ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ដឹង​ទេ “​ស្ត្រេ​ស​” ក៏​អាច​បណ្ដាលមកពី​កត្តា​ទាំង​នេះដែរ​?
08, Jul 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ទម្លាប់​មួយចំនួន​អាច​បណ្ដាលឱ្យ​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ងាយ​។​ថា​តើ​ទម្លាប់ ឬ​កត្តា​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​បេ​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ស្មាន​មិន​ដល់​មួយចំនួន​ដែល​បង្កបញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ៖

 
១. ការចែករំលែក​ច្រើនពេក​លើ​បណ្ដាញ​សង្គម​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានឱ្យដឹងថា​ការចំណាយ​ពេល​ច្រើន​លើ​បណ្ដាញ​សង្គម​អាចធ្វើឱ្យ​អ្នក​ងាយ​នឹងមាន​អារម្មណ៍​តានតឹង មិន​សប្បាយចិត្ត ក៏ដូចជា​ថប់​បារម្ភ​។ នោះ​ក៏​ព្រោះតែ​ពេលខ្លះ​ក្រោយ​ឃើញ​ស្ថានភាព​ជោគជ័យ​របស់​ន​រណា​ម្នាក់​ហើយ អ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​គិតថា​ខ្លួនឯង​អន់​ជាងគេ​ខ្លាំង​ដែល​ធ្វើឱ្យ​ក្លាយជា​កង្វល់​ក្នុង​ចិត្ត ឬ​ថប់​បារម្ភ​។ អ្នក​ក៏​មិនគួរ​ចែករំលែក​ច្រើនពេក​សូម្បីតែ​ភាពបរាជ័យ​របស់ខ្លួន​លើ​បណ្ដាញ​សង្គម​ដែរ ក៏​ព្រោះ​មនុស្ស​ខ្លះ​មិន​ខ្វល់​អ្វី​ក្រៅពី​សប្បាយចិត្ត ហើយ​ជាន់​ថែម​ពេល​ឃើញ​អ្នក​ដួល​ត្រង់ចំណុច​ណាមួយ​ក្នុង​ជីវិត​ឡើយ​។ ដូច្នេះ​នៅ​មុនពេល​អ្នកសរសេរ ឬ​បង្ហោះ​រូបភាព​អ្វីមួយ​ក្នុង​បណ្ដាញ​សង្គម ចូរ​គិត​សិន​ថា​តើ​មិត្ត​ក្នុង​បណ្ដាញ​សង្គម​សុទ្ធតែ​ចាំបាច់​ត្រូវ​ឃើញ ឬ​ដឹង​ដែរ​អត់​? ត្រូវ​ប្រាកដថា​ការ​បើ​ប្រាស់​បណ្ដាញ​សង្គម​របស់​អ្នក គឺមាន​ព្រំដែន​និង​មិនគួរ​ចែករំលែក​គ្រប់​រឿងរ៉ាវ​ពេក​ឡើយ​ជាពិសេស​បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​គ្រួសារ​និង​មិត្តភក្តិ​ជាដើម​។​
 
២. មិន​ចំណាយ​ពេលធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​សោះ​
 
​មនុស្ស​សឹងតែ​គ្រប់គ្នា​ដឹង​ហើយ​ថា​ការធ្វើ​លំ​ហាត់ប្រាណ គឺំ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្រស់ស្អាត ហើយ​សុខភាព​ផ្លូវកាយ​ល្អប្រសើរ​ឡើយ ប៉ុន្តែ​ក៏​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយចិត្ត​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ខួរក្បាល​ពោរពេញ​ទៅដោយ​អ័រម៉ូន​រីករាយ​នៅពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ​ណាមួយ​។ សកម្មភាព​រាងកាយ​ភាគច្រើន​អាច​រាប់​ជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ ដូច្នេះហើយ​ទើប​ការដើរ ឬ​គ្រាន់តែ​រត់​ត្រឹកៗ​ជំនួស​ការគិត​តែ​ពី​អង្គុយ​និង​គេង​អាចជួយ​លើក​អារម្មណ៍​របស់​អ្នក​ជៀស​ផុតពី​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​សបាន​គួរឱ្យកត់សម្គាល់​។ វា​ក៏​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ដែរ​ក្នុងការ​ចំណាយពេល​នៅក្រោម ឬ​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លះ ក៏​ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សា​អារម្មណ៍​ស្រស់ស្រាយ​។​
 
៣. បន្ទប់​គេង​, បរិយាកាស​ក្នុងផ្ទះ ឬ​កន្លែងធ្វើការ​មាន​សភាពរ​ញ៉េ​រ៉​ញៃ​
 
​ភាពរ​ញ៉េ​រ​ញ៉េ​គ្មាន​សណ្ដាប់ធ្នាប់​ក្នុងផ្ទះ​, បន្ទប់​គេង ឬ​កន្លែងធ្វើការ​ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​អាច​បណ្ដាលឱ្យ​អ្នក​ស្ត្រេ​ស​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​រៀបចំ​កន្លែង​គេង​, ក្នុងផ្ទះ ឬ​កន្លែងធ្វើការ​ឱ្យមាន​សណ្ដា​ប់​ធ្នាប់​។​
 
៤. ធ្វើការ​ច្រើនពេក​លើសពី ១០ ម៉ោង​ក្នុង​មួយថ្ងៃៗ​
 
​ការងារ​ច្រើន រួមផ្សំ​នឹង​កត្តា​ផ្សេងទៀត​ដូចជា​គូប្រជែង​នៅ​កន្លែងធ្វើការ ព្រមទាំង​ការកកស្ទះ​ចរាចរណ៍​សឹង​រាល់ថ្ងៃ​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​។ អ្វីដែល​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​រ៉ាំរ៉ៃ​អាច​បណ្ដាលឱ្យ​រាងកាយ​មាន​ផ្ទុក​ពោរពេញ​ទៅដោយ​អ័រម៉ូន​ដែល​ជះ​ផលប៉ះពាល់​ដល់​ទម្ងន់ សម្ពាធ​ឈាម អារម្មណ៍ រូបរាង និង​សុខភាព​បេះដូង​។​
 
៥. ចេះតែ​គិតពី​រឿង​ដែល​កន្លង​ហួស​ទៅហើយ​
 
​ការ​នៅតែ​គិត​ព្រួយ​ពី​រឿង ឬ​សកម្មភាព​ដែល​កន្លង​ហួស​ទៅហើយ​អាច​បណ្ដាលឱ្យ​អ្នក​ស្ត្រេ​ស​ជាប់​ជានិច្ច​។ អ្វី​មិនល្អ​ដែល​កើតឡើង​ក្នុង​អតីតកាល​អ្នក​គួរ​បំភ្លេច​វា​ចោល​ទៅ​! អ្នក​មិនអាច​កែប្រែ​អ្វីដែល​កើតឡើង​រួច​ឡើយ​។ ប៉ុន្តែ​ពិតជា​មិនអាច​ឈប់​គិត​អិ​ជ្ជ​មានបាន​សោះ​ឬ​? ចូរ​សាកល្បង​ធ្វើ​សមាធិ​។ នេះ​ក៏​ព្រោះតែ​ការធ្វើ​សមាធិ​នាំឱ្យ​អ្នក​ផ្ដោតអារម្មណ៍​ដាក់ចិត្ត​លើ​ការដកដង្ហើម​។ ភាគច្រើន​នៃ​ពួកយើង​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង ហើយ​ស្ត្រេ​ស​ក៏​ព្រោះតែ​ចិត្ត​ចេះតែ​គិត​។ ការធ្វើ​សមាធិ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​ប្រសើរ​។ ចូរ​ចំណាយពេល​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយថ្ងៃ​ទៅ​អង្គុយ​កន្លែង​ស្ងាត់ ហើយ​ធ្វើការ​សមាធិ​ផ្ដោតអារម្មណ៍​លើ​ការដកដង្ហើម​ចេញចូល​មួយៗ​ជ្រៅ​បណ្ដោយ​ចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com