កំណាព្យ
ជាតិ
កវី អ៊ីវ ហួត ប្រើ​ស្នាដៃ​កំណាព្យតាមហ្វេសប៊ុកដើម្បី​​ភ្ជាប់​និស្ស័យ​ជាមួយ​យុវជន​ (១)
08, Jul 2020 , 6:05 pm        
រូបភាព
នៅពេល​សារ​សំណើ​របស់ខ្ញុំ​ចូលក្នុង​ប្រអប់ Messenger ព្រឹទ្ធ​ចា​រ្យ អ៊ីវ ហួត ភ្លាម ខ្ញុំ​ស្ទើរតែ​លុបចេញ​វិញ​ទៅហើយ ព្រោះ​មាន​អារម្មណ៍​ថា ខ្លួន​ពិតជា​រំខាន​ពេលវេលា​របស់​បុរស​ចំណាស់​ម្នាក់​។ ប៉ុន្តែ​មិនអាច​ឡើយ ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​បង្ហាញថា ភាគី​ម្ខាង​ទៀត បានឃើញ (Seen) ទៅហើយ ហេតុដូច្នេះ ខ្ញុំ​ក៏​សម្រេច​រង់ចាំ​មើល​ចម្លើយ​។ ម៉ោង​៩​យប់​ថ្ងៃ​ដដែល ព្រឹទ្ធាចារ្យ អ៊ីវ ហួត បាន​សរសេរ​ឆ្លើយតប​មក​ខ្ញុំ​វិញ ថា «​ជា​កិត្តិយស​ដ៏​ធំ​របស់គាត់​ដែល​ទទួលបាន​សំណើរ​សម្ភាស​ជា​កំណាព្យ​» ហើយ​គាត់​សន្យា​ឆ្លើយ​សំណួរ​ទាំងនោះ ជា​កំណាព្យ​បទ​កាក​គិត​។​



​អាយុ​៨០​ឆ្នាំ គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ប៉ុន្តែ​កម្លាំងចិត្ត ការព្យាយាម និង​ចំណេះ​ជំនាញ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​កវី អ៊ីវ ហួត មិន​ចាញ់​ក្មេងៗ​នោះឡើយ​។ ខ្ញុំ​ក៏​កាន់តែដឹង​ច្បាស់​ថា ការស្នើសុំ​សម្ភាស​របស់ខ្ញុំ មិនបាន​រំខាន​ដល់​គាត់​នោះទេ ប៉ុន្តែ​ឱកាស​បានតែងកំណាព្យ​ជា​ឱសថ​ដ៏​ស័ក្ដិ​សិទ្ធ​ក្នុង​ថែ​ចិត្ត​កាយ​គាត់​ឲ្យ​នៅ​វ័យក្មេង​។

​កើត​នៅ​ខេត្តកំពង់ចាម​នា​ឆ្នាំ​១៩៤០ លោក អ៊ីវ ហួត ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​បារាំង ហើយ​បន្ត​ធ្វើការ​នៅ​ទីនោះ រហូតដល់​ចូលនិវត្តន៍​នា​ឆ្នាំ​២០០៥​។ លោក​ក៏​ធ្លាប់មាន​តួនាទី​ជា​អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង​ផងដែរ​។ បច្ចុប្បន្ន ព្រឹទ្ធាចារ្យ​រស់នៅ​ជាមួយ​ភរិយា​ដោយមាន​គេហដ្ឋាន​នៅ​សៀមរាប និង​បាត់ដំបង ហើយ​វិល​ទៅ​បារាំង​ម្តងម្កាល​ដើម្បី​ត្រួតពិនិត្យ​សុខភាព​។​

​ខ្ញុំ​សាកសួរ​ជា​កំណាព្យ​ទៅកាន់​ព្រឹទ្ធាចារ្យ អ៊ីវ ហួត ៤​សំណួរ ហើយ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​លោក​បាន​ឆ្លើយតប​មកវិញ​យ៉ាង​ក្បោះក្បាយ​រហូតដល់​ទៅ​ចន្លោះ​ពី​៣០​ទៅ​៥០​ល្បះ​នូវ​រាល់​សំណួរ​នីមួយៗ​។ វ័យ​៨០​ឆ្នាំ តែ​កវី អ៊ីវ ហួត បាន​ចំណាយពេល​គិត និង​ឆ្លើយតប​ជា​ពាក្យ​យ៉ាង​ល្អ​ប្រកបដោយ​គតិ​មកកាន់​ខ្ញុំ ដូច្នេះ គ្មាន​ហេតុផល​អ្វីដែល​ខ្ញុំ​ត្រូវ​កាត់កង ឬ​កែសម្រួល​នោះឡើយ​។​

