Pullin ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ស្គី​ទឹកកក ស្លាប់​ដោយសារ​លង់ទឹក​នៅ​អូស្ត្រាលី​
កីឡាអន្តរជាតិ
អន្តរជាតិ
Pullin ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ស្គី​ទឹកកក ស្លាប់​ដោយសារ​លង់ទឹក​នៅ​អូស្ត្រាលី​
08, Jul 2020 , 10:39 pm        
រូបភាព
Alex Pullin ម្ចាស់​ជើងឯក​កីឡា​ស្គី​លើ​ទឹកកក​ពិភពលោក​ពីរ​សម័យកាល បានទទួល​មរណៈភាព​ដោយ​លង់ទឹក​អំឡុងពេល​កម្សាន្ត​ក្នុង​សមុទ្រ​នា​ប្រទេស​កំណើត​អូស្ត្រាលី នៅ​ថ្ងៃទី​៨ ខែកក្កដា​នេះ​។ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ក្នុង​តំបន់ Pullin ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​សមុទ្រ​។​


​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អូស្ត្រាលី​អះអាងថា អ្នកដើរ​កម្សាន្ត​ម្នាក់​បាន​ប្រទះឃើញ Pullin សន្លប់​នៅក្នុង​ទឹកសមុទ្រ​លើ​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត​មួយ​។ ឆ្មាំ​ការពារ​នៅ​ទីនោះ បាននាំគ្នា​យក​កីឡាករ​រូបនេះ​ទៅលើ​ឆ្នេរ Gold Coast ក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី រួចហើយ​បាន​ហៅ​គ្រូពេទ្យ​មក​សង្គ្រោះ​ភ្លាមៗ​។ គេ​មិនឃើញ​កីឡាករ​រូបនេះ​ពាក់​ឧបករណ៍​ជំនួយ​អុកស៊ីសែន​ឡើយ​។​
 
​យ៉ាងណាក៏ដោយ Pullin វ័យ​៣២​ឆ្នាំ ដែល​បាត់បង់​ស្មារតី​នៅឯ​ឆ្នេរ​នោះ បាន​ស្លាប់​ដោយសារ​លង់ទឹក​ទៅហើយ បើ​ទោះ​បានទទួល​ការសង្គ្រោះ​ដោយ​ក្រុមគ្រូពេទ្យ​ប្រចាំ​នៅ​កន្លែងកើតហេតុ​ក្តី​។​


Pullin ដើរកាន់ទង់ជាតិអូស្ត្រាលីក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៤
 
Pullin ដែលមាន​រហស្សនាម​ថា «Chumpy» ជា​អ្នក​កាន់​ទង់ជាតិ​អូស្ត្រាលី​នៅក្នុង​ការដើរ​បង្ហាញខ្លួន​របស់​អត្ត​ព​លិ​ក​អូស្ត្រាលី​នៅក្នុង​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ ២០១៤ នៅ​ទីក្រុង​ស៊ូ​ជី ប្រទេស​រុស្ស៊ី​។ រូបគេ ជា​ម្ចាស់​មេដាយមាស​កីឡា​ស្គី​លើទឹក​កក​ពីរ​សម័យកាល​ក្នុង​ព្រឹត្តិការណ៍ World Championships ក្នុង​ឆ្នាំ ២០១១ និង​ឆ្នាំ​២០១៣ រួមទាំង​មេដាយសំរិទ្ធិ​មួយ​លើក​ផងដែរ​នៅ​ឆ្នាំ ២០១៧​។
 
​ក្រៅពីនេះ Pullin ក៏បាន​ឈ្នះ​មេដាយប្រាក់​ក្នុង​ព្រឹត្តិការណ៍ Winter X Games មួយ​លើក​ក្នុង​ឆ្នាំ​២០១៦ និង​មេដាយមាស​កម្មវិធី​កីឡា​រដូវរងា​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ឆ្នាំ ២០១១ ទៀតផង​។​
 
​មុន​ជួប​ហេតុការណ៍​អាក្រក់​ខាងលើ អត្ត​ព​លិ​ក​សញ្ជាតិ​អូស្ត្រាលី​រូបនេះ ធ្លាប់បាន​ចែករំលែក​រូបភាព​តាម​អ៊ីនធឺណិត​ដោយ​បង្ហាញ​រូប​ខ្លួនគេ​ផ្ទាល់​ហែល​ទឹក​ក្នុង​សមុទ្រ និង​មាន​កាន់​លំពែង​សម្រាប់​ចាក់​ត្រី ឬ​សត្វ​ផ្សេងៗ​ក្នុង​សមុទ្រ​នោះ​ផង​។​
 
​គណៈកម្មាធិការ​អូឡាំពិក​អូស្ត្រាលី (AOC) បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​អត្ត​ព​លិ​ក​ឆ្នើម​របស់ខ្លួន​រូបនេះ​។ ស្ថាប័ន AOC កំពុង​ចូលរួម​កាន់ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះដែរ​៕
 

Tag:
 Alex Pullin
  កីឡា​ស្គី​ទឹកកក
© រក្សាសិទ្ធិដោយ thmeythmey.com