«ឯកា»និង«ឯកោ»ជាពាក្យដែលពលរដ្ឋនិយមប្រើ និងនិយាយជាប្រចាំថ្ងៃ។ តែពាក្យ«ឯកំ» ពលរដ្ឋកម្រមានអ្នកប្រើណាស់។ ការពិតពាក្យទាំង៣នេះ គឺសុទ្ធតែជាពាក្យត្រឹមត្រូវ និងមានន័យតែមួយដូចគ្នា។ នេះបើយោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ «ឯកា»,«ឯកោ»និង«ឯកំ» ជាពាក្យឥតមានចម្លែកឲ្យភ័ន្តភាំង ប្រើតាមកាព្យចួនមិនគាំង។ កវីសម្រាំងតែងកាព្យា ដូចកាព្យថាឯកោ រាជា ឯកាទេវីរដ្ឋឯកំ។
វចនានុក្រមខ្មែរបានលើកឡើងនូវពាក្យដែលមាន«ឯក»នៅខាងដើមពាក្យដទៃ ឬ ខាងចុងពាក្យដទៃទៀត គឺពាក្យទាំងនោះ មានន័យថា មួយ,ម្នាក់។ «ឯក»ជាគុណនាមមានន័យដែលមានតែមួយ ឬតែម្នាក់,ឥតមានពីរ,ទីមួយ,លេខមួយ,ឧត្តម,ខ្ពស់,ខ្ពង់ខ្ពស់,ប្រសើរ,លើសលែង,លើសលន់,កន្លង,ចម្បង,សំខាន់,ដែលដាច់គេ,បណ្តាច់,ផុត,បំផុត,ស្រស់,ឆើត,ឆ្នើម,ថ្លៃថ្លា,ឥតមានប្រៀប,ដែលតែម្តង,ដែលព្រមគ្នា។
ឧទាហរណ៍៖ ឯកឧត្តម(ឧត្តមលើសលែង),ចំណេះឯក(ចំណេះខ្ពស់),ប្រសើរឯក(ប្រសើរបំផុត), ឯកចក្ខុ(ភ្នែកតែម្ខាង),ឯកចរ(ការត្រាច់ ឬដើរតែម្នាក់ឯង),ឯកចិត្ត(ចិត្តមួយ,គំនិតតែមួយ),ឯកច្ឆន្ទ(ចំណងតែមួយ,ដែលព្រមចិត្តគ្នា),ឯកជាតិ(ជាតិតែមួយ),ឯកជន(មនុស្សតែម្នាក់),ឯកទិន(ថ្ងៃមួយ)ជាដើម៕