ព្រះសង្ឃនិងពលរដ្ឋ ដែលភាគច្រើនជាយុវជនប្រមាណជា២០ទៅ៣០នាក់ បានទៅប្រមូលផ្តុំគ្នា នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ ជាកន្លែងឃាតក បាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកសិក្សាពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគដ៏មានប្រជាប្រិយភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ព្រះសង្ឃនិងក្រុមយុវជន ទៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ហើយក៏ដើម្បីរម្លឹកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកដែរ។ ព្រះសង្ឃនិងក្រុមយុវជន បានអង្គុយស្មិងស្មាធិ៍មួយភ្លែត ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត។ ព្រះសង្ឃ ក៏បានសូធ្យធម៌ដែរ។
ព្រះសង្ឃនិងក្រុមយុវជន គ្រោងទៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចជាប់គ្នារយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ដើម្បីគោរពវិញ្ញាណក្ខន្ធនិងរម្លឹកខួបនៃមរណភាពរបស់លោកបណ្ឌិត។ ការប្រមូលផ្តុំរបស់ព្រះសង្ឃនិងក្រុមយវជន នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺប្រឈមនឹងការព្រមានរបស់អាជ្ញាធរ។
រដ្ឋបាលខណ្ឌចំការមន បានចេញសេក្តីប្រកាសព័ត៌មានមុនមួយថ្ងៃ គឺថ្ងៃទី៧ ខែកក្កដា ដោយបានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើមានការប្រមូលផ្តុំនៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច។ រដ្ឋបាលខណ្ឌចំការមន អះអាងថា ការមិនឲ្យប្រមូលផ្តុំនេះ គឺធ្វើឡើងតាមសំណើរបស់ម្ចាស់ស្ថានីយ៍ប្រេងឥទ្ទនៈកាល់តិច។
លើសពីនេះ រដ្ឋបាលខណ្ឌចំការមន បកស្រាយថា ការមិនឲ្យប្រមូលផ្តុំនេះ គឺដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ រដ្ឋបាលខណ្ឌចំការមន នៅមានហេតុផលផ្សេងទៀតថា យោងតាមស្មារតីនៃច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នកដែលចង់សម្តែងមតិ ត្រូវទៅជួបជុំនៅទីលានប្រជាធិតេយ្យ។
ហេតុផលមួយទៀតរបស់រដ្ឋបាលខណ្ឌចំការមន ដែលមិនឲ្យប្រមូលផ្តុំគ្នានៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច គឺ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កំពុងរាលដាលជាសាកល ហើយក្រសួងសុខាភិបាលកម្ពុជា បានបិទការជួបជុំគ្រប់ប្រភេទនៅទូទាំងប្រទេស។
រដ្ឋបាលខណ្ឌចំការមន បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖«រដ្ឋបាលខណ្ឌ គ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា [នោះទេ]»។
ដូចការព្រមានមែន រដ្ឋបាលខណ្ឌចំការមន មិនបណ្តោយឲ្យព្រះសង្ឃនិងក្រុមយុវជន បន្តប្រមូលផ្តុំគ្នាយូរ នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចឡើយ។ កម្លាំងសមត្ថកិច្ច បានទៅបំបែកការប្រមូលផ្តុំ ហើយប្រាប់ព្រះសង្ឃនិងក្រុមយុវជន ឲ្យចាកចេញពីស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច។
សហការីរបស់សារព័ត៌មានថ្មីៗ ដែលចុះទៅដល់ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចផ្ទាល់ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ច បានឃាត់យុវនម្នាក់ យកទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងពីអត្តសញ្ញាណនៃយុវជននោះឡើយ។ យុវជននោះ ពាក់អាវ មានរូបរបស់លោកបណ្ឌិត កែម ឡី។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី បានចូលទៅអង្គុយនិងពិសាអ្វី នៅក្នុងស្តារម៉ាត់នៃស្ថានីយ៍ប្រេងឥទ្ទនៈកាល់តិច ហើយក៏ត្រូវឃាតក បាញ់សម្លាប់។ បុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួន និងត្រូវចោទថា ជាឃាតក ដែលបាញ់សម្លាប់លោកបណ្ឌិត។
ជួប សម្លាប់ បានសារភាពថា រូបគេ ពិតជាបានបាញ់សម្លាប់លោកបណ្ឌិតមែន ហើយលើកមូលហេតុថា ព្រោះខឹងនឹងលោកបណ្ឌិត ដែលជំពាក់លុយ៣ពាន់ដុល្លារ ហើយមិនសងវិញ។ រូបគេ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
យ៉ាងណា មជ្ឈដ្ឋានខ្លះ ជាពិសេសអ្នកស្រី ប៊ូ រចនា ជាភរិយារបស់លោកបណ្ឌិត មិនជឿថា ជួប សម្លាប់ ជាឃាតកនោះទេ។ ពួកគេ រឹតតែមិនជឿថា លោកបណ្ឌិត ជំពាក់លុយជួប សម្លាប់។ ពួកគេ នៅតែទទូចឲ្យអាជ្ញាធរ ស្វែងរកឃាតកពិត ដែលបាញ់សម្លាប់លោកបណ្ឌិត យកទៅផ្តន្ទាទោស។
បច្ចុប្បន្ន អ្នកស្រី ប៊ូ រចនា និង កូនប្រុសទាំង៥នាក់ កំពុងរស់នៅប្រទេសអូស្ត្រាលី៕