COVID-19
អន្តរជាតិ
បុគ្គលិក​សុខាភិបាល​កុង​ហ្គោ ធ្វើ​កូដកម្ម ក្រោយ​ធ្វើការ​អត់លុយ​៣​ខែ​
07, Jul 2020 , 11:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីកុងហ្គោ លោក Sylvestre Ilunga Ilunkamba (រូបពីវេបសាយព័ត៌មាន linterview.cd)
នាយករដ្ឋមន្ត្រីកុងហ្គោ លោក Sylvestre Ilunga Ilunkamba (រូបពីវេបសាយព័ត៌មាន linterview.cd)
ដោយ:
​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រយុទ្ធប្រឆាំង COVID-19 ក្នុង​រដ្ឋធានី គីន​ស្ហា​សា នៃ​ប្រទេស​អាហ្វ្រិក សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ (DR Congo)  ប្រកាស​ធ្វើ​កូដកម្ម​រហូតដល់​ទទួល​បាន​ប្រាក់ខែ​។ ទាក់ទិន​មូលហេតុ​នៃ​ការធ្វើ​កូដកម្ម​នេះ បុគ្គលិក​ពេទ្យ​ទាំងនេះ អះអាងថា ពួកគេ​អត់​បាន​បើក​ប្រាក់ខែ​ចំនួន​៣​ខែ​មកហើយ​។

 
«​ពួកគេ បើក​លុយ​ឲ្យ​យើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ខែមីនា​ប៉ុណ្ណោះ​»​។ លោកគ្រូ​ពេទ្យ Christian ត្អូញត្អែរ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ នៅ​ថ្ងៃទី​៦ ខែកក្កដា ដោយ​សំដៅលើ​ថ្នាក់ដឹកនាំ​ខ្លួន​។ 
 
​ក្នុងនាម​ជា​តំណាង​បុគ្គលិក​ពេទ្យ​ដែល​ធ្វើ​កូដកម្ម​សុំ​បើក​ប្រាក់ខែ គ្រូពេទ្យ​រូបនេះ បន្តទៀតថា បុគ្គលិក​ពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​នឹង COVID-19 ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យាការងារ​បើទោះជា​ការងារ​ពួកគេ​ប្រឈម​ហានិភ័យ​ខ្ពស់​ក៏ដោយ​ក្តី​។ លោក​បន្តថា ក្នុងករណី​ដែល​បុគ្គលិក​ពេទ្យ​មាន​ផ្ទុក COVID-19 ខាង​មន្ទីរពេទ្យ​នឹង​បណ្ដេញ​ពួកគេ​ពី​ការងារ​។ 
 
​នាយករដ្ឋមន្ត្រី​កុង​ហ្គោ Sylvestre Ilunga Ilunkamba បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​២១ ខែឧសភា​ថា ថវិកា​សរុប​១០,៧​លាន​ដុល្លារ ត្រូវបាន​បង្វែរ​ទៅជា​ធនធាន​ដើម្បី​ផ្គត់ផ្គង់​កិច្ចការ​ប្រយុទ្ធប្រឆាំង COVID-19 ។ យ៉ាងណាមិញ លោក Jean-Jacques Muyembe ដែលជា​អ្នកជំនាញ​ទទួលបន្ទុក​កិច្ចការ​នេះ បាន​អះអាង​កាលពី​ថ្ងៃទី​២០ ខែមិថុនា ថា លោក​បានទទួល​តែ​ប្រាក់​ត្រឹម​១,៤​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ ចាប់តាំងពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​កណ្ដាល​នេះ​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង កាលពីដើម​ខែមីនា​មក​។ 
 
​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​កុង​ហ្គោ  ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុម​បុគ្គលិក​សុខាភិបាល​ដែលជា​អ្នក​តវ៉ា ក៏បាន​ទាមទារ​ឲ្យ​មានការ​មើលថែ​សមាជិកគ្រួសារ​របស់​ក្រុមគ្រូពេទ្យ​ប្រយុទ្ធ​នឹង COVID-19 ដែល​បាន​បាត់បង់​ជីវិត​។ 
 
​ទីក្រុង គីន​ស្ហា​សា ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​១០​លាន​នាក់ បាន​រាយការណ៍​ករណី​ឆ្លង ៦៥០៥​ករណី ក្នុងចំណោម​ករណី​ឆ្លង​សរុប ៧៤៣២​ករណី របស់​ប្រទេស​អាហ្វ្រិក​។ នៅ​ទូទាំងប្រទេស មនុស្ស​១៨២​នាក់​បាន​ស្លាប់​ដោយសារ COVID-19៕ 
 
 

Tag:
 កុង​ហ្គោ​
  សុខាភិបាល​
  ពេទ្យ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com