នូ​វែ​ល​សេ​ឡង់​បញ្ចេញ​ថវិកា​សង្គ្រោះ​កីឡា​ក្នុងប្រទេស​ដែល​ជួប​វិបត្តិ COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​បញ្ចេញ​ថវិកា​សង្គ្រោះ​កីឡា​ក្នុងប្រទេស​ដែល​ជួប​វិបត្តិ COVID-19
08, Jul 2020 , 12:29 am        
រូបភាព
លោក Grant Robertson រដ្ឋមន្ត្រីក្រសួងកីឡានូវែលសេឡង់ ដែលកំពុងនិយាយក្នុងកិច្ចប្រជុំមួយ
លោក Grant Robertson រដ្ឋមន្ត្រីក្រសួងកីឡានូវែលសេឡង់ ដែលកំពុងនិយាយក្នុងកិច្ចប្រជុំមួយ
​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​នៅ​ថ្ងៃទី​៧ ខែកក្កដា បាន​បញ្ចេញ​កញ្ចប់​មូលនិធិ​លើកដំបូង​ចំនួន ២៦៥ លាន​ដុល្លារ​នូ​វែ​ល​សេ​ឡង់ (១៧៤ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​ស្រោចស្រង់​ឧស្សាហកម្ម​កីឡា​ក្នុងប្រទេស តាមរយៈ​ការ​ទប់ទល់​ផលប៉ះពាល់​រ៉ាំរ៉ៃ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បង្កដោយ​ជំងឺ COVID-19​។​


​លោក Grant Robertson រដ្ឋមន្ត្រីក្រសួង​កីឡា​នូ​វែ​ល​សេ​ឡង់ បាន​និយាយថា ថវិកា​ចំនួន ៥២ លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​ប្រើ​សម្រាប់​ជំរុញ​កីឡា​សហគមន៍ ជួយ​ដល់​អង្គកា​រលីគ​កីឡា​ជាតិ​និង​កែលម្អ​កន្លែង​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​មួយចំនួន​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Robertson បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា គ្រប់ផ្នែក​ទាំងអស់​នៃ​វិស័យ​កីឡា​ក្នុងប្រទេស​នេះ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​រាតត្បាត COVID-19​។ មូលនិធិ​ខាងលើ គឺ​ផ្តោតលើ​ការ​ប្រាកដប្រជា​ថា​វិស័យនេះ​នៅតែ​បន្ត​រីកចម្រើន និង​ធានា​ដែរ​ថា​ប្រជាជន​នូ​វែ​ល​សេ​ឡង់​អាច​បន្ត​ថែរក្សា​សុខុមាលភាព​របស់​ពួកគេ​តាមរយៈ​ការហាត់​ប្រាណ​។​
 
​ការបញ្ចេញ​កញ្ចប់​ថវិកា​រ​របស់​រដ្ឋាភិបាល​ដើម្បី​សម្រួល​ដល់​កីឡា​ក្នុងស្រុក​បែបនេះ កើតឡើង​បន្ទាប់ពី​នូ​វែ​ល​សេ​ឡង់​ទើប​ទទួលបាន​ជោគជ័យ​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​អូស្ត្រាលី​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​ស្ត្រី Women's World Cup ឆ្នាំ​២០២៣​។​
 
​ក្រៅពីនោះ ទាំង​ការប្រកួត​កីឡា​គ្រី​ឃី​ត (Cricket) និង​កីឡា​បាល់ឱប​ពិភពលោក​នារី ក៏​គ្រោង​នឹង​រៀបចំឡើង​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ក្នុង​ឆ្នាំ ២០២១ ផងដែរ ហើយ​លោក Robertson បញ្ជាក់ថា​ទឹកប្រាក់ ៤,៧៧ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ចំណាយ​លើ​ការកែលម្អ​សម្រាប់​ក្រុម​ស្ត្រី​។​
 
​រដ្ឋមន្ត្រីក្រសួង​កីឡា​នូ​វែ​ល​សេ​ឡង់​រូបនេះ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​៖ «​តាមពិតទៅ​យើង​មិនមាន​បន្ទប់ទឹក និង​ផ្លាស់ប្តូរ​កន្លែង​សមរម្យ​សម្រាប់​ក្រុម​ស្ត្រី​នៅឯ​កន្លែង​កីឡា​របស់​យើង​ច្រើន​ទេ​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។ ដោយសារ​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ World Cup​ស្ត្រី​យើង​គិតថា​នេះ​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវធ្វើ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែកក្កដា នូ​វែ​ល​សេ​ឡង់​មាន​ករណី​ឆ្លង COVID-19 ជាង​១៥០០​ករណី ក្នុងនោះ​ស្លាប់ ២២​នាក់ និង​ជាសះស្បើយ​វិញ​ចំនួន​១៤៩២​ករណី​៕

Tag:
 COVID-19
  នូ​វែ​ល​សេ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com