អន្តរជាតិ
ចិន ចង់ឲ្យអាមេរិកបន្ថយអាវុធនុយក្លេអ៊ែរមកត្រឹមកម្រិតរបស់ខ្លួន ទើបចូលតុចរចា លោក Fu Cong ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន។ រូបភាព៖ Reuters
× មន្ត្រីការទូតជាន់ខ្ពស់ចិន នៅថ្ងៃទី៨ ខែកក្កដា បានលើកឡើងថា ចិន អាចនឹងចូលតុចរចាជាមួយអាមេរិក និងរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមកាត់បន្ថយបរិមាណអាវុធនុយក្លេអ៊ែរ មកត្រឹមកម្រិតរបស់ចិននៅពេលបច្ចុប្បន្ន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិនបែបនេះ គឺសំអាងថា បរិមាណអាវុធនុយក្លេអ៊ែររបស់អាមេរិក មានច្រើនជាងចិនរហូតដល់ទៅ២០ដងឯណោះ។
នាពេលកន្លងមក ទីក្រុងវ៉ាស៊ីនតោន តែងតែហៅចិនឲ្យចូលរួម ក្នុងតុចរចាសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលគ្រោងនឹងអស់សុពលភាព នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។ អាមេរិក មិនចង់បន្តកិច្ចព្រមព្រៀងនេះឡើយ ព្រោះចិនមិនមែនជាភាគីនៃសន្ធិសញ្ញានេះ។ ម្យ៉ាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏មិនចង់ចរចាសន្ធិសញ្ញនេះដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោត។
ទាក់ទិននឹងបញ្ហាអាមេរិកហៅចិនឲ្យចូលតុចរចាសន្ធិសញ្ញានេះ លោក Fu Cong ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន បានអះអាងថា ចិន មិនចង់ចូលរួម ក្នុងតុចរចាជាមួយអតីតមហាអំណាចសម័យសង្គ្រាមត្រជាក់ទាំងពីរទេ ព្រោះបរិមាណអាវុធនុយក្លេអ៊ែររបស់ចិនមានតិចណាស់ ពោលគឺតិចជាងអាមេរិករហូតដល់ទៅ ២០ដងឯណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
យ៉ាងណាក៏ដោយ មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បានបន្តថា ចិននឹងចូលតុចរចា ប្រសិនបើអាមេរិក អាចកាត់បន្ថយបរិមាណអាវុធនុយក្លេអ៊ែរមកត្រឹមកម្រិតរបស់ចិន។ ក្នុងន័យនេះ វាមិនអាចទៅរួចឡើយសម្រាប់អាមេរិក ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលមានរាប់ពាន់គ្រាប់ មកត្រឹមកម្រិតរបស់ចិន ដែលមានចំនួន ជាង ៣០០គ្រាប់នោះ។
ក្រៅពីនេះ លោក Fu ក៏បានលើកឡើងពីចេតនារបស់អាមេរិកក្នុងហៅចិនឲ្យចូលរួមក្នុងកិច្ចចរចាសន្ធិសញ្ញា New START នេះផងដែរ។ បើតាមលោក Fu ការហៅចិនឲ្យចូលតុចរចានេះ គឺគ្រាន់តែជាលេសសម្រាប់អាមេរិក ដើរចេញពីកិច្ចចរចាតែប៉ុណ្ណោះ ព្រោះអាមេរិកដឹងថា ចិនមិនអាចចូលរួមបាន។ ជាមួយគ្នានេះ លោក Fu បានចោទអាមេរិកថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺទាត់ចោលការរឹតត្បិតទាំងអស់ ដើម្បីស្វែងរកឧត្តមភាពយោធាលើប្រទេសជាសត្រូវដទៃ។
New START គឺជាសន្ធិសញ្ញារវាងអាមេរិក និងរុស្ស៊ី ស្តីពីការកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រ ដែលបានចូលជាធរមាននៅក្នុងឆ្នាំ២០២១។ សន្ធិសញ្ញាថ្មី ដែលយកចំណុចសំខាន់មួយចំនួនចេញពីសន្ធិសញ្ញា START ឆ្នាំ១៩៩១ បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រឹម១៥៥០ សម្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប និងមីស៊ីលបាលីស្ទិកបំពាក់លើនាវាមុជទឹក ខណៈចំនួនមីស៊ីលទាំងពីរប្រភេទនេះទៀតសោត ត្រូវកំណត់ត្រឹម ៧០០ដើម និងកម្រិតបរិមាណអាវុធមួយចំនួនទៀត។
ដោយផ្អែកទៅតាមទិន្នន័យរបស់
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) នៅក្នុងឆ្នាំ២០២០ អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន៥៨០០ គ្រាប់ ចំណែករុស្ស៊ីមានក្បាលគ្រាប់ចំនួន៦៣៥៧ ខណៈចិនមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រឹមតែ ៣២០ប៉ុណ្ណោះ។ បើធៀបនឹងឆ្នាំ២០១៩ អាមេរិក និងរុស្ស៊ី បានកាត់បន្ថយចំនួននុយក្លេអ៊ែរខ្លះ ខណៈចិនកើនឡើង។ សម្រាប់ឆ្នាំ២០១៩ អាមេរិកក្បាលគ្រាប់នុយក្លេអ៊ែរមាន៦១៨៥គ្រាប់ ចំណែករុស្ស៊ីមានចំនួន ៦៥០០គ្រាប់ ខណៈចិនមានចំនួន ២៩០គ្រាប់៕
Tag:
ចិន
អាមេរិក
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com