អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ភ័យខ្លាច​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​ទើប​ចូល​ធរមាន​
08, Jul 2020 , 9:19 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព Xinhua
ដោយ:
​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​៨ ខែកក្កដា បាន​ប្រាប់​ប្រជាជន​ហ្វីលីពីន​កុំ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​ថ្មី​។ នេះ​គឺ​ការឆ្លើយតប​លើក​ទី​១​របស់លោក​ចំពោះ​ច្បាប់ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​សិទ្ធិមនុស្ស​មិន​ស្រួល​ចិត្ត​ជុំវិញ​ការបាត់បង់​សិទ្ធិ​ស៊ីវិល​របស់​ពលរដ្ឋ​។

 
​ច្បាប់​ប្រឆាំង​ភេរវកម្ម ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កាលពី​ថ្ងៃទី​៣ ខែកក្កដា ដែល​ផ្ដល់​អំណាច​ធំធេង​ដល់​កម្លាំង​សន្តិសុខ​តាម​ប្រមាញ់​ក្រុម​ភេរ​វករ បន្ទាប់ពី​ឆ្លង​ស្ថាប័ន​នីតិបញ្ញត្តិ​រួចរាល់​។ យ៉ាងណាមិញ ក្រុម​សិទ្ធិមនុស្ស​បាន​ប្រតិកម្ម​ខ្លាំងៗ ដោយ​អះអាងថា វា​គំរាមកំហែង​ដល់​សិទ្ធិមនុស្ស​និង​សេរីភាព​នៃ​ការបញ្ចេញមតិ ហើយ​អាច​ត្រូវ​ប្រើ​ដើម្បី​កម្ចាត់​ក្រុមប្រឆាំង​រដ្ឋាភិបាល​។ 
 
«​សម្រាប់​ប្រជាជន​ដែល​គោរព​ច្បាប់ ខ្ញុំ​ប្រាប់​អ្នក​ដោយស្មោះ​ត្រង់​ថា កុំ​ភ័យខ្លាច បើ​អ្នក​មិនមែនជា​ភេរវជន​ទេនោះ​»​។ លោក ឌូ​ទើ​តេ មានប្រសាសន៍​បែបនេះ​ក្នុង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍​។ លោក​បន្តថា អ្នក​ដែល​គ្មាន​គម្រោង​ដាក់​បំផ្ទុះ​វិហារ​សាសនា និង​កន្លែង​សាធារណៈ​ណាមួយ​ដើម្បី​បង្ក​វិនាសកម្ម​ដល់​ប្រជាជាតិ​ទេនោះ គ្មានអ្វី​គួរ​ឲ្យ​ភ័យខ្លាច​ឡើយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​វ័យ​៧៥​ឆ្នាំ​រូបនេះ បញ្ជាក់ទៀតថា ពួក​កុម្មុយនីស្ត​ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​ភេរ​វករ​ផងដែរ​។ 
 
​ច្បាប់​ថ្មី​នេះ បង្កើត​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​តែងតាំង​ដោយ​ប្រធានាធិបតី​។ ក្រុមប្រឹក្សា​ពិសេស​នេះ អាច​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ បញ្ជា​ឲ្យ​ចាប់ខ្លួន​ជន​ណា​ដោយ​គ្មាន​ដីកា ក្នុង​លក្ខខណ្ឌ​រដ្ឋាភិបាល​ចាត់ទុក​អ្នក​ទាំងនេះ​ជា​ភេរ​វករ​។ ច្បាប់​នេះ ក៏​អនុញ្ញាត​ឲ្យ​ឃុំឃាំង​ខ្លួន​ជនសង្ស័យ​រហូតដល់​២៤​ថ្ងៃ​ដោយ​ពុំ​ចាំបាច់​មានការ​ចោទប្រកាន់​។ ម្យ៉ាងទៀត រដ្ឋាភិបាល​ក៏​អាច​ឃ្លាំមើល និង​តាម​ស្ដាប់​កិច្ចសន្ទនា​ផងដែរ​។ 
 
​ទាក់ទិន​នឹង​ច្បាប់​នេះ ក្រុម​សិទ្ធិមនុស្ស​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ បាន​រិះគន់ថា ខណៈ​ហ្វីលីពីន​អត់​មានការ​គំរាមកំហែង​សន្តិសុខ​ច្បាស់លាស់ ច្បាប់​នេះ​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​កម្ចាត់​គូប្រជែង​លោក និង​លុបបំបាត់​សេរីភាព​ការបញ្ចេញមតិ​។​
 
​សូមបញ្ជាក់ថា ជម្លោះ​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​កង​ប្រដាប់អាវុធ​នៃ​បក្ស​កុម្មុយនីស្ត​ហ្វីលីពីន បន្ត​កើតឡើង​អស់​រយៈពេល​កន្លះ​សតវត្សរ៍​មកហើយ និង​បានសម្លាប់​មនុស្ស​ជាង​៤​ម៉ឺន​នាក់​។ ក្នុង​តំបន់​ជម្លោះ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន ប្រជាជន​ហ្វីលីពីន​ស្លូតត្រង់ រង​ការ​ប្លន់​តាម​សមុទ្រ ចាប់ជំរិត និង​សម្លាប់ចោល​ដោយ​ក្រុម​ជ្រុលនិយម​ដែល​រង​ឥទ្ធិពល​មនោគមន៍វិជ្ជា​ពី​ក្រុម​រដ្ឋ​ឥស្លាម (ISIS) ។ ពួកគេ​ធ្លាប់បាន​គ្រប់គ្រង​ទីក្រុង​ភាគខាងត្បូង​ក្នុង​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្នកំពុង​ប្រតិបត្តិការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជា​បន្ដបន្ទាប់​៕
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  សេចក្តីព្រាងច្បាប់​ប្រឆាំង​ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com