភាព​
© រក្សាសិទ្ធិដោយ thmeythmey.com