អន្តរជាតិ
អាមេរិក នឹង​ចេញពី WHO ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១ តែ​ត្រូវ​បង់លុយ​២០០​លាន​ដុល្លារ​សិន​
08, Jul 2020 , 10:13 am        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (AFP)
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (AFP)
ដោយ:
​សហរដ្ឋអាមេរិក នឹង​ចាកចេញ​ជា​ស្ថាពរ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២១ ។ អង្គការសហប្រជាជាតិ (UN) បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៧ ខែកក្កដា ក្រោយ​ទទួល​ការផ្ដល់​ដំណឹង​ចាកចេញ​ជា​ផ្លូវការ​ពី​អាមេរិក​។ ការដើរ​ចេញ​របស់​អា​ម​រិ​ក កើតឡើង​ចេញពី​ការមិន​ចេញ​ចិត្តនឹង​អង្គការ​នេះ​ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចោទ​ទីភ្នាក់ងារ​នេះ​ថា ជា​អាយ៉ង​ចិន អំឡុង​វិបត្តិ​ជំងឺ COVID-19 ។​

 
​ជា​នីតិវិធី លោក ដូ​ណា​ល់ ត្រាំ ដែល​បានប្រកាស​ពី​ការសម្រេចចិត្ត​នេះ​កាលពី​ជាង​មួយខែ​មុន ត្រូវតែ​ផ្ដល់ដំណឹង​មួយឆ្នាំ​មុនពេល​ដកចេញ​ជា​ធរមាន ហើយ​ត្រូវ​បង់លុយ​ដែល​ក្រុង​វ៉ាស៊ីនតោន​ជំពាក់​ទាំងអស់​សិន​។ យោងតាម​វេ​ប​សាយ WHO សហរដ្ឋអាមេរិក បច្ចុប្បន្ន នៅ​ជំពាក់ WHO ជាង​២០០​លាន​ដុល្លារ ដែលជា​ថ្លៃ​ផ្ដល់​វិភាគទាន​ប្រចាំឆ្នាំ​។ 
 
​ជាង​៧០​ឆ្នាំក្រោយ​ក្លាយជា​សមាជិក សហរដ្ឋអាមេរិក​សម្រេច​ប្រកាស​ចាកចេញ​ពី WHO ក្នុង​បរិ​យាស​កាស​តានតឹង​ជាមួយ​ចិន​លើ​រឿង​ជំងឺ​រាតត្បាត​សកល COVID-19 ។ ជំងឺ​នេះ បាន​ផ្ទុះ​រាលដាល​ដំបូង​ក្នុង​ទីក្រុង វូ​ហាន ប្ររទេស​ចិន កាលពី​ឆ្នាំមុន​។  យ៉ាងណា អង្គការ​សុខភាព​ពិភពលោក បាន​បដិសេធ​ការចោទប្រកាន់​របស់លោក ត្រាំ ដែលថា ខ្លួន​បាន​ជំរុញ​ព័ត៌មាន​មិន​ពិត​លើ​បញ្ហា​វីរុស​នេះ​។  
 
​អគ្គលេខាធិការ UN លោក Antonio Guterres គូសបញ្ជាក់ថា អង្គការ WHO គឺជា​ស្ថាប័ន​អន្តរជាតិ​ឯករាជ្យ​មួយ​ដែល​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ​។ លោក​សង្កត់ធ្ងន់ថា​៖«WHO គឺ​ពិតជា​សំខាន់​សម្រាប់​កិច្ចប្រឹងប្រែង​ពិភព​លោ​ក្នុងការ​យកឈ្នះ​សង្គ្រាម​ប្រឆាំង COVID-19»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​៧ ខែកក្កដា អ្នកនាំពាក្យ UN លោក Stephane Dujarric អះអាងថា លោក​អគ្គលេខាធិការ Guterres កំពុង​ផ្ទៀងផ្ទាត់់​ជាមួយ WHO លើ​និ​តី​វិធីដក​ខ្លួន​របស់​អាមេរិក​។ 
 
​យ៉ាងណាមិញ ការសម្រេចចិត្ត​របស់​លោក​ត្រាំ អាច​ត្រូវ​លុបចោល​វិញ មុនពេល​វា​ចូល​ជា​ធរមាន ប្រសិនបើ​លោក​ចាញ់​ក្នុងការ​បោះឆ្នោត​នា​ខែវិច្ឆិកា​ខាងមុខ ហើយ​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​វិញ​។ 
 
​តាមរយៈ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៧ ខែកក្កដា លោក ចូ បៃ​ឌិន បានប្រកាស​ជំហរ​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃ​ដំបូង​ខ្ញុំ​ក្នុងនាម​ជា​ប្រធានាធិបតី ខ្ញុំ​នឹង​ចូល WHO វិញ ហើយ​ស្ដារ​ភាពជា​អ្នកដឹកនាំ​យើង​លើ​ឆាក​ពិភពលោក​»​។ លោក​ថា ប្រជាជន​អាមេរិក​គឺមាន​សុវត្ថិភាព​នៅពេល​សហរ​ដ្ឋ​អាមេរិក​ចូលរួម​ក្នុងការ​ពង្រឹង​សុខាភិបាល​សកល​។
 
​លោក ដូ​ណា​ល់ ត្រាំ បាន​ផ្អាក​ជំនួយ​ដល់ WHO កាលពី​ខែមេសា ហើយ​នៅ​ថ្ងៃទី​១៨ ខែឧសភា លោក​បាន​ផ្ញើលិខិត​មួយ​ទៅ​អង្គការ​នេះ ដោយ​ទុកពេល​៣០​ថ្ងៃ​ធ្វើកំណែទម្រង់​។ ២​សប្តាហ៍​ក្រោយ លោក ប្រកាសថា សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី WHO ។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​មក លោក ត្រាំ បាន​ដក​អាមេរិក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN, អង្គការ​យូណេស្កូ​, កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ទន្ទឹមនេះ លោក​ក៏បាន​កាត់​ជំនួយ​សម្រាប់​អង្គការ​មូលនិធិ​ប្រជាជន UN និង​ទីភ្នាក់ងារ UN ដែល​ផ្ដល់ជំនួយ​ដល់​ជនភៀសខ្លួន​ប៉ា​លេ​ស្ទី​ន​ផងដែរ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  WHO
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com