COVID-19
អន្តរជាតិ
WHO ទទួលស្គាល់ពីការកើនឡើងភស្តុតាងបង្ហាញថា COVID-19 អាចឆ្លងតាមខ្យល់ អង្គការសុខភាពពិភពលោក។ រូបភាព៖ AFP
× អង្គការសុខភាពពិភពលោក(WHO) ទទួលស្គាល់ភស្តុតាងដែលលើកឡើងថា វីរុសបង្កជំងឺ COVID-19 អាចឆ្លងតាមខ្យល់។ ការទទួលស្គាល់នេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រទទូចឲ្យអង្គការនេះ កែប្រែការណែនាំស្តីពីការឆ្លងជំងឺ COVID-19 ពីមនុស្សទៅមនុស្ស។ ប៉ុន្តែ WHO ក៏លើកឡើងផងដែរថា ភស្តុតាងទាំងនោះ ត្រូវបន្តប្រមូល និងបកស្រាយបន្ថែមទៀត។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៧ ខែកក្កដា លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសលើបញ្ហាជំងឺរាតត្បាត COVID-19 បានលើកឡើងថា WHO កំពុងតែពិភាក្សាពីលទ្ធភាពនៃការចម្លងជំងឺ COVID-19 តាមរយៈខ្យល់ដកដង្ហើមដែលមានមេរោគ និងលម្អងសារធាតុរឹង និងរាវដែលចេញពីអ្នកជំងឺ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីនេះ លោកស្រី Benedetta Allegranzi អ្នកដឹកនាំក្រុមការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ WHO បានលើកឡើងថា គេមានភស្តុតាងដែលកំពុងលេចឡើងថា ជំងឺCOVID-19 ឆ្លងតាមខ្យល់។ ប៉ុន្តែភស្តុតាងទាំងនេះមិនទាន់ច្បាស់លាស់ នៅឡើយទេ។ លោកស្រី អះអាងថា គេមិនអាចមើលរំលងឡើយពីលទ្ធភាពនៃការឆ្លងនៅទីកន្លែងសាធារណៈជាពិសេសនៅកន្លែងមានមនុស្សច្រើន បិទជិត និងមិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ ក៏ប៉ុន្តែ គេត្រូវប្រមូលភស្តុតាង និងយកទៅបកស្រាយ ហើយ WHO នឹងបន្តធ្វើរឿងនេះ។
ចំណែកឯលោកស្រី Van Kerkhove ក៏បានអ្នកសារព័ត៌មានដែរថាថា នៅប៉ុន្មានថ្ងៃខាងមុខនេះ WHO នឹងចេញផ្សាយរបាយការណ៍វិទ្យាសាស្ត្រសង្ខេបស្តីពីចំណេះដឹងលើការឆ្លងជំងឺ COVID-19 ។ ទាក់ទងនឹងការទប់ស្កាត់ការឆ្លងវីរុសនេះដែរ លោកស្រី Van Kerkhove បានលើកឡើងថា គេត្រូវការវិធានការគ្រប់ជ្រុងជ្រោយ ដោយមិនរាប់បញ្ចូលត្រឹមការធ្វើគម្លាតសុវត្ថិភាពឡើយ តែក៏បញ្ចូលការប្រើប្រាស់ម៉ាស់ឲ្យបានសមរម្យ ជាពិសេសនៅកន្លែងដែលគេមិនអាចធ្វើគម្លាតសុវត្ថិភាពបាន។
ក្នុងការណែនាំកន្លងមក WHO លើកឡើងថា វីរុសផ្លូវដង្ហើម SARS-CoV-2 ដែលបង្កជំងឺជា COVID-19 រីកសាយតាមរយៈតំណក់ទឹកតូចៗដែលខ្ទាតចេញពីច្រមុះ ឬ មាត់របស់អ្នកឆ្លងជំងឺ ហើយដែលធ្លាក់ចូលទៅក្នុងដីយ៉ាងឆាប់រហ័ស។ ការណែនាំ ក៏បង្ហាញផងដែរថា ការឆ្លង COVID-19 កើតឡើងតាមរយៈតំណក់ទឹកដែលចេញពីប្រព័ន្ធដកដង្ហើម និងការប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ជាមួយអ្នកមានជំងឺ។
ប៉ុន្តែ ក្នុងសំបុត្រចំហមួយទៅកាន់ WHO នៅថ្ងៃទី៤ ខែកក្កដា អ្នកវិទ្យាសាស្ត្រចំនួន២៣៩រូប មកពីប្រទេសចំនួន៣២ មានភស្តុតាងបង្ហាញថា វីរុសបង្កជាជំងឺ COVID-19 នេះ អាចអណ្តែតក្នុងខ្យល់ ហើយចម្លងដល់មនុស្សពេលដកដង្ហើមចូល។ ដោយសារតែវីរុសនោះ អាចបន្តនៅក្នុងខ្យល់យ៉ាងយូរ ទើបក្រុមអ្នកវិទ្យាសាស្ត្រទាមទារឲ្យ WHO កែប្រែការណែនាំរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com