ជាតិ
ខួប​១០០​ឆ្នាំ​នៃ​សារមន្ទីរ​ជាតិ និង​ខួប​៧៥​ឆ្នាំ​នៃ​មរណភាព​ស្ថាបត្យករ George Groslier
08, Jul 2020 , 9:29 am        
រូបភាព
សារមន្ទីរជាតិ មានឈ្មោះដើមថា សារមន្ទីរ អាល់ប៊ែរ សារ៉ូ ដោយមានលោក George Groslier ជាស្ថាបត្យករ។ រូបថត ឯកសារ និង AFP
សារមន្ទីរជាតិ មានឈ្មោះដើមថា សារមន្ទីរ អាល់ប៊ែរ សារ៉ូ ដោយមានលោក George Groslier ជាស្ថាបត្យករ។ រូបថត ឯកសារ និង AFP
​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​១៩២០ សារមន្ទីរ​ជាតិ​កម្ពុជា​ដែល​ពេលនោះ​ឈ្មោះថា «​សារមន្ទីរ អាល់​ប៊ែ​រ សារ៉ូ​» (Musee Albert Sarraut) ត្រូវបាន​សម្ពោធ​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះស៊ីសុវត្ថិ​។ សារមន្ទីរ​ជាតិ​ត្រូវបាន​រចនា និង​គូរ​ប្លង់​ដោយ​លោក ហ្ស​ក គ្រោ​លី​យេ​រ៍ (George Groslier) ដែល​បានទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ​១៩៤៥​។ ក្នុងពេល​កន្លងទៅនេះ ថ្នាក់ដឹកនាំ​សារមន្ទីរ​ជាតិ​បច្ចុប្បន្ន បានរៀបចំ​ពិធី​សាសនា​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់លោក លោក ហ្គោ​លី​យេ​រ៍ ដែល​បានទទួល​មរណភាព ៧៥​ឆ្នាំ ហើយ​។



 
​ចាប់កំណើត​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​១៨៨៧​នៅក្នុង​ប្រទេស​កម្ពុជា លោក ហ្ស​ក ហ្ក្រូ​ស​លី​យេ ( George Groslier) គឺជា​សិល្បករ អ្នកនិពន្ធ និង​ជា​អ្នកស្រាវជ្រាវ​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​បាន​ចំណាយពេល វេលា​ពេញ​មួយជីវិត​របស់លោក ដើម្បី​សិក្សា​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​។ មិនតែប៉ុណ្ណោះ លោក ហ្ស​ក ហ្ក្រូ​ស​លី​យេ ក៏​ជា​ប្រវត្តិវិទូ បុរាណ​វិទូ និង​ជា​អ្នក​យល់ដឹង​ពិតប្រាកដ​អំពី​របាំ​ព្រះរាជ​ទ្រព្យ​ផងដែរ​។ លោក​បាន​បង្កើត​ស្នាដៃ​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ដែល​ស្នាដៃ​ទាំង​នោះបាន​ក្លាយជា​ប្រភព​នៃ ការស្រាវជ្រាវ​របស់​កូន​ខ្មែរ​សម័យ​ក្រោយៗ​រៀងមក​។​
 
​លោក ហ្ស​ក ហ្ក្រូ​ស​លី​យេ គឺជា​ស្ថាបត្យករ​នៅក្នុង​ការកសាង​សារមន្ទីរ​ជាតិ និង​សាលា​សិល្បៈ​កម្ពុជា​។ អគារ​ទាំងពីរ​នេះ​ដែល​នៅជាប់​គ្នា គឺជា​ទីតាំង​និមិត្តរូប​នៃ​ការអភិរក្ស​បេតិកភណ្ឌ​ខ្មែរ ក៏ដូចជា​ធានា នូវ​និរន្តរភាព​ស្នាដៃ​ដូនតា​ខ្មែរ​ទាំងនោះ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ លោក​បាន​ដឹកនាំ​គ្រប់គ្រង​សារមន្ទីរ​ជាតិ​ជិត​៣០​ឆ្នាំ មុននឹង​លោក​ទទួលមរណភាព​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​១៩៤៥​។​


  លោក ហ្សក គ្រោលីយេរ៍ និងសហការី ក្នុងឆ្នាំ១៩២៩។ រូបថត NMC

​មួយឆ្នាំ​ក្រោយមក ពោលគឺ​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​១៩៤៦ ផ្លូវ​នៅខាងមុខ​សារមន្ទីរ​នេះ​ត្រូវបាន​ប្រកាស ដាក់ឈ្មោះថា «​វិថី​Groslier» នៅក្នុង​កម្មវិធី​មួយ​ក្រោម​ព្រះរាជអធិបតីភាព​នៃ​ព្រះករុណា​ព្រះបាទ ព្រះ​នរោត្តម សីហនុ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់លោក George Groslier​។ 
 
​នៅក្នុង​ពិធី​នោះ មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​ដូចជា សម្តេច ប៉ែន នុត ដែលជា អភិបាល​រាជធានី​ភ្នំពេញ​, លោក Penavaire ដែលជា​ស្នងការ​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​។ ក៏មាន វត្តមាន​កូនប្រុស​រប​ស់លោក ហ្ស​ក ហ្ក្រូ​ស​លី​យេ ដែរ គឺ​លោក Bernard Philippe Groslier ដែល​បាន​ដើរ តាម​គន្លង​អាជីព​របស់​ឪពុក ហើយ​បាន​ក្លាយជា​បុរាណ​វិទូ​ដ៏​ល្បីឈ្មោះ និង​មាន​តួនាទី​ជា​អ្នក​អភិរក្ស​ប្រាសាទ​អង្គរ​ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៧៥៕







Tag:
 សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com