​សម្រាប់​សំណួរ​ទីមួយ​នេះ កវី អ៊ីវ ហួត បាន​ឆ្លើយតប​ចំនួន​៥០​ល្បះ ទាក់ទង​នឹង​ដើមហេតុ​នៃ​ការចូល​ចិត្ត​តែង​កំណាព្យ និង​ការ​ចែកចាយ​ទៅកាន់​ប្រិយមិត្ត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​


​សំណួរ​៖ ខ្ញុំ​បាន​សង្កេត​--​មិនមែន​មួយ​ភ្លែត​--​តែ​ច្រើន​ឆ្នាំ​ហើយ
​ឃើញ​អ៊ំ​កវី​--​លកលៃ​មិន​ស្បើយ​--​សរសេរ​ឆ្លងឆ្លើយ
​កាព្យ​តាម​ហ្វេ​ស​ប៊ុ​ក​។

​ហេតុអ្វី​បែបនេះ​--​ខំប្រឹង​គិត​រិះ​--​ចារ​ពាក្យ​ទំនុក​--​ចេញ​ជា​កំណាព្យ
​ប្រាយ​ប្រាប់សុខទុក្ខ​--​ឬ​ចង់​លើកមុខ​--​អក្សរសាស្ត្រ​ជាតិ​?


​កវី អ៊ីវ ហួត​៖ ចិត្ត​ចង់​ថែ​កាយ​ឲ្យ​នៅតែមាន​សម្រស់​ដូច​កាល​វ័យក្មេង​..! (​កាកគតិ​)

១. ចូលចិត្ត​សរសេរ​--​ច្រើនដង​ម្ល៉េះ​ទេ​--​ស្ទើរតែ​រាល់ថ្ងៃ​
​ចូលរួម​សុខទុក្ខ​--​ហ្វេ​ស​ប៊ុ​ក​ប្រាស្រ័យ​--​ផ្ទឹម​ផ្ទេរ​មេត្រី
​ទ័យ Friends សាទរ​។​

២. អ្វី​ក៏មាន​ហេតុ​--​បើ​ចង់​សង្កេត​--​កើតរឿង​ជូនពរ​
​សុខភាព​កាយ​ចិត្ត​--​គំនិត​ស្និទ្ធ​ទ្រ​--​សព្វ​ទ្រព្យ​វប្បធម៌
​អង្គរ​និម្មិត​។​

៣. ខ្ញុំ​មាន​បញ្ហា​--​សុខភាព​កាយា​--​គ្រា​ណា​ល្អ​ពិត​
​ប៉ែតសិប​ពេញ​ហើយ​--​នៅឡើយ​គំនិត​--​ព្រមទាំង​ទឹកចិត្ត
​គិតថា​ខ្លួន​ចាស់​។​

៤. តើ​ធ្វើ​ម្តេចទៅ​--​ចង់​ដើរគេច​ផ្លូវ​--​ត្រូវ​ម្តុំ​ចំណាស់​
​ទោះ​វ័យ​កើន​មែន​--​កេណ្ឌ​ចិត្ត​ដេរដាស​--​ចង់តែ​ប្រកាស
​យុទ្ធសាស្ត្រ​នៅ​ក្មេង​។​

៥. ថែ​បាន​ខ្លះ​ដែរ​--​ចំណង់​ដង្ហែ​--​ក្បែរ​ចិត្ត​ស្និទ្ធ​ភ្លេង​
​តន្ត្រី​កំណាព្យ​--​ឆាប​ចិត្ត​គេឯង​--​បើ​ប៉ិន​តុបតែង
​ចារចែង​បែង​សារ​។​

៦. ពេល​តែង​ពីរោះ​--​ក្នុង​ចិត្ត​ពិគ្រោះ​--​ស្មោះសរ​ច្រើនសារ​
​រៀប​ពាក្យ​បានល្អ​--​បង្ក​ចេតនា​--​ផ្ចិតផ្ចង់​រចនា
​អារម្មណ៍​រីករាយ​។​

