COVID-19
ជាតិ
សង្គមជាតិ
សាលាឯកជន អាចរៀបចំប្រឡងឌីប្លូមនិងបាក់ឌុប តែមួយបន្ទប់ ត្រូវមានសិស្សមិនលើស១៥នាក់
08, Jul 2020 , 5:56 pm        
រូបភាព
សកម្មភាពសិស្សប្រឡងបាក់ឌុប កាលពីឆ្នាំ២០១៩
សកម្មភាពសិស្សប្រឡងបាក់ឌុប កាលពីឆ្នាំ២០១៩
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមគ្រឹះស្ថានសិក្សារៀងៗខ្លួន នៅខែសីហា ឆ្នាំ២០២០ តែត្រូវកំណត់ត្រឹមមនុស្សតែ១០ ទៅ១៥នាក់ប៉ុណ្ណោះ ក្នុងមួយបន្ទប់ ហើយត្រូវគោរពតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមសេចក្តីជូនដំណឹង ដែលលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ ផ្ញើទៅបណ្តាគ្រឹះស្ថានសិក្សាឯកជន នាថ្ងៃទី៦ ខែកក្កដា។



លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់អ្នកសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ក្រសួងអប់រំកំណត់រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ សម្រាប់ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុប។

បើតាមលោក ឌី ខាំបូលី ក្រសួងកំណត់យកថ្ងៃទី៣¬-៤ ខែសីហា ជាថ្ងៃរៀបចំដំណើរការប្រឡងឌីប្លូម និងថ្ងៃទី១៧-១៨ ខែសីហា ជាថ្ងៃរៀបចំដំណើរការប្រឡងបាក់ឌុប។ លោកអះអាងថា ការប្រឡងនេះគឺសម្រាប់តែក្នុងក្របខ័ណ្ឌសាលាឯកជនប៉ុណ្ណោះ។ ចំណែកការរៀបចំប្រឡងឌីប្លូមនិងបាក់ឌុបរបស់សាលារដ្ឋ សម្រាប់ឆ្នាំ២០២០នេះ លោក មិនទាន់អាចមានប្រសាសន៍នោះទេ។

លោក បន្តថា សាលាឯកជននីមួយៗ នឹងធានាបាននូវធនធានគ្រូ សម្រាប់រៀបចំការប្រឡងឲ្យមានគុណភាព។ លោក បញ្ជាក់ដូច្នេះថា៖«នេះជារឿងដាច់ដោយឡែករបស់សាលារៀនរៀងៗខ្លួន កន្លងមកយើងមានគ្រូគ្រប់ ឥឡូវយើងក៏មានគ្រប់ដែរ»។

លោក ហង់ជួន ណារ៉ុន សម្រេចឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប ដោយសារតែគ្រឹះស្ថានសិក្សាឯនជន មិនអាចរៀបចំការប្រឡងតាមអនឡាញ ប្រកបដោយលក្ខណៈបច្ចេសទេសបានឡើយ។ លោករដ្ឋមន្ត្រី អះអាងថា ក្រសួង នឹងសហការជាមួយនឹងគ្រឹះស្ថានសិក្សាឯកជនក្នុងការរៀបចំការប្រឡងនេះ ឲ្យប្រកបដោយគុណភាពខ្ពស់។

លោក លើកឡើងទៀតថា មុននឹងរៀបចំការប្រឡងនេះ គ្រប់គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំទៅក្រសួងអប់រំ ដើម្បីពិនិត្យ និងទទួលស្គាល់ជាមុនសិន។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំ   ដោយត្រូវកំណត់មនុស្សត្រឹម១៥ ទៅ២០នាក់ ក្នុងមួយបន្ទប់ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មានរយៈពេលត្រឹម២ថ្ងៃ ក្នុងការរៀបចំការប្រឡងនេះ។

ក្រសួងអប់រំ នឹងពិចារណាបើកសាលារៀនឡើងវិញ ដោយក្រសួងបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ សាលារៀន មានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀន មានស្តង់ដាមធ្យម និង ដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

លោក រស់ សុវាចា ជាអ្នកនាំពាក្យក្រសួងអប់រំដែរនោះ បានឲ្យដឹងថា ក្រសួងកំពុងតែសហការជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និង ក្រសួងសេដ្ឋកិច្ច ដើម្បីពិចារណាកំណត់ថ្ងៃបរិច្ឆេទ និងវិធានការចាំបាច់ សម្រាប់បើកសាលាឡើងវិញ ក្នុងដំណាក់កាលទី១។

លោក បន្ថែមថា ចំណែកដំណាក់កាលទី២ និងដំណាក់កាលទី៣ ក្រសួងនឹងកំណត់បើកជាបន្តបន្ទាប់ទៀត។ លោក បញ្ជាក់ដូច្នេះថា៖«ក្រសួងអប់រំ នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការ ដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ»។

អស់រយៈពេលជិត៤ខែហើយ ដែលក្រសួងអប់រំ បានបិទសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង
 

Tag:
 គ្រឹះស្ថានសិក្សាឯកជន
  ប្រឡង
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com