ភ្នំពេញ៖ ២០ឆ្នាំមុន ពលរដ្ឋខ្មែរពិសាកាហ្វេតាមតៀមកាហ្វេបែបបុរាណគ្មានម៉ាស៊ីនត្រជាក់ ដោយទស្សនាទូរទស្សន៍។ តែបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរចាប់ផ្តើមពិសាកាហ្វេក្នុងហាងទំនើបបំពាក់ម៉ាស៊ីនត្រជាក់ និងWi-Fi ជជែកគ្នាពីជំនួញ ឬធ្វើការងារផ្ទាល់ខ្លួនជាមួយកុំព្យូទ័រ។ តៀមកាហ្វេនៅបន្តជីវិតរបស់ខ្លួនខ្លះដែរនៅកណ្តាលទីក្រុងភ្នំពេញដែលពោពេញទៅដោយសំឡេងចរាចរណ៍ និងសំឡេងនៃការសាងសង់សំណង់នានា។ តែងាកមកមើលហាងកាហ្វេទំនើបបែបថ្មី វាបាន និងកំពុងវាយលុកទីផ្សារកម្ពុជាយ៉ាងគំហុក។ បើគិតតាមលក្ខណៈសេដ្ឋកិច្ច តើវាជាសញ្ញាល្អសម្រាប់ភ្នំពេញ ឬផ្ទុយទៅវិញ វាមិនមែនជាសញ្ញាល្អនោះទេ?
ទិដ្ឋភាពអាជីវកម្មកាហ្វេនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រែប្រួលពីតៀមកាហ្វេបែបបុរាណ មកហាងកាហ្វេគ្មានម៉ាស៊ីនត្រជាក់ពាក់កណ្តាលទំនើប និងចុងក្រោយបំផុតនេះ ក្លាយមកជាហាងកាហ្វេទំនើបម៉ាស៊ីនត្រជាក់បំពាក់Wi-Fi បច្ចេកវិទ្យាទំនើប។
បច្ចុប្បន្ន ការពិសាកាហ្វេ ក្លាយទៅជាម៉ូតនៃរបៀបរស់នៅបែបសម័យថ្មីមួយរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជាធានីស៊ីវិល័យ«ភ្នំពេញ»។ Starbuck, Brown, Amazon…ទាំងអស់នេះ គឺសុទ្ធតែជាម៉ាកកាហ្វេក្នុងស្រុក និងក្រៅប្រទេសដែលល្បីៗ ហើយកំពុងមានវត្តមាន និងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅក្នុងរាជធានីភ្នំពេញ។
មិនមែនមានវត្តមានតែហាងល្បីៗខាងលើនេះប៉ុណ្ណោះទេ។ តែហាងកាហ្វេដទៃទៀត មានទាំងម៉ាកថ្មី និងចាស់ជាច្រើនរាប់មិនអស់ផ្សេងទៀត បានបើកបន្តកន្ទុយគ្នានៅក្នុងរាជធានីភ្នំពេញ, ទីដែលមានពលរដ្ឋរស់នៅប្រមាណជាជាង២លាននាក់។
នៅក្នុងទីក្រុងដែលទើបចាប់ផ្តើមបង្ហាញមុខមាត់ថ្មីនៅក្នុងអាស៊ាន និងពិភពលោក អគារខ្ពស់ៗដុះឡើងបង្អួតគ្នាទៅវិញទៅមក ហាងទំនើបគ្រប់ប្រភេទបើកទ្វាររហូតដល់ព្រលប់ រថយន្តទំនើបបង្ហាញសម្ផស្សលើដងផ្លូវ ពលរដ្ឋផ្លាស់ប្តូររបៀបរស់នៅ-របៀបគិត ពេលនោះការចំណាយក៏មានការកើនឡើងជាលំដាប់។ ក្រៅពីហេតុផលផ្សេងៗ ភាពទាន់សម័យដែលពលរដ្ឋកំពុងចាប់យកនៅពេលនេះ បានផ្តល់ប្រយោជន៍ជាច្រើនដល់ជំនួញកាហ្វេ និងជំនួញដទៃទៀត។ វត្តមានសេវាកម្មកាហេ្វ ត្រូវបានគេមើលឃើញនៅគ្រប់ទីកន្លែងនៃរាជធានីភ្នំពេញ ទោះបីនៅតាមច្រកល្ហកតូចតាចក៏ដោយក្តី។ ដោយសារតែវត្តមានដ៏ច្រើនលើសលប់ពេកនេះ ភ្នំពេញត្រូវបានអ្នកខ្លះហៅថាជា«ទីក្រុងកាហ្វេ»។
តើហេតុអ្វីបានអ្នកជំនួញបោះទុនខ្លាំងទៅលើជំនួញកាហ្វេ? ហើយថា តើហេតុអ្វីបានជាពលរដ្ឋនាំគ្នាពិសាកាហ្វេកាន់តែច្រើន?
ចំពោះសំណួរទី១, អ្នកជំនួញបានគិតថា កម្រិតជីវភាពរបស់ពលរដ្ឋកើនឡើង ឬប្រសើរឡើង, របៀបរស់នៅរបស់ពលរដ្ឋមានការផ្លាស់ប្តូរ ដូច្នេះ វាជាឱកាសល្អក្នុងការវិនិយោគលើវិស័យនេះ។ ម្យ៉ាងទៀត សម្រាប់អ្នកជំនួញខ្លះ ពួកគេគិតថា ជំនួញកាហ្វេ គឺជាជំនួញមួយមិនសូវលំបាក តែអាចរកប្រាក់ចំណូលបានច្រើន។ ដោយសារតែទស្សនៈនេះ ទើបមានពាក្យនិយាយបែបកំប្លែងលេងថា ជំនួញកាហ្វេ គឺជាជំនួញ«ចាក់ទឹកយកលុយ»។ តែបើផ្អែកលើស្ថានភាពជាក់ស្តែងវិញ វាមិនដូច្នោះទេ។ តាមពិត ជំនួញកាហ្វេ គឺជាជំនួញមួយដែលលំបាកដូចជំនួញដទៃទៀតដែរ។
សួរថា តើហេតុអ្វីបានជាពលរដ្ឋនាំគ្នាពិសាកាហ្វេកាន់តែច្រើន?
វាជារឿងលំបាកដែលរកហេតុផលឲ្យឃើញថា ហេតុអ្វីបានជាពលរដ្ឋនាំគ្នាពិសាកាហ្វេកាន់តែច្រើននោះ។ សូមរម្លឹកបន្តិចថា កាលពីដើមឡើយ ពោលគឺកាលពី២០ ឬ៣០ឆ្នាំមុន គេសង្កេតឃើញមានតែមនុស្សចាស់ៗប៉ុណ្ណោះដែលចូលចិត្តពិសាកាហ្វេ។ តែពេលនេះ សូម្បីតែក្មេងៗ ឬយុវជនក៏ចាប់ផ្តើមពិសាកាហ្វេដែរ។ ចម្លើយទៅនឹងសំណួរនេះ គេអាចឆ្លើយបានថា វាគឺជានិន្នាការសង្គម ដែលពលរដ្ឋមើលឃើញគ្នា ហើយធ្វើតាមគ្នា ដោយគិតថា ការពិសាកាហ្វេ គឺជារបៀបរស់នៅបែបទាន់សម័យ។ នេះ គឺជារឿងម្យ៉ាង។ ម្យ៉ាងទៀត ហាងកាហ្វេទំនើបបំពាក់ម៉ាស៊ីនត្រជាក់, បំពាក់ Wi-Fi អនុញ្ញាតឲ្យអតិថិជនជួបជុំជំនំគ្នា អតិថិជនអាចពិភាក្សាគ្នាពីរឿងផ្សេងៗ ដូច្នេះ បន្តិចម្តងៗ ហាងកាហ្វេទាក់ទាញពលរដ្ឋឲ្យញៀនកាហ្វេបានដែរ។
ហេតុផលមួយទៀត ជីវភាពពលរដ្ឋប្រសើរក៏ជាម៉ាស៊ីនជំរុញឲ្យពលរដ្ឋចង់សាកល្បងអ្វីដែលថ្មី ប្លែក ទំនើប និងទាន់សម័យដែរ។
តើវត្តមានហាងកាហ្វេកាន់តែច្រើន គឺជាសញ្ញាល្អ ឬអាក្រក់?
ផ្អែកលើលក្ខណៈសេដ្ឋកិច្ច វាគឺជាសញ្ញានៃកំណើនសេដ្ឋកិច្ច។ វត្តមានហាងកាន់តែច្រើន បង្ហាញថា សេដ្ឋកិច្ចនៃទីក្រុងមួយនេះកំពុងធ្វើដំណើរទៅមុខ។ ពលរដ្ឋមានប្រាក់ចាយ ទើបកាហ្វេលក់ដាច់។ វត្តមានហាងកាហ្វេកាន់តែច្រើនជំរុញឲ្យមានសេវាកាន់តែល្អ ជំរុញឲ្យតម្លៃកាន់តែប្រកួតប្រជែង។ ម្យ៉ាងទៀត វត្តមានហាងកាហ្វេទំនើបកាន់តែច្រើនក៏ជាការលើកមុខមាត់កិត្តិយសទីក្រុងភ្នំពេញដែរ ហើយវត្តមាននេះ ក៏ជាសេវាទាក់ទាញអ្នកទេសចរក្នុងស្រុក និងក្រៅប្រទេសផងដែរ។
ចំណុចអវិជ្ជមានមានមែន។ តែហានិភ័យនៃការដួលបះជើងទៅវិញក៏មានច្រើនដែរ ដោយសារតែការបើកប្រជែងគ្នាច្រើនជ្រុលពេក។ ផ្អែកលើគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី គ្មានឡើយការរឹតត្បិតចំនួនហាងកាហ្វេនៅក្នុងទីក្រុងភ្នំពេញ។
ដោយពិនិត្យលើស្ថានភាពជាក់ស្តែងនៅពេលនេះ អ្នកជំនួញផ្នែកសេវាកម្មកាហ្វេខ្លះទើបសម្រេចចិត្តបើកថ្មី អ្នកជំនួញកាហ្វេខ្លះទៀតកំពុងទទួលជោគជ័យ តែអ្នកជំនួញកាហ្វេខ្លះ ផ្សេងទៀត កំពុងក្ស័យធន និងប្រកាសដួលបះជើងតែម្តង។ មេរោគ កូវីដ១៩ ក៏ដាក់សម្ពាធឲ្យហាងកាហ្វេមួយចំនួនបើកទ្វារហើយ បិទទៅវិញដែរ៕