៧. សង្កេតឃើញ​ទៀត​--​កាល​ខ្លះ​ឆ្លាស់​ឆ្លៀត​--​វាត​វង្ស​និយាយ​
​ចិញ្ចឹម​សង្ឃឹម​--​ញញឹម​ពព្រាយ​--​ក្នុង​ចិត្ត​សប្បាយ
​សាយ​ដល់​អ្នកអាន​។​

៨. តែ​វ័យ​នៅ​នឹង​--​រាំងផ្លូវ​ត្រូវទ្រឹង​--​ថ្លឹង​ក្នុង​សន្តាន​
​ចិត្ត​គិត​ទ្រទ្រង់​--​ចំណង់​អំ​ណាន​--​បម្រុង​ក្នុង​ប្រាណ
​សុខសាន្ត​បានដែរ​។​

៩. សៀវភៅ​ជួយ​គ្រាន់​--​អាន​ពុំ​ធុញទ្រាន់​--​គន់​ហេតុផល​..​ថែ​
​វប្បធម៌​ទូទៅ​--​បើកផ្លូវ​នៅក្បែរ​--​ព្រឹត្តិការណ៍​ហូរហែ
​មន្ត​ស្នេហ៍​សាវតារ​។​

១០.​សប្បាយចិត្ត​ណាស់​--​ព្រោះ​ចង់ដឹង​ច្បាស់​--​យុទ្ធសាស្ត្រ​ខេមរា​
​មូលហេតុ​អ្វីខ្លះ​--​ដេរដាស​ខ្លាំងក្លា​--​ជាតិខ្មែរ​ស្ថាបនា​
 '​មហានគរ​'​។​

១១. រឿង​ពុំ​តូចតាច​--​ត្រូវតែ​អង់អាច​--​មិន​ខ្លាច​បន្ត​
​តាមដាន​បាន​ខ្លាំង​--​សម្រាំង​បង្ក​--​អាន​ច្រើន​ស្មោះសរ
​ប្រវត្តិសាស្ត្រ​លោក​។​

១២. ឆ្ងល់​ក្នុង​ចិត្ត​ណាស់​--​ហេតុអ្វី​ប្តូរផ្លាស់​--​ប្រវាស់​ឆ្លាស់​ភោគ​
​ជាតិខ្មែរ​ធ្លាប់​ខ្លាំង​--​ទាំង​សង់​គរគោក​--​ចក្រភព​ជ័យ​ជោគ
​បូក​បាន​អរិយ​។​

១៣. ងឿងឆ្ងល់​បន្ត​--​ចង់​ស្គាល់​អង្គរ​--​ភព​ទ្រ​និស្ស័យ​
​មិន​ឃើញតែ​ថ្ម​--​ប្រាង្គ​ឈរ​ឥត​ស្តី​--​និទានរឿង​អ្វី
​ប្រាប់​ន័យ​ឲ្យ​ដឹង​។​

១៤. ពេល​ឃើញ​ទេសចរ​--​បរទេស​មាន​ក្រ​--​សរសើរ​សម្លឹង​
​មកពី​ជើងមេឃ​--​ក្រឡេក​ជញ្ជឹង​--​នាំអាទិ៍​ស្មា​ធ​ស្មឹង
​សឹង​ស្គាល់​សួគ៌​សារ​។​

១៥. ចង់​យល់​ឆ្ងល់​ឆ្ងាយ​--​ប្រៀបធៀប​អន្លាយ​--​នាយអាយ​សាវតារ​
​រ៉ូម​.​ចិន​.​ឥណ្ឌា​-- ទារ​តាម​សិក្សា​--​ចក្រភព​ខេមរា
​ចារ​ប្រវត្តិ​ជ័យ​។​

១៦. រឿង​កើត​.​ចាស់​.​ស្លាប់​--​ហូរហែ​លំដាប់​--​ជា​ច្បាប់​លោកិយ​
​មូលហេតុ​ថ្កុំថ្កើង​--​ខ្ពស់​ឡើងលើ​ដី​--​ចុះ​ទាប​សា​ថ្មី
​លៃ​រកហេតុ​រៀន​។​

១៧. មិន​មានតែ​ខ្មែរ​--​ចិន​.​ឥណ្ឌា​ដែរ​-- រ៉ូម​..​ថែ​និទាន​
​កាលៈទេសៈ​--​ប្រទាក់​ជាយា​ន​--​វិទ្យាសាស្ត្រ​ឈាន
​គ្មានអ្វី​ទប់​ជាប់​។​

១៨. តាមដាន​សិក្សា​--​យុទ្ធសាស្ត្រ​ច្បាស់​ច្បារ​--​ហេតុការណ៍​ផ្សាភ្ជាប់​
​អាណាចក្រ​ថ្មី​-- '​ប្រល័យ​'​លៃ​រាប់​--​ប្រើ​ជា​ទម្លាប់
​រាប់ទាំង​សៀម​.​យួន​។​

១៩. មូលហេតុ​ក្រៅ​ក្នុង​--​បន្ទុំ​បម្រុង​--​ត្រូវ​ប្រុង​ខ្ជាប់ខ្ជួន​
​រៀន​ហើយ​បង្រៀន​--​ឲ្យ​មាន​ជា​ក្បួន​--​រៀបចំ​មាំមួន
​ស្ងួន​ធនធានមនុស្ស​។​

២០. ចំណេះ​គ្រប់គ្នា​--​វប្បធម៌​ធានា​--​ជា​គ្រឹៈប​ណ្តុះ​
​ធនធាន​បញ្ញា​--​ស្ថាបនា​ចម្រុះ​--​ឃើញ​អង្គរ​ផុស
​ដុះដាល​ក្នុង​ចិត្ត​។​

២១. សាវតារ​វគ្គ​ថ្មី​--​អឺ​រុ​ប​នាំ​ន័យ​--​ជ័យ​ពេញ​លោក​ពិត​
​បារាំង​មកដល់​--​តម្កល់​ជីវិត​--​ជាតិខ្មែរ​ថែ​ឫទ្ធ
​ឥត​ភ្លេច​អង្គរ​។​

២២. សម័យ​នេះដែរ​--​ទឹកដី​ស្រុក​ខ្មែរ​--​រួម​ថែ​ស្មោះសរ​
​ធនធាន​បញ្ញា​--​ខ្លាំង​ក្លាបង្ក​--​គ្រោង​យុទ្ធសាស្ត្រ​ល្អ
​នគរ​រស់រាន​។​

២៣. ជាតិ​ត្រូវតែ​រស់​--​ខ្មែរ​រួម​ពិគ្រោះ​--​ដោះស្រាយ​អាយ​ឈាន​
​កសាង​សីមា​--​ខ្លាំងក្លា​ជា​ស្ពាន​--​អង្គរ​និទាន
​ធនធាន​បញ្ញា​។​

២៤. ចេះ​ឆ្ងល់​ចេះ​គិត​--​សិក្សា​ពិនិត្យ​--​ស្និទ្ធ​ហេតុផល​ស្តារ​
​ខ្មែរ​ពង្ស​អង្គរ​--​សាទរ​សាវតារ​--​រចនា​ស្ថាបនា
​អនាគតជាតិ​។​

២៥. ជា​តម្រូវការ​--​ជាតិ​មាន​សង្ខារ​--​សាទរ​ណាស់​ញាតិ​
​ចេះដឹង​ថ្លឹងថ្លែង​--​ស្វះស្វែង​បែង​វាត​--​ចេះ​គិត​ឥត​ឃ្លាត
​ឆ្លៀត​រស់ក្នុង​លោក​។​

២៦. រស់​ជា​ពង្ស​ខ្មែរ​--​គិតគូរ​ពូកែ​--​ហេតុតែ​ចែវ​ចូក​
​មូលហេតុ​ជាតិ​ខ្លាំង​--​សម្រាំង​គុណ​បូក​--​អង្គរជ័យ​ជោគ
​ជា​ស្នូក​វាសនា​។​

២៧. លើ​លាន​អាស៊ាន​--​ជាតិខ្មែរ​ជា​ស្ពាន​--​ឈានដល់​លោកា​
​នឹង​ចិន​.​ឥណ្ឌា​--​គ្រប់​គ្រា​ពិចារណ៍​--​អា​មេ​រិ​កា
​អាស៊ី​.​អឺ​រុ​ប​។​

២៨. កោសល្យ​សង់​សាង​--​ប្រាសាទ​ត្រដាង​--'​អាងទឹក​'​បង្គ្រប់​
'​ប្រព័ន្ធ​ទឹក​'​ថ្លា​--​ខេមរា​បាន​ជប​--​ចេញពី​ទិស​គ្រប់
​សរុប​គ្រប់គ្រង​។​

២៩. កសាង​អង្គរ​--​បំផុស​វិញ​ល្អ​--​បន្ត​សាសង​
​ជា​ទិសដៅ​ធំ​--​សម្រាប់​លោក​ផង​--​ទេសចរណ៍​លោក​ក្រង
​បំណង​ជាតិខ្មែរ​។​

៣០. ចេះ​គិត​គ្រប់គ្នា​--​នេះ​ជា​វិជ្ជា​--​ធានា​ហូរហែ​
​ពេល​មាន​បញ្ហា​--​ដោះសារ​បកប្រែ​--​ឲ្យ​ជាតិ​ពូកែ
​ត្រឹមតែ​សុខសាន្ត​។​

៣១. ជា​ភារកិច្ច​--​ត្រូវ​គិត​ជានិច្ច​--​កុំ​គេច​..​ត្រូវ​ហ៊ាន​
​ជា​អាទិភាព​--​សូមជ្រាប​គ្រប់​ប្រាណ​--​ស្ថាបនា​ឲ្យ​បាន
​ចំណាន​ខេមរា​។​

៣២. គិត​ជា​កវី​--​បើ​ពុំគប្បី​--​ប្រណី​ផង​ណា៎​
​ហេតុ​ចង់​នៅ​ក្មេង​--​ពុំ​ក្រែង​វាចា​--​ជា​ក្បាច់រចនា
​ចារ​ល្បះ​'​ល្បែង​ពាក្យ​'​។​

៣៣. ពិតណាស់​ច្បាស់​ផង​--​សរសេរ​សាសង​--​ជួន​ល្បង​ពុះ​ច្រៀក​
​អារម្មណ៍​សប្បាយ​--​រីករាយ​បង្កៀ​ក​--​ចេញ​ជា​វិភាគ
​ងាក​ផ្ទេរ​មេត្រី​។​

៣៤. ចំណែក​ខ្ញុំបាទ​--​ស្មារតី​សង្វាត​--​នាំអាទិ៍​លកលៃ​
​តែង​ល្បះ​ឆ្លាស់​ឆ្លង​--​ណែងណង​ក្រង​ន័យ​--​កាព្យ​ឃ្លោង​យោង​ទ័យ
​ស្រមៃ​វ័យ​ស្រាល​។​

៣៥. ភ្លេច​ថា​ខ្លួន​ប៉ែត​--​មិនមែន​កូនង៉ែត​--​អណ្តែត​កណ្តាល​
​វ័យ​លាស់​លឿន​គ្រាន់​--​ភាន់​តិច​បណ្តាល​--​ទ័យ​តែង​ត្រកាល
​ជា​ថ្នាល​គំនិត​។​

៣៦. សរសេរ​សប្បាយ​--​ភ្លេច​អស់​ទុក្ខ​កាយ​--​មិន​ណាយ​ក្នុង​ចិត្ត​
​គ្មាន​ពេល​អផ្សុក​--​ទ័យ​សុខ​រក​គិត​--​រឿង​ច្នៃប្រឌិត
​មាន​ឫទ្ធ​រចនា​។​

៣៧. គិត​ជា​វិជ្ជមាន​--​រឿង​ស្មុ​គ្រ​មិន​ហ៊ាន​--​និទាន​ពិស្តារ​
​វិភាគ​រាក់​ជ្រៅ​--​ជ្រើស​ផ្លូវ​ពិចារណ៍​--​ចៀស​ពាក្យ​ហឹ​ង្សា
​កាយា​ចារ​ស្ងប់​។​

៣៨. ចង់​សរសេរ​ទៀត​--​ប្រើ​ទ័យ​លៃ​ឆ្លៀត​--​វាត​វង្ស​អាន​ចប់​
​សៀវភៅ​មិន​ក្រាស់​--​ឆ្លាស់​ឆ្លង​កំណប់​--​ភាព​ប៉ិនប្រសប់
​មិន​ស្អប់​ចិត្ត​ខំ​។​

៣៩. លទ្ធផល​យល់​ស្តែង​--​ក្រោយ​គ្រា​បាន​តែង​--​រមែង​សន្សំ​
​ទឹកចិត្ត​រីករាយ​--​នាយអាយ​មក​ជុំ​--​អារម្មណ៍​ថា​ខ្ញុំ
​ពុំ​ចាស់​ពេក​ទេ​។​

៤០. រកឃើញ​គន្លឹះ​--​យុទ្ធសាស្ត្រ​ជ្រើសរើស​--​ពុំ​ទើស​សំណេរ​
​សរសេរ​បាន​ញឹក​--​ប៉ិន​ថ្នឹក​ដូច​គេ​--​ចេះ​ក្បួន​រិះរេ
​សរសេរ​មិន​ដាច់​។​

៤១. ត្រូវ​រកឃើញ​ក្បួន​--​តែង​បាន​ជាប់​ចួន​--​សមសួន​ក្បូរក្បាច់​
'​ល្បែង​ពាក្យ​'​ផ្សំផ្គុំ​--​សន្សំ​សម្រេច​--​សាកល្បង​ត្រូវ​ម៉ាច់
​មិនបាច់​ពិបាក​។​

៤២. '​ល្បែង​ពាក្យ​'​ជួយ​ណាស់​--​រៀប​ពេចន៍​លេច​ច្បាស់​--​ដេរដាស​ពុំ​ផ្អាក​
​ពាក្យរ​ត់រក​ពាក្យ​--​បង្កៀ​ក​ក្រោយ​សាក​--​សន្សំ​សំណាក
​រក្សា​សំណេរ​។​

៤៣. កា​ព្យា​ខេមរា​--​កាលណា​រចនា​--​សាសង​រិះរេ​
​កាព្យ​ខ្មែរ​ពីរោះ​-- ជា​យស​គ្រប់​ស្មេរ​--​អ្នកអាន​គន់​គ្នេរ
​ផ្ទេរ​ភ័ព្វ​វប្បធម៌​។​

៤៤. '​ល្បែង​ពាក្យ​'​ជួយ​ខ្ញុំ​--​ចារ​ពុំ​បាច់​ខំ​--​សន្សំ​បន្ត​
​ជាប់​ចួន​ហូរហែ​--​មន្ត​ស្នេហ៍​ថែ​ល្អ​--​ន័យ​រត់តាម​..​ត
​ជួន​ក៏​កៀក​កៀន​។​

៤៥. '​ល្បែង​ពាក្យ​'​រាប់រៀប​--​ជា​អាទិភាព​--​ជម្រាប​និទាន​
​យកតែ​ពីរោះ​--​ពិ​គ្រោះជា​ស្មៀន​--​កែ​ជា​ជំហាន
​ច្រើន​មាន​សិរី​។​

៤៦. ពេល​តែង​ញឹក​បាន​--​អារម្មណ៍​សុខសាន្ត​--​ស្មានថា​ខ្ចី​វ័យ​
​នៅតាម​ហ្វេ​ស​ប៊ុ​ក​--​មានមុខមាត់​ថ្មី​--Friends ច្រើន​ប្រុស​ស្រី
​សម្តី​សរសើរ​។​

៤៧. ស៊ី​ជោរ​មិនតិច​--​ខ្ញុំ​ខំ​ជានិច្ច​--​មិន​ភ្លេច​បង្ហើរ​
​ចារ​ពុំ​បង្អង់​--​បង្ហោះ​ច្រើន​តើ​--​រាល់ថ្ងៃ​លៃ​ស្នើ
​ណឺរ៉ូន​ដើរ​ដែរ​។​

៤៨. មិន​រស់​ចាំ​ស្លាប់​--​បន្ត​ប្រញាប់​--​ចាប់ចិត្ត​ស្និទ្ធស្នេហ៍​
​ញញឹម​ពព្រាយ​--​អាយ​កំណាព្យ​ខ្មែរ​--​សប្បាយ​ត្រាយ​កែ
​រឹតតែ​ពីរោះ​។​

៤៩. ខ្សត់​រឿង​តែង​ស្អាត​--​ទស្សនា​ប្រាសាទ​--​នាំអាទិ៍​ចិត្ត​ស្មោះ​
​ឧ​ត្ត​ម​ភរិយា​--​គ្រប់​គ្រា​អា​លោះ​--​រួម​តែង​ពិគ្រោះ
​ព្រោះ​ចង់​តែង​ល្អ​។​

៥០. ចិត្ត​ចង់​នៅ​ក្មេង​--​ជួនកាល​វង្វេង​--​ឈ្វេងយល់​បន្ត​
​តើ​ចប់​ពេលណា​--​សង្ខារ​សាទរ​--​នៅ​ត្រៀម​ត្រេកអរ
​ទទួល​ពេញ​ទ័យ​៕


អត្ថបទទាក់ទង


Tag:
 កវី អ៊ីវ ហួត
© រក្សាសិទ្ធិដោយ thmeythmey.com