ក្រសួងអប់រំ នឹងស្នើសុំនាយករដ្ឋមន្រ្តី បើកសាលារៀនវិញ ក្នុងដំណាក់កាលទី១ នៅខែសីហា
COVID-19
ជាតិ
សង្គមជាតិ
ក្រសួងអប់រំ នឹងស្នើសុំនាយករដ្ឋមន្រ្តី បើកសាលារៀនវិញ ក្នុងដំណាក់កាលទី១ នៅខែសីហា
09, Jul 2020 , 10:25 am        
រូបភាព
ក្រសួងអប់រំ យុវជន និង កីឡា នឹងស្នើសុំការសម្រេចពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដំណើរការសាកល្បងដំណាក់កាលទី១ នៃការបើកសាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ដែលបានផ្តល់ព័ត៌មាននេះ មកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។



យ៉ាងណា លោក រស់ សុវាចា មិនបានបញ្ជាក់ថា ក្រសួងអប់រំ នឹងដាក់សំណើនេះ ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី នៅពេលណានោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទបន្ថែមថា ក្រសួងអប់រំ នឹងជូនព័ត៌មានតាមក្រោយទៀត នៅពេលណាទទួលបានការឆ្លើយតបពីសម្តេចនាយករដ្ឋមន្រ្តី។  

លោក អះអាងថា ក្រសួងអប់រំ បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។

លោក បន្តថា យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ នឹងស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលនូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១។

វិធានទាំងនោះ មានដូចជា៖

គ្រឹះស្ថានសិក្សា ត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក ដូចជា ការអនុវត្តលក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ និង ការពាក់ម៉ាស ជាដើម។

គ្រឹះស្ថានសិក្សា ត្រូវអនុវត្តការអប់រំតាមគន្លងថ្មី គឺរៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។

គ្រឹះស្ថានសិក្សា ត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។

គ្រឹះស្ថានសិក្សា ត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។ ក្រសួងអប់រំ នឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តរបស់គ្រឹះស្ថានសិក្សា។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ដូច្នេះថា៖«ផ្អែកតាមបទពិសាធ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ អាចកំណត់បាននូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣»។

បើតាមអ្នកនាំពាក្យដដែល ការបើកសាលារៀនទាំងអស់ឡើងវិញ ត្រូវបានក្រសួងអប់រំ បែងចែកជា៣ដំណាក់កាល គឺ ដំណាក់កាលទី១ សាលារៀន មានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀន មានស្តង់ដាមធ្យម និង ដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។ 

មកដល់ពេលនេះ វា មានរយៈពេលជិត៤ខែហើយ ដែលក្រសួងអប់រំ បានបិទសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕
 

Tag:
 បើកសាលា
© រក្សាសិទ្ធិដោយ thmeythmey.com