អន្តរជាតិ
ក្រុមហ៊ុន​បណ្តាញ​សង្គម នាំគ្នា​ផ្អាក​ផ្តល់​ទិន្ន័យ​ឲ្យ​អាជ្ញាធរ​ហុងកុង ក្រោយ​ច្បាប់​សន្តិសុខ​ចូល​ជា​ធរមាន​
09, Jul 2020 , 8:39 am        
រូបភាព
កម្មវិធីបណ្តាញសង្គមល្បីឈ្មោះរបស់ពិភពលោក។ រូបភាព AFP
កម្មវិធីបណ្តាញសង្គមល្បីឈ្មោះរបស់ពិភពលោក។ រូបភាព AFP
ដោយ:
​ក្រុមហ៊ុន​បណ្តាញ​សង្គម និង​បច្ចេកវិទ្យា​ធំៗ ដូចជា Facebook, Twitter, Microsoft, Google, Zoom, និង TikTok ជាដើម បានសម្រេច​ផ្អាក​មិន​ពិចារណា​លើ​សំណើសុំ​ទិន្ន័យ​អ្នកប្រើប្រាស់ ​ពី​អាជ្ញាធរ​តំបន់​ហុងកុង ក្រោយ​ច្បាប់​សន្តិសុខ​ចូល​ជា​ធរមាន និង​ចាប់ផ្ដើម​អនុវត្ត​នៅ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។

 
​នៅ​ថ្ងៃទី​៦ ខែកក្កដា ក្រុមហ៊ុន Facebook ដែល​គ្រប់គ្រង​បណ្តាញ​សង្គម Instagram និង WhatsApp លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​នឹង​ព្យួរ​នូវ​រាល់​សំណើ​​សុំ​ទិន្ន័យ​ទាំងអស់ ដើម្បី​វាយតម្លៃ​ច្បាប់​សន្តិសុខ​ហុងកុង ​ទៅលើ​ផលប៉ះពាល់​សិទ្ធិមនុស្ស និង​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​សិទ្ធិមនុស្ស​ផងដែរ ។ តាមរយៈ​អ្នកនាំពាក្យ​ ​ក្រុមហ៊ុនហ្វេសប៊ុក ​បាន​លើកឡើងថា Facebook ជឿជាក់​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ ដែលជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស និង​គាំទ្រ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ ដោយ​គ្មាន​ភាពភ័យខ្លាច និង​ផលវិបាក​។​
 
​ចំណែកឯ Google និង Twitter វិញ ​ក៏បាន​ព្យួរ​សំណើសុំ​ទិន្ន័យ​ ពី​អាជ្ញាធរ​ជាបន្ទាន់​ដែរ ក្រោយ​ច្បាប់​សន្តិសុខ​ជាតិ ចូល​ជា​ធរមាន​កាលពី​សប្តាហ៍​មុន​។ ក្រុមហ៊ុន​ទាំងពីរ ​លើកឡើង​ពី​ការបារម្ភ​យ៉ាងធ្ងន់ធ្ងរ​ ចំពោះ​ការអនុវត្ត​ច្បាប់​នេះ​។ ក្រុមហ៊ុន​ទាំង​២ បាន​បញ្ជាក់ដែរថា ខ្លួន​នឹងមិន​អនុវត្តតាម​សំណើ​របស់​អាជ្ញាធរ​ហុងកុង​ នៅពេល​ដ៏​ខ្លី​ខាងមុខ​នេះឡើយ​។​
 
​ថ្ងៃទី​៧ ខែកក្កដា ក្រុមហ៊ុន Microsoft និង Zoom ក៏បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដទៃទៀត​ដែរ ដោយបាន​ផ្អាក​មិន​ទទួល​ពិចារណា​សំណើ ឬ​ផ្តល់​ទិន្ន័យ​អ្វី​ទាំងអស់ ​ទៅ​មន្ត្រី ឬ​ប៉ូលិស​ហុងកុង​ឡើយ​។ ក្រុមហ៊ុន Zoom បាន​លើកឡើងថា​ខ្លួន គាំទ្រ​ការផ្លាស់ប្តូរ​គំនិត ដោយ​សេរី​និង​បើកចំហ​។  មិនតែប៉ុណ្ណោះ Zoom ក៏​កំពុង​ពិនិត្យមើល​ការវិវត្ត​ស្ថានការណ៍​នៅ​ហុងកុង និង​រង់ចាំ​ការណែនាំ​ពី​រដ្ឋាភិបាល​អាមេរិក​។​
 
​សូម​រំឭក​បន្តិច​ថា Tik Tok ដែលជា​បណ្តាញ​សង្គម​ពេញនិយម និង​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ចិន ក៏បាន​សម្រេច​ដកខ្លួន​ចេញ ពី​ទីផ្សារ​តំបន់​ហុងកុង​នៅ​ថ្ងៃទី​៧ ខែកក្កដា​ដែរ ដោយ​ពិបាក​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ក្នុង​ទីក្រុង​នេះ​។​
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម បាននាំគ្នា​មក​តាំងទី​នៅ​ទីក្រុង​ហុងកុង​ ដោយសារតែ​ពុំមាន​ការ​រឹតត្បិត​លើ​អ៊ីនធឺណិត​ ដូច​នៅ​ចិនដីគោក​។ ប៉ុន្តែ​ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​នេះ ប៉ូលិស​ហុងកុង ​នឹង​ទទួលបាន​អំណាច​បន្ថែម ​នៅលើ​បណ្តាញ​អ៊ីនធឺណិត ដូចជា ​ការទាមទារ​ឲ្យ​លុបចោល​ព័ត៌មាន ​ដែល​ចាត់ទុកថា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ការអនុវត្ត​តាម​ការ​ណែនាំ អាច​នឹងរង​ពិន័យ​ជា​ប្រាក់​ ឬ​ជាប់ពន្ធនាគារ​៕

Tag:
 ​ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com