COVID-19
អន្តរជាតិ
លោក ចាស្ទីន ទ្រូដូ ថា កាណាដាទប់ទល់ COVID-19 ប្រសើរជាងអាមេរិក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទ្រីន ទ្រូដូ ។ រូបភាព Reuters
× កាណាដា ទប់ស្កាត់ការរាលដាល COVID-19 ប្រសើរជាងប្រទេសសម្ព័ន្ធមិត្តខ្លួនជាច្រើនរួមទាំងអាមេរិកផងដែរ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បញ្ជាក់បែបនេះ នៅថ្ងៃទី ៨ ខែកក្កដា ដែលជាការនិយាយត្រង់ៗដ៏កម្រមួយទៅកាន់អាមេរិក។
មកទល់ពេលនេះ កាណាដា ដែលមានប្រជាជនតិចជាងអាមេរិក១០ដង រកឃើញករណីឆ្លង COVID-19 សរុប ១០៦ ១៦៧ករណី និងស្លាប់ ៨៧១១នាក់។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និយាយថា ស្ថានភាពនេះកំពុងមានស្ថិរភាព បើទោះបីជាកន្លែងផ្ទុះរាលដាលខ្លាំងខ្លះ នៅតែមាន។
ផ្ទុយទៅវិញ អាមេរិក បានរកឃើញករណីឆ្លងលើស៣លានករណីហើយ និងអ្នកស្លាប់ ១៣១ ០០០នាក់។ អាជ្ញាធរអាមេរិកបានរាយការណ៍ពីការករណីឆ្លងហក់ឡើងខ្ពស់ដល់កម្រិតអាសន្នក្នុងរដ្ឋជាច្រើនក្នុងរយៈពេលជាង២សប្ដាហ៍ចុងក្រោយមកនេះ។
ថ្លែងក្នុងសន្និសីទព័ត៌មានមួយ នាយករដ្ឋមន្ត្រី ទ្រូដូ បញ្ជាក់ដូច្នេះថា៖«យើងអាចគ្រប់គ្រងវីរុសនេះប្រសើរជាងប្រទេសសម្ព័ន្ធមិត្តជាច្រើន ជាពិសេស រួមទាំង ប្រទេសជិតខាងយើង ផងដែរ»។ លោកបន្តថា នេះនឹងជួយដល់កិច្ចប្រឹងប្រែងដើម្បីបើកសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាកងារព័ត៌មាន Reuters ។
ចាប់តាំងពីខែមីនា កាណាដា និងសហរដ្ឋអាមេរិក បានហាមឃាត់ការធ្វើដំណើរដែលមិនចាំបាច់រវាងប្រទេសទាំងពីរ ហើយកំពុងពិភាក្សាថា តើគួរពន្យារពេលបម្រាមនេះបន្ត ឬយ៉ាងណា នៅពេលអស់សុពលភាព នាថ្ងៃទី២១ ខែកក្កដា ខាងមុខ។ ក្នុងការស្ទង់មតិមួយនៅសប្តាហ៍នេះ ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន The Guardian ប្រជាជនកាណាដាជាង៨០ភាគរយ បាននិយាយថា ច្រកព្រំដែនជាមួយអាមេរិក គួរបន្តបិទសម្រាប់អ្នកដំណើរ។
ថ្លែងក្នុងសន្និសីទដាច់ដោយឡែកមួយ អនុប្រធានផ្នែកសុខភាពសាធារណៈកាណាដា លោក Howard Njoo និយាយថា ការរាលដាល COVID-19 គឺស្ថិតក្រោមការគ្រប់គ្រងមួយផ្នែកធំ តែលោកសង្កត់ធ្ងន់ថា វិធានការទប់ស្កាត់ដូចជា ការធ្វើចត្តាឡីស័ក និងតាមរក នឹងនៅតែមានសារសំខាន់។ លោកថា៖«ប្រសិនបើយើងបន្ធូរបន្ថយច្រើន ឬលឿនពេក ជំងឺរាតត្បាតនេះ នឹងផ្ទុះឡើងវិញជាថ្មី»។
ទោះបីជាទំនាក់ទំនងរបស់លោក ទ្រូដូ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានលក្ខណៈល្អក្នុងពេលជាង១៨ខែកន្លងទៅនេះ ប្រមុខរដ្ឋាភិបាលក្រុងអូតាវ៉ារូបនេះបានសម្រេចមិនចូលរួមកិច្ចប្រជុំពាណិជ្ជកម្មមួយជាមួយលោក ត្រាំ កាលពីថ្ងៃទី៨ ខែកក្កដា ។ លោក ទ្រូដូ បន្តលើកកង្វល់ពាក់ព័ន្ធលទ្ធភាពដាក់ពន្ធរបស់អាមេរិកលើការនាំចេញអាលុយមីញ៉ូមកាណាដាផងដែរ៕
Tag:
កាណាដា
សហរដ្ឋអាមេរិក
ចាស្ទីន ទ្រូដូ
© រក្សាសិទ្ធិដោយ thmeythmey.com