ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ទោះ​លំបាក ​ការចុះ​បង្រៀន​សិស្ស​តាម​ផ្ទះ​នៅតែមាន​ប្រសិទ្ធភាព​ជាង​បង្រៀន​តាម​អន​ឡាញ​
09, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​បរិបទ​កូ​វីដ​-១៩ ការបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ បាន​ក្លាយជា​និន្នាការ​ទូទៅ​នៅលើ​សកលលោក រួមទាំង​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​គ្រូ​មួយចំនួន​ដែល​បង្រៀន​តាម​អន​ឡាញ បាន​ត្អូញត្អែរ​ករណី​សិស្ស​ដែល​ចូលរៀន​មិនបាន​គ្រប់​ចំនួន ខណៈ​គ្រូ​ដែល​ចុះ​បង្រៀន​សិស្ស​ដល់ផ្ទះ មិនសូវ​បារម្ភ​នោះឡើយ​។​
 
​អ្នកគ្រូ ជា ចាន់ណា ដែល​បង្រៀន​គណិតវិទ្យា​នៅ​វិទ្យាល័យ​អារញ្ញ​សាគរ CSC ខេត្តសៀមរាប ដល់​សិស្ស​ថ្នាក់​ទី​១០ បាន​បញ្ជាក់ថា ក្នុងចំណោម​សិស្ស​ចំនួន​ជិត​១០០​នាក់ ដែល​អ្នកគ្រូ​បង្រៀន​តាម​អន​ឡាញ គឺ​មានតែ​សិស្ស​ចំនួន​៥០​នាក់​ប៉ុណ្ណោះ ដែល​នៅ​រៀន​ទៀងទាត់ រីឯ​ពាក់កណ្តាល​ទៀត អ្នកខ្លះ​ក៏​អវត្តមាន​ដោយ​គ្មាន​ច្បាប់ ហើយ​ខ្លះទៀត​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន​។​
 
​អ្នកគ្រូ បាន​ឲ្យ​ដឹងថា​សិស្ស​ដែល​មិនបាន​ចូលរៀន​ទៀងទាត់ ដោយសារ​ពួកគេ​ត្រូវ​ជួយ​រក​ចំណូល​សម្រាប់​ឪពុកម្តាយ​ដែល​ខ្វះខាត​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​ដោយ​ភាគច្រើន​ជា​សិស្សស្រី​។ ចំណែក​សិស្ស​មួយចំនួន​ដែល​តែងមាន​វត្ត​មាននៅ​ម៉ោង​រៀន​ជាមួយ​អ្នកគ្រូ  ភាគច្រើន​ជា​សិស្ស​ដែល​ខិតខំ​រៀន មាន​ទូរ​សព្ទ និង​ឧបករណ៍ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​សិក្សា​អន​ឡាញ​។ 


សកម្មភាពការសិក្សារបស់កុមារនៅតាម ផ្ទះ  ដែល​បង្រៀន​ដោយ​លោកគ្រូ យ៉េង វាសនា រូបភាពពីលោកគ្រូ យ៉េង វាសនា
 
«​សិស្ស​ខ្លះ​គាត់​អត់​មាន​ទូរ​សព្ទ​ប្រើ សិស្ស​ខ្លះ​ក៏​ខ្ជិល សិស្ស​ខ្លះ​គាត់​រៀន​ពូកែ តែ​គាត់​អត់​ចូលរៀន​។ សិស្ស​ខ្លះ​គាត់​រវល់​ជួយ​ការងារ​ឪពុកម្តាយ​របស់​ពួកគាត់​។ ពួកគាត់​ខ្លះ​អត់​មាន​លុយ​បញ្ចូល​សម្រាប់​រៀន​។ ណាមួយ​សិស្ស​ដែល​អត់​ចូលរៀន គឺ​សិស្ស​ដែល​រៀន​អត់​សូវ​ពូកែ​។ មួយវិញទៀត គាត់​គិតថា​មុខវិជ្ជា​របស់ខ្ញុំ​វា​លំបាក​រៀន ទើប​គាត់​អត់​ចូលរៀន​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកគ្រូ ជា ចាន់ណា​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ  អ្នកគ្រូ​ឯកទេស​គណិតវិទ្យា​រូបនេះ តែងតែ​ប្រាប់​ទៅ​សិស្ស ឬ​អាណាព្យាបាល​សិស្ស​តាម​ទូរ​សព្ទ  ឬ​ផ្ញើ​សារ​នៅក្នុង​ក្រុម​តេ​ឡេ​ក្រាម​រវាង​សិស្ស និង​អាណាព្យាបាល​សិស្ស​។  អ្នកគ្រូ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សិស្ស​ខ្លះ​យើង​បាន​ហៅ​គាត់​មក​រៀន​វិញ​។ ជួនកាល​យើង​បាន​អញ្ជើញ​មាតាបិតា​គាត់​មកជួប ដើម្បី​សួរនាំ​ពី​គាត់​ថា​ហេតុអ្វី​បានជា​គាត់​អវត្តមាន​ច្រើន​»​។​
 
​ចំពោះ​ការបង្រៀន​ភាសា​អង់គ្លេស​ថ្នាក់​ទី​១២ តាម​អន​ឡាញ​របស់​អ្នកគ្រូ អ៊ូ សុ​ផុន ក៏​ទទួលបាន​សិស្ស​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​សិស្ស​ជិត​៥០​នាក់​។ អ្នកគ្រូ បញ្ជាក់ថា សិស្ស​ប្រមាណ​៨០​ភាគរយ​គឺ​មិនបាន​ចូលរៀន​តាម​អន​ឡាញ​ជាមួយ​អ្នកគ្រូ​ទេ ដោយសារតែ​សិស្ស​ខ្លះ​គ្មាន​លទ្ធភាព​រៀន និង​សិស្ស​ខ្លះទៀត​រៀន​មិនទាន់ ទើប​ពួកគេ​សម្រេច​បោះបង់​ការសិក្សា​លើ​មុខវិជ្ជា​របស់​អ្នកគ្រូ​។ 
 
 
​គ្រូបង្រៀន​នៅ​វិទ្យាល័យ​តេ​ជោ​ហ៊ុន សែន បឹងកក់ ខេត្តកំពង់ចាម​រូបនេះ បង្ហាញ​ការព្រួយបារម្ភ​ទៅលើ​សិស្ស​ដែល​ឈប់រៀន​មុខវិជ្ជា​របស់​អ្នកគ្រូ​ដូច្នេះ​ថា​៖«​ខ្ញុំ​បារម្ភ​ពី​ពួកគាត់​ដែរ​។ ទោះបី​មុខវិជ្ជា​នេះ រៀន​គ្រាន់តែ​យក​ពិន្ទុ​។ តែ​ពេល​គាត់​ផុត​ទី​១២ ទៅនោះ គឺ​ពួកគេ​ត្រូវការ​មុខវិជ្ជា​ភាសា​អង់គ្លេស​ខ្លាំង ព្រោះ ពេល​គាត់​ត្រូវ​ចូលរៀន​នៅតាម​សកល​វិទ្យាល័យ ឬ​តាម​មុខជំនាញ​របស់គាត់ ឬ​ធ្វើ​ការងារ​ផ្សេងៗ​។ ពួកគាត់​អត់​ទាន់​យល់​នៅត្រង់ចំណុច​ហ្នឹង​ទេ​»​។ 
 
​ក្នុង​រយៈពេល​នៃ​ការបិទ​សាលា​កន្លងមក មាន​ក្មេងស្រី​មួយចំនួន មិនបាន​សិក្សា​ទៀងទាត់ ដោយ​ពួកគេ​យក​ពេលវេលា ទៅ​ជួយ​ធ្វើ​ការងារ​ផ្ទះ​វិញ​។ ក្មេងស្រី​ដែល​ងាក​ទៅធ្វើ​ការងារ​ផ្សេងៗ ក៏​ជាហេតុ​នាំ​ឲ្យ​ពួកគេ​ប្រឈម​នឹង​គ្រួសារ​បង្ខំ​ឲ្យ​រៀបការ មាន​ផ្ទៃពោះ​ទាំង​វ័យក្មេង  រង​អំពើហិង្សា​នៅក្នុង​គ្រួសារ និង អំពើហិង្សា​ផ្លូវភេទ​។ នេះ​បើតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​អង្គការ​៦​ដែល​ធ្វើ​ការផ្តោត​សំខាន់​លើ​ផ្នែក​អប់រំ​កុមារ និង​សិទ្ធិ​កុមារ​នៅ​កម្ពុជា រួមមាន Save the Children, Child World, Plan international Cambodia, Terre des Hommes, អង្គការ​ភូមិ​កុមារ (SOS) និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​។​


សកម្មភាព​កុមារ​កំពុងរៀនតាមអនឡាញ រូបភាពពីលោក លាង វណ្ណធី  ដែល​បាន​ផ្តល់​ឲ្យ​​សារព័ត៌មាន​ថ្មីៗ
 
​ទាក់ទង​នឹង​អវត្តមាន​សិស្ស​នៅពេល​បង្រៀន​សិស្ស​តាម​អន​ឡាញ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រសួង​ណែនាំ​ឲ្យ​គ្រូ​បន្ត​តាមដាន​ការសិក្សា​របស់​សិស្ស និង​ចុះទៅ​សម្របសម្រួល​ពី​ការរៀន​របស់​សិស្ស​ទៅតាម​បណ្តុំ​តូចៗ  តាម​ភូមិ និង​តាម​ផ្ទះ​នីមួយៗ ដើម្បី​បែងចែក និង​ប្រមូល​សន្លឹក​កិច្ចការ​ឲ្យ​សិស្ស និង​ជំរុញ​ឲ្យ​សិស្ស​ខិតខំ​ស្វ័យ​សិក្សា​នៅផ្ទះ​។ ជាពិសេស​ណែនាំ​ទៅ​អាណាព្យាបាល​សិស្ស​ឲ្យ​ជួយ​ពន្យល់ ដាស់តឿន និង​បង្រៀន​កូន​បន្ថែម​នៅផ្ទះ ដើម្បី​កុំ​ឲ្យ​កុមារ​បោះបង់​ការសិក្សា​។   
 
 
​ការរៀន និង​ការបង្រៀន​តាម​អន​ឡាញ​នៅតែ​បន្ត​អនុវត្ត​រហូតដល់​ពេល​ដែល​ក្រសួង​អប់រំ​ប្រកាស​ពី​ការបើក​សាលា​ឡើងវិញ​។  លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា សិស្ស​ដែល​គ្មាន​លទ្ធភាព​រៀន​តាម​អន​ឡាញ ក្រសួង​អប់រំ​បាន​ឲ្យ​គ្រប់​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ​រៀបចំ និង​បែងចែក​គ្រូបង្រៀន​តាម​មុខវិជ្ជា​នីមួយៗ ចុះទៅ​បង្រៀន និង​ពន្យល់​មេរៀន​ដល់​សិស្ស​ផ្ទាល់​តាម​មូលដ្ឋាន​។ 
 
«​ចំពោះ​សិស្ស​ដែល​នៅ​ដាច់ស្រយាល​ដែល​គ្មាន​លទ្ធភាព​ទទួលបាន​អ៊ីនធឺណិត​ប្រើប្រាស់​សម្រាប់​រៀន​តាម​អន​ឡាញ​។ គឺ​យើង​នឹង​ប្រើ​វិធីសាស្ត្រ​បុរាណ គឺ​ការប្រមូល​ផ្តុំគ្នា​តូចៗ ធ្វើ​ស្វ័យ​សិក្សា ក៏ដូចជា​ដឹកនាំ​ដោយ​គ្រូ​ប្រចាំ​ថ្នាក់ ឲ្យ​គាត់​ជួយ​បន្ត​ពន្យល់ និង​បង្រៀន​សិស្ស​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២២ ខែមិថុនា ក្នុង​កម្មវិធី​បើក​ការដ្ឋាន​ជួសជុល​អគារ​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង ការអប់រំ​ពី​ចម្ងាយ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​


សកម្មភាពការសិក្សារបស់កុមារនៅតាម ផ្ទះ  ដែល​បង្រៀន​ដោយ​លោកគ្រូ យ៉េង វាសនា រូបភាពពីលោកគ្រូ យ៉េង វាសនា
 
​លោក យ៉េ​ង វាសនា គ្រូបង្រៀន​ថ្នាក់​មេ​ត្ត​យ្យ នៅ​ខេត្តកំពង់ចាម ដែល​ចុះទៅ​បង្រៀន​កុមារ​ផ្ទាល់ នៅតាម​ផ្ទះ​ដែល​ដាច់ស្រយាល ត្រឹម​៥​នាក់​ក្នុង​រយៈពេល​១​ខែ​កន្លងទៅនេះ លោក​សង្កេតឃើញថា ចាប់តាំងពី​លោក​ចុះទៅ​បង្រៀន​ផ្ទាល់​ជាមួយ​កុមារ​ក្នុងភូមិ​មក គឺ​កុមារ​ទទួលបាន​ចំណេះ​ដឹងបាន​ច្រើនជាង​ពួកគេ​រៀន​តាម​អន​ឡាញ​។ 
 
​លោកគ្រូ វាសនា ដែលមាន​បទពិសោធ​បង្រៀន​ថ្នាក់​ម​ត្តេ​យ្យ​រយៈពេល​៥​ឆ្នាំ បានបង្ហាញ​អារម្មណ៍​រីករាយ​នៅពេលដែល​លោកគ្រូ​បាន​ចុះទៅ​បង្រៀន​ផ្ទាល់​ជាមួយ​កុមារ​តាម​ផ្ទះ​ក្នុង​រយៈពេល​៥​ម៉ោង​ក្នុង​មួយថ្ងៃ ដូច្នេះ​ថា​៖«​សិស្ស​ភាគច្រើន​គឺ​សុទ្ធតែ​ខំរៀន ហើយ​ឪពុកម្តាយ​សិស្ស​គឺ​សុទ្ធតែ​លើកទឹកចិត្ត​ឲ្យ​កូន​រៀន​ដែរ​។ ពេល​គាត់​រៀន​តាម​អន​ឡាញ ពួកគេ​មិនដឹងថា​ត្រូវ​សួរ​ពី​ណា​គេ​ទេ​។ ពេល​យើង​ចុះទៅ​បង្រៀន​ផ្ទាល់ គឺ​យើង​ដឹងថា​គាត់​ចេះ​បាន​កម្រិតណា​»​។ 
 
​សម្រាប់​អ្នកគ្រូ ឈិ​ម វណ្ណា​រី ជា​នាយិកា​នៅ​បឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ខេត្តព្រះវិហារ  បាន​បញ្ជាក់ថា សាលា​បាន​បែងចែក​ឲ្យ​គ្រូ​បន្ទុក​ថ្នាក់​មួយចំនួន ចុះទៅ​បង្រៀន​ផ្ទាល់​ជាមួយ​សិស្ស​ក្នុង​បរិមាណ​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​នៅតាម​សហគមន៍ ឬ​តាម​ផ្ទះ​គ្រូ​។ 
 
​បើតាម​អ្នកគ្រូ ឈិ​ម វណ្ណា​រី សិស្ស​អាច​ជួប​គ្រូ​ម្តង​បានតែ​៣​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​។ តែ​យ៉ាងណា អ្នកគ្រូ វណ្ណា​រី នៅតែ​យល់ថា​ការបើកឱកាស​ឲ្យ​គ្រូ​ចុះ​បង្រៀន​សិស្ស​ផ្ទាល់​នេះ អាច​ឲ្យ​សិស្ស​សួរ​ចំណុច​មេរៀន​ដែល​សិស្ស​មិនទាន់​យល់​។  អ្នកគ្រូ​រៀបរាប់​ដូច្នេះ​ថា​៖«​ដោយសារតែ​សិស្ស​ច្រើន ដូច្នេះ​សិស្ស​អាច​ជួប​គ្រូ​បាន​តែមួយ​សប្តាហ៍​ម្តង​ទេ​។ យើង​ចែក​សន្លឹក​កិច្ចការ​ឲ្យ​គាត់​។ ដូច្នេះ​ពេល​ហ្នឹង​គាត់​ក៏​អាច​សួរ​យើង​ត្រង់ចំណុច​ដែល​គាត់​ឆ្ងល់​ពេលដែល​យើង​ចុះទៅ​បង្រៀន​គាត់​»៕ 
 
 

Tag:
 លោកគ្រូ​
 ​សាលារៀន​
  អប់រំ​
 ​កុមារ​
 ​អន​ឡាញ​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com