អន្តរជាតិ
ចិន បើកសម្ពោធ​ទីស្នាក់ការ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ប្រចាំ​ហុងកុង​
08, Jul 2020 , 11:40 am        
រូបភាព
មន្រ្តីជាន់ខ្ពស់ហុងកុង សម្ពោធទីស្នាក់ការថ្មីនៃទីភ្នាក់ងារសន្តិសុខជាតិហុងកុង។ រូបភាព៖ Xinhua
មន្រ្តីជាន់ខ្ពស់ហុងកុង សម្ពោធទីស្នាក់ការថ្មីនៃទីភ្នាក់ងារសន្តិសុខជាតិហុងកុង។ រូបភាព៖ Xinhua
​ការិយាល័យ​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ហុងកុង បាន​បើកសម្ពោធ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។ ទីស្នាក់ការ​មួយ​នេះ ត្រូវបាន​បើក​ឡើង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន បាន​រយៈពេល ១​សប្តាហ៍​។ នេះ​គឺជា​លើកដំបូង​បង្អស់​ដែល​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​ចិន មាន​សកម្ម​ភាពជា​សាធារណៈ​មកលើ​កិច្ចការ​របស់​ហុងកុង​។

 


​ទីស្នាក់ការ​ថ្មី ដែលមាន​ឈ្មោះថា «​ការិយាល័យ​ការពារ​សន្តិសុខ​ជាតិ​នៃ​រដ្ឋាភិបាល​មជ្ឈិម​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​» ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។ ប្រធាន​ប្រតិបត្តិ​របស់​ទីក្រុង​ហុងកុង លោកស្រី ការី ឡាំ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​ហុងកុង ក៏មាន​វត្តមាន​នៅក្នុង​ពិធី​នេះដែរ​។ 
 
​ការិយាល័យ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ គឺមាន​មូលដ្ឋាន​នៅ​សណ្ឋាគារ Metropark ក្នុង​តំបន់ Causeway Bay របស់​ហុងកុង​។ ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ហុងកុង រដ្ឋបាល​ហុងកុង បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច របាំង​កម្ពស់​ប្រមាណ​២​ម៉ែត្រ​ជាច្រើន នៅ​ជុំវិញ​សណ្ឋាគារ និង​បិទផ្លូវ​ចេញចូល​ជាដើម​។
 
​នា​សប្តាហ៍​មុន ទីក្រុង​ប៉េកាំង បានតែងតាំង​អតីតមន្ត្រី​ជាន់ខ្ពស់​មក​ខេត្ត​គ័ង​តុង លោក Zheng Yanxiong  ជា​ប្រធាន​នៃ​ទីភ្នាក់ងារ​នេះ​។ លោក Zheng ជា​មន្ត្រី​ដែល​ជំហរ​ម៉ឹងម៉ាត់​ដាច់ខាត​ម្នាក់ ពិសេស​ក្នុងការ​ដោះស្រាយ​បញ្ហា​បាតុកម្ម​ផ្សេង​។ ចំណែក​អនុប្រធាន​នៃ​ទីភ្នាក់ងារ​នេះ​មាន​ពីររូប​គឺ លោក Li Jiangzhou មន្ត្រី​សន្តិសុខ​សាធារណៈ​ហុងកុង និង​លោក Sun Qingye មន្ត្រីជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​សម្ងាត់​ចិន​។ មិនមាន​ព័ត៌មាន​ច្រើន​ឡើយ​ទាក់ទង​ទីភ្នាក់ងារ​នេះ ក្រៅពី​ព័ត៌មាន​បន្តិចបន្តួច​ពី​ក្បាលម៉ាស៊ីន​ដឹកនាំ​។ 
 
​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែក​ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា​។ ច្បាប់​នេះ បានផ្តល់​យុត្តាធិការ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ មាន​សិទ្ធិ​ប្រមូល និង​វិភាគ​ព័ត៌មាន​សម្ងាត់​មួយចំនួន​ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​។ ការបើក​សម្ពោធ​ទីស្នាក់ការ​ថ្មី​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការ​លូកដៃ​ដោយ​ចំហ​របស់​ទីក្រុង​ប៉េកាំង មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។ 
 
​នាពេល​កន្លងទៅ ទីក្រុង​ហុងកុង​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត ជុំវិញ​អំណាច​របស់​កងកម្លាំង​សន្តិសុខ​។ កងកម្លាំង​សន្តិសុខ​ជាតិ មាន​សិទ្ធិ​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ចាក​ចេញពី​ហុងកុង មានអំណាច​ក្នុងការ​ចូលទៅក្នុង​ទីកន្លែង​ណា ដើម្បី​ស្វែងរក​ភស្តុតាង និង​អាច​ស្នើ​ឲ្យ​អង្គការ ឬ​ទីភ្នាក់ងារ​បរទេស​ផ្តល់ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​ហុងកុង​៕ 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com