ជាតិ
សៀមរាប ដាក់បំរាមប្រកប​អាជីវកម្ម​ទិញ​-​លក់សត្វ​សុនខយកទៅ​សម្លាប់
07, Jul 2020 , 9:34 pm        
រូបភាព
ភ្នំពេញ​៖ ការធ្វើ​អាជីវកម្ម​ទិញ​-​លក់​សម្រាប់​ពិឃាតសត្វ​សុនខ​គ្រប់​ប្រភេទ​ ត្រូវបានហាមឃាត់ នៅក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹង​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប នៅ​ថ្ងៃទី ៦ កក្កដា។ តាមសេចក្តីជូនដំណឹងដដែល ការហាមប្រាមនេះ គឺបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា ការធ្វើ​អាជីវកម្ម ទិញ​-​លក់  ពិឃាតសត្វ​សុនខ (​ឆ្កែ​) មាន​ភាព​អាណាធិបតេយ្យ និង​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ នារយៈពេលចុងក្រោយនេះ។ 

​លោក ទា គឹម​សុទ្ធ ប្រធាន​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនេះថា៖ សកម្មភាព​នេះ ​ជាស​ញ្ញា​មួយ បង្ហាញថា​មានការ​ធ្លាក់ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ និង​ធ្វើ​ឲ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​ប៉ះពាល់​សុខភាព​សាធារណៈ​»​។ 

​មន្ទីរ​កសិកម្ម បន្តថាការដើរ​ទាក់​លក់​-​ទិញ និង​ពិឃាតសត្វ​អាណាធិបតេយ្យ ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ តាម​មាត្រ​១១២, ១១៣, ១១៥​នៃ​ច្បាប់​ដដែលទៀតផង​៕

Tag:
 អាជីវកម្ម​
 សុនខ
 សត្វចិញ្ចឹម​
© រក្សាសិទ្ធិដោយ thmeythmey